ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សាលារៀនសហគមន៍២១ ផ្តោតលើចំណេះដឹងបច្ចេកវិទ្យា និង ភាពជាអ្នកដឹកនាំ
03, Dec 2022 , 2:40 pm        
រូបភាព
ថ្នាក់ដឹកនាំ សាលារៀនសហគមន៍ ២១
ថ្នាក់ដឹកនាំ សាលារៀនសហគមន៍ ២១
ដោយ សុង សុធាវី
សាលារៀនសហគមន៍ ២១ ជាគ្រឹៈស្ថានអប់រំបុត្រសម្ព័នរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលទើបបង្កើតថ្មីនាឆ្នាំ២០២២នេះ។ នាយិកាប្រតិបត្តិការទាំងបីសាខានៃសាលារៀននេះ កញ្ញា ប៉ិល មករា ថ្លែងថា សាលារៀនសហគមន៍២១ បានចូលរួមបណ្តុះបណ្តាលធនធានកម្ពុជា ចាប់ពីកម្រិតថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ដែលផ្តោតលើចំណេះដឹងវិជ្ជាជីវៈ បច្ចេកវិទ្យាគ្រប់កម្រិត និងភាពជាអ្នកដឹកនាំសម្រាប់កុមារឆ្នើម ហើយថែមទាំងផ្តល់អាទិភាពសិក្សាដល់សិស្សដែលខ្វះលទ្ធភាពរៀនផងដែរ។

 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន កញ្ញា ប៉ិល មករា នាយិកាប្រតិបត្តិការសាលារៀនសហគមន៍២១ ជាមួយ កញ្ញា សុង សុធាវី  អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូតតទៅ៖



 កញ្ញា សុង សុធាវី៖ កញ្ញា តើបេសកម្មរបស់សាលារៀនសហគមន៍២១ ដែលទើបបង្កើតថ្មីថ្មោងនេះ ផ្តោតសំខាន់លើអ្វីខ្លះ?
កញ្ញា ប៉ិល មករា៖ សាលារៀនសហគមន៍២១ ជាគ្រឹៈស្ថានអប់រំបុត្រសម្ព័ន១ របស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដែលយើងទើបតែបង្កើតឡើងក្នុងឆ្នាំ២០២២នេះក្នុងគោលបំណងចូលរួមអភិវឌ្ឍវិស័យអប់រំ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍។ យើងបានកំណត់បេសកកម្មបីសំខាន់ៗ ទី១ យើងបណ្តុះបណ្តាលចំណេះដឹងទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ស្របតាមស្តង់ដារអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូជាភាសាអង់គ្លេស បំណិនសតវត្សន៍ទី២១ ព្រមទាំងតម្លៃសិក្សាសមរម្យ។ ទី២ យើងផ្តល់ការសិក្សាប្រកបដោយផាសុកភាព និងបណ្តុះនូវភាពជាអ្នកដឹកនាំ។ ទី៣ គឹចំណេះដឹកផ្នែកបច្ចេកវិទ្យាក្នុងការទំនាក់ទំនង ក៏ដូចជាប្រព័ន្ធសិក្សាមានគុណភាពសម្រាប់សិស្សានុសិស្ស។
 
កញ្ញា សុង សុធាវី៖ នាងខ្ញុំចាប់អារម្មណ៍ការបណ្តុះបណ្តាលចំណេះដឹងផ្នែកវិជ្ជាជីវៈ តើមានអ្វីខ្លះ ហើយអាចលើកជាឧទាហរណ៍បានទេ?
កញ្ញា ប៉ិល មករា៖ ការសិក្សាផ្នែកវិជ្ចាជីវៈនេះ គឺយើងផ្តល់ជូនសម្រាប់សិស្សថ្នាក់វិទ្យាល័យ ក្រៅពីការសិក្សាស្របតាមស្តង់ដារអប់ជាតិយើង។ ក្រោយពីគាត់រៀនចប់ថ្នាក់ទី១២ គាត់អាចរៀនបន្តនៅថ្នាក់ឧត្តមសិក្សាក៏បាន គាត់អាចមានជំនាញវិជ្ជាជីវៈសម្រាប់ប្រកបរបរចិញ្ចឹមជីវិតបាន ដែលនេះជាទិសដៅរបស់យើង។  ជំនាញវិជ្ជាជីវៈនេះវាទាក់ទងទៅនឹងសហគមន៍ ដែលយើងបានបោះទីតាំង ហើយយើងក៏ធ្វើការសិក្សាស្រាវជ្រាវពីភាពខ្វះខាត និងធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋានក្នុងតំបន់នោះផងដែរ។ តើវិជ្ជាជីវៈអ្វីដែលឱ្យគាត់ងាយស្រួលប្រកបការងារ? តើទីផ្សារក្នុងតំបន់នោះត្រូវការហាងកាហ្វេតូចៗច្រើនទេ? ដែលគាត់ត្រូវរៀនជំនាញទាំងនោះ។ ក៏ដូចជាជំនាញជួសជុលមួយចំនួន។ល។ អ៊ីចឹងភាពបត់បែនរបស់យើងនឹងធ្វើតាមសហគមន៍នីមួយៗ។
 
កញ្ញា សុង សុធាវី៖ ទន្ទឹមគ្នានេះ គឺភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្នែកបច្ចេកវិទ្យា តើមានអ្វីខ្លះ ហើយបើកដំណើរការដំបូងៗជួបឧបសគ្គបែបណាកញ្ញា?
កញ្ញា​ ប៉ិល មករា៖ ទាក់ទងនឹងភាពជាអ្នកដឹកនាំ និង បច្ចេកវិទ្យា! សម្រាប់យើងផ្ទាល់ ថ្វីដ្បិតតែយើងជាបុត្រសម្ព័នក្រុមហ៊ុនវេសឡាញ ដែលយើងបានឆ្លងកាត់ការអប់រំជាង១០ឆ្នាំហើយក្តី តែយើងជាសាលាថ្មីមួយ ដែលត្រូវការពេលវេលា ដើម្បីឱ្យមាតាបិតាសិស្ស ឬ អ្នកអាណាព្យាបាលទទួលស្គាល់ការអប់រំរបស់យើង។ កម្មវិធីភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យា ដែលយើងគ្រោងបញ្ចូលក្នុងកម្មវិធីសិក្សារបស់យើងនេះ ក៏យើងត្រូវការពេលវេលា ដើម្បីបញ្ជ្រាបទៅកាន់សិស្សដូចគ្នាដែរ។ ចំពោះចំណេះដឹងពីភាពជាអ្នកដឹកនាំ យើងក៏នាំយកកម្មវិធីសិក្សាពីប្រទេសអាម៉េរិកគឺ ទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម។ កម្មវិធីនេះបណ្តុះឱ្យសិស្សនូវផ្នត់គំនិតវិជ្ជមានមួយ សម្រាប់អប់រំអត្តចរិត ដែលគាត់អាចយកទៅប្រើប្រាស់ក្នុងគ្រួសារ ក៏ដូចជាសង្គមផងដែរ។ ទាក់ទងនឹងបច្ចេកវិទ្យាក៏ដូចគ្នាដែរ យើងបានបញ្ចូលកម្មវិធីកុំព្យូទ័រ ពីអ្នកជំនាញច្បាស់លាស់ ទៅលើកម្មវិធីមួយចំនួនដូចជា Word.  Excel. Powerpoint. ដែលគាត់អាចយកទៅប្រើប្រាស់សម្រាប់ការសិក្សាប្រចាំថ្ងៃ និងអាជីពការងាររបស់គាត់នាពេលខាងមុខ។ ទន្ទឹមនេះដែរ សាលារៀនបានដាក់បញ្ចូលកម្មវិធី School App មួយទៀត ដែលគាំទ្រទាំងការសិក្សារបស់សិស្ស និងទំនាក់ទំនងល្អជាមួយអាណាព្យាបាលសិស្ស ជាមួយខាងសាលារៀនផងដែរ។ 
 

កញ្ញា ប៉ិល មករា  នាយិកាប្រតិបត្តិការសាលារៀនសហគមន៍ ២១

កញ្ញា សុង សុធាវី៖ ជាមួយគ្នានេះ កញ្ញា​ គ្រប់គ្រងសាលារៀនទាំងអស់បីសាខា ដែលមានគ្រូបង្រៀន៣០នាក់ និងសិស្សជាង ៣០០នាក់ តើធ្វើដូចម្តេច ដើម្បីធានាបាននូវប្រសិទ្ធភាព?
កញ្ញា​ ប៉ិល មករា៖ សាលារៀនសហគមន៍២១ យើងធ្វើការសិក្សាតាមប្រព័ន្ធអប់រំស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងភាសាអង់គ្លេសស្របតាមគុណភាពអាម៉េរិកកាំង ។ល។ ហើយគ្រប់កម្មវិធីទាំងអស់ យើងមានការសិក្សាលម្អិតត្រឹមត្រូវ ព្រមទាំងបំណែងចែកកម្មវិធីសិក្សាច្បាស់លាស់។ លោកគ្រូអ្នកគ្រូសុទ្ធតែមានបទពិសោធន៍ និងឆ្លងកាត់ការបណ្តុះបណ្តាលនូវគរុគោសល្យត្រឹមត្រូវ។ អ៊ីចឹងប្រព័ន្ធគ្រប់គ្រង តាមដានទាំងអស់ហ្នឹង វាធ្វើឱ្យយើងងាយស្រួលគ្រប់គ្រងទាំងសិស្ស ទាំងគ្រូ ក្នុងការវាយតម្លៃគុណភាពសិក្សារបស់សិស្ស។ 
 
កញ្ញា សុង សុធាវី៖  តើកញ្ញានឹងនាំយកកិត្តិនាមសាលារៀនថ្មីថ្មោងនេះទៅកាន់មាតាសិស្សតាមរូបភាពបែបណាទៀត?
កញ្ញា​ ប៉ិល មករា៖ មាតាបិតាសិស្សលោកតែងរំពឹងចង់បានគុណភាពអប់រំល្អមួយពីសាលារៀន។ ដូចនេះ ដើម្បីទទួលបានទំនុកចិត្តពីមាតាបិតា និងសិស្សានុសិស្ស យើងត្រូវធានាគុណភាពសិក្សារបស់ពួកគាត់។ ជាក់ស្តែង សម្រាប់សាលារៀនយើងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើទំនាក់ទំនងរវាងគ្រូបង្រៀន និងមាតាបិតាសិស្ស យើងមានជំនួបពីដងក្នុងមួយឆ្នាំ ក៏ដូចជាការផ្តល់របាយការណ៍របស់សិស្ស ប្រចាំខែ ប្រចាំវគ្គ ប្រចាំឆមាស និងប្រចាំឆ្នាំ ជូនទៅកាន់ពួកគាត់ ដើម្បីឱ្យលោកបានដឹងពីព័ត៌មាន នៃការសិក្សារបស់កូន ទាំងបម្រែបម្រួលអត្តចរិតបន្ទាប់ពីគាត់បានមកសិក្សាជាមួយសាលារៀនសហគមន៍២១៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com