ជាតិ
សង្គមជាតិ
ជនមានពិការភាពជាង ៣ ៧០០នាក់ បានចូលបម្រើការងាររដ្ឋ ក្នុងឆ្នាំ២០២២
03, Dec 2022 , 3:59 pm        
រូបភាព
ដោយ:
បច្ចុប្បន្ន ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន។ សម្រាប់ឆ្នាំ២០២២នេះ ជនមានពិការភាពបានចូលបម្រើការងារក្នុងស្ថាប័នសាធារណៈចំនួន ៣ ៧៤៨នាក់។ ចំនួននេះ គឺមានកំណើនប្រមាណ២ភាគរយ បើធៀបនឹងឆ្នាំ២០២១។​
 
រដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យ ដោយធ្វើយ៉ាងណាឱ្យជនមានពិការភាព និងក្រុមគ្រួសារ មានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ដែលមានការគោរពសិទ្ធ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំង ការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ។ នាឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ សម្តេច ហ៊ុន សែន បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងយន្តការសម្របសម្រួល ទប់ស្កាត់ដល់ការរើសអើង ការប្រមាថ និងមាក់ងាយលើជនមានពិការភាព ។
 
សម្តេច បានរៀបរាប់ក្នុងសារលិខិតរបស់សម្តេចដើម្បីចូលរួមប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ នៅថ្ងៃទី៣ធ្នូថា​ ក្នុងឆ្នាំ២០២២នេះ គឺជនមានពិការចំនួន៣ ៧៤៨នាក់ (ស្រី៨៦២នាក់) បានចូលបម្រើការងាររដ្ឋចំនួន៣៧ក្រសួង-ស្ថាប័ន។ បើតាមប្រមុខរដ្ឋាភិបាលនៅក្នុងនោះ គឺមានជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ២៦០នាក់។
 
ដោយឡែក ក្នុងវិស័យឯកជនគឺមានជនមានពិការភាពចំនួន ៥ ៨៣៩នាក់ ដែលបានបម្រើការងារនៅតាមធានាគា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រជាដើម ចំនួន២៩១ស្ថាប័ន។ មកទល់បច្ចុប្បន្ន កម្ពុជាមានជនមានពិការភាព សរុប ៩ ៥៨៧នាក់ បានចូលបម្រើការងារទៅតាមជំនាញរៀងៗខ្លួនក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន។​
 
ដើម្បីរលើកកម្ពស់ជនមានពិការភាពនៅកម្ពុជា​ សម្តេច ហ៊ុន សែន បានជំរុញឱ្យគ្រប់ស្ថាប័នទាំងអស់ត្រូវលើកទឹកចិត្តជនមានពិការ ក្នុងការបំពេញតួនាទីប្រកបដោយមានទំនួលខុសត្រូវ និងមិនមានការរើសអើង។ លើសពីនេះ សម្តេចក៏បានជំរុញ​នាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាននៅក្នុងប្រទេស។ សម្ដេចបានបញ្ជាក់ថា ៖ «ការធ្វើបែបនេះក្នុងគោលបំណងផ្ដល់ប័ណ្ណសម្គាល់ដល់ជនមានពិការភាព ដើម្បីងាយក្នុងការយកទៅប្រើប្រាស់ជាផលប្រយោជន៍ផ្សេងៗរបស់ពួកគេ»។
 
កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្រ្តជាតិស្ដីពីពិការភាពឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីដោះស្រាយឱ្យជនមានពិការភាព បង្កើនការងារ និងសន្តិសុខសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់បង្កើតការងារ និងពង្រីកអាជីវកម្ម និងមុខរបរសមរម្យសម្រាប់ជនមានពិការភាព។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនេះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវជំរុញយុទ្ធសាស្រ្តជាតិស្ដីពីពិការភាពឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ និងច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ អនុសញ្ញាស្ដីពីសិទ្ធជនមានពិការភាព  គោលនយោបាយអន្តរជាតិនានា ឱ្យមានប្រសិទ្ធភាព។
 
សម្តេច មានប្រសាសន៍ដូច្នេះ៖ «រាជរដ្ឋាភិបាន នឹងបន្តយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមបន្តលើកស្ទួយសុខមាលភាពជនមានពិការភាពឱ្យកាន់តែប្រសើររឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពរបស់កម្ពុជា»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com