អន្តរជាតិ
បើ Apple និង Google ដក Twitter ចេញ លោក Elon Musk អាចបង្កើតស្មាតហ្វូនដោយខ្លួនឯង
03, Dec 2022 , 7:30 pm        
រូបភាព
ដោយ: ធីតា
នាយក Twitter ថ្មី លោក Elon Musk នឹងពិចារណាផលិតទូរសព្ទឆ្លាតវៃមួយទៀត ក្នុងករណី Twitter ត្រូវបានដកចេញពី Apple App និង Google Play។ លោកបានឆ្លើយតបយ៉ាងដូច្នេះទៅនឹងការបញ្ចេញមតិរបស់ម្ចាស់គណនី Twitter មួយ។

 
 
កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់គណនី Twitter ឈ្មោះ Liz Wheeler បានចោទជាសំណួរថា៖ «ប្រសិនបើ Apple និង Google ដក Twitter ចេញពី App Stores របស់ពួកគេ លោក Elon Musk គួរតែផលិតស្មាតហ្វូនដោយខ្លួនឯង។ មនុស្សពាក់កណ្តាលប្រទេសច្បាស់ជាបោះបង់ iPhone & Android ដែលមានភាពលំអៀងដោយរីករាយ។ បុរសដែលបង្កើតយានអវកាសទៅភពអង្គារ ច្បាស់ជាអាចបង្កើតស្មាតហ្វូនដ៏តូចមួយដ៏ងាយស្រួល មិនថាអ៊ីចឹង?»។
 
លោក Musk បានឆ្លើយតបទៅនឹងការបញ្ចេញយោបល់នោះថា លោករំពឹងថា រឿងបែបនេះ មិនអាចកើតឡើងនោះឡើយ ប៉ុន្តែក្នុងករណី កើតឡើងមែននោះ លោកគ្មានជម្រើស​អ្វី​ផ្សេងទៀតនោះដែរ។ លោកបាន​សរសេរ៖ «ខ្ញុំ​នឹង​បង្កើត​ស្មាតហ្វូនមួយបន្ថែមទៀត»។
 
លោក Yoel Roth អតីតប្រធាន​ផ្នែកសុវត្ថិភាព Trust and Safety ប្រចាំ Twitter បាននិយាយក្នុងលិខិតមួយទៅកាន់ New York Times ថា បណ្តាញសង្គម​យក្សមួយនេះ ប្រឈម​ដក​ចេញពី app stores របស់ Apple និង Google ប្រសិន​បើពួកគេ​មិនគោរពតាម​បទបញ្ជា​ត្រឹមត្រូវទេនោះ។
 
អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក Musk បាន​ចោទជាសំណួរនៅលើបណ្តាញសង្គម Twitter អំពី​គម្រោង​លើកលែង​ដល់គណនី Twitter ដែល​រងការពិន័យកន្លងមក ដោយអ្នក​ចូលរួម​​៧២ភាគរយ​បានសម្តែងការគាំទ្រ​គំនិត​របស់លោក៕

Tag:
 (បច្ចេកវិទ្យា)
© រក្សាសិទ្ធិដោយ thmeythmey.com