ជាតិ
យុវជនសកម្ម សេវាល្អ
សាលាបឋមសិក្សាស្រយ៉ូវខាងត្បូង គ្មានបណ្ណាល័យសម្រាប់សិស្សចូលអាន និងស្រាវជ្រាវ
03, Dec 2022 , 9:00 pm        
រូបភាព
ដោយ៖ ឃិន សុផល (យុវជនកំពង់ធំ)
 
ក្រុងស្ទឹងសែន, កំពង់ធំ៖ សាលាបឋមសិក្សាស្រយ៉ូវខាងត្បូង គ្មានបណ្ណាល័យសម្រាប់ឱ្យសិស្សចូលអាន និងស្រាវជ្រាវនោះទេ ព្រោះខាងសាលាខ្វះខាតបន្ទប់សិក្សា។ នេះបើតាមលោក ប៉ាត មី នាយកសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង។

 
លោក ប៉ាត មី បានរៀបរាប់ថា សាលាបឋមសិក្សាស្រយ៉ូវខាងត្បូងមានសិស្សសរុប ១៧១នាក់ និងមានសិស្សរៀនចំនួន ៧ថ្នាក់ ប៉ុន្តែសាលាមានតែ ៤បន្ទប់ប៉ុណ្ណោះ ដោយរាប់បញ្ជូលទាំងទីចាត់ការមួយផងដែរ។ បច្ចុប្បន្ន សាលាកំពុងខ្វះបន្ទប់សម្រាប់សិស្សរៀន ខណៈលោកគ្រូនាយក បាននិងកំពុងស្វែងរកជំនួយពីសប្បុរសជន សហគមន៍ និងអង្គការដៃគូ។
  

អ៊ីម សុធារី សិស្សថ្នាក់ទី៦ រៀននៅសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង។ រូបភាព៖ យុវជនកំពង់ធំ

នាយកសាលារូបនេះ បានបញ្ជាក់ថា សាលាពុំទាន់មានបណ្ណាល័យ ព្រោះដោយសារកត្តាសិស្សនៅមានកម្រិត និងគ្មានបន្ទប់ដើម្បីបង្កើតបណ្ណាល័យ។ បើមានបន្ទប់ ក៏អាចនឹងបង្កើតបណ្ណាល័យបានដែរ។ លោក ប៉ាត មី បន្តថា៖ «បើតាមគោលការណ៍របស់ក្រសួងអប់រំពិបាកក្នុងការបង្កើតទាំងបណ្ណាល័យ និងបញ្ជូនគ្រូចូលមកសាលានេះ គឺត្រូវស្របតាមស្តង់ដា។តាមស្ដង់ដាចាប់ ៩ ទៅ១០ថ្នាក់ តែសាលាខ្ញុំមាន ៧ថ្នាក់ បើមានបន្ទប់ក៏អាចបង្កើតបានដែរ»។
 
ដើម្បីអាចធ្វើបណ្ណាល័យបាន គឺមានតែពឹងផ្អែកលើការស្វែងរកអង្គការដៃគូ និងសម្បុរជនឱ្យពួកគេជួយជាមុនសិន បន្ទាប់មកបណ្ណាល័យបានដំណើរការនៅក្នុងសាលា និងរៀបចំបានត្រឹមត្រូវ ក្រោយមកនឹង ស្នើសុំគ្រូពីក្រសួង និងមន្ទីរអប់រំ។ លោកនាយកសាលាបឋមសិក្សាស្រយ៉ូវខាងត្បូងលើកឡើងយ៉ាងដូច្នេះ។
 

សិស្សានុសិស្សបឋមសិក្សាស្រយ៉ូវខាងត្បូង។ រូបភាព៖ យុវជនកំពង់ធំ

បណ្ណាល័យមានអត្ថប្រយោជន៍ច្រើន គឺជួយឱ្យសិស្សយកចិត្តដាក់រៀនសូត្រពេលពួកគេទំនេរ និងអាចស្រាវជ្រាវបន្ថែមនៅក្នុងបណ្ណាល័យ។ បណ្ណាល័យមានសៀវភៅរឿង វចនានុក្រម សៀវភៅរូបភាព និងវប្បធម៌ផ្សេងៗទៀត ដែលទាក់ទាញឱ្យពួកគេចង់អាន និងគ្មានភាពធុញទ្រាន់។ លោក មី រៀបរាប់បែបនេះ ហើយបន្ថែមថា រៀនតាមសៀវភៅសិក្សាគោលអត់មានអ្វីប្លែកៗ អាចធ្វើពួកគេឆាប់ធុញជាងចូលក្នុងបណ្ណាល័យ។ 
 
លោក ប៉ាត មី បានបញ្ជាក់បបែបនេះ៖ «បណ្ណាល័យបានចូលរួមច្រើន ដើម្បីឱ្យសិស្សានុសិស្សទាំងអស់បានយល់ដឹងពីប្រពៃណី និងទំនៀបទំលាប់ និងចេះរស់នៅក្នុងសង្គម។ ជួយបង្កើនការអាន និងការសរសេររបស់ពួកគេបន្ថែមទៀត»។នាយកសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង បានស្នើរឱ្យមន្ទីរចុះត្រួតពិនិត្យសាលា ដើម្បីបង្កើតបណ្ណាល័យឱ្យសិស្សអានសៀវភៅបន្ថែម។
 


យុវតី អ៊ីម សុធារី អាយុ ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៦ បានស្នើសុំឲ្យធ្វើបណ្ណាល័យនៅក្នុងសាលារបស់ខ្លួន ដើម្បីងាយស្រួលរូបគេចូលអានសៀវភៅ និងសិក្សាស្រាវជ្រាវបន្ថែម ពីលើការកាលវិភាគសិក្សាគោលជាមួយលោកគ្រូអ្នកគ្រូ។ យុវតីរូបនេះ បានរៀននៅសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង ទទួលចំណេះដឹងច្រើនពីលោកគ្រូអ្នកគ្រូ និងល្អប្រសើរជាងមុន។
សុផារី បានបញ្ជាក់ថា៖ «បណ្ណាល័យមានសារសំខាន់ណាស់សម្រាប់ខ្ញុំ និងមិត្តរួមថ្នាក់របស់ខ្ញុំ ព្រោះបើសាលាខ្ញុំមានបណ្ណាល័យ គឺជួយឱ្យពួកខ្ញុំអានសៀវភៅជារៀងរាល់ថ្ងៃ និងទទួលបានចំណេះដឹងទូលំទូលាយជាងមុន»។
សុផារី បាននិយាយថា លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង ពួកគាត់បង្រៀនបានល្អ និងគោរពពេលវេលា។ យុវតីរូបនេះ បានស្នើឱ្យសាលារៀនរបស់ខ្លួន មានបណ្ណាល័យសម្រាប់សិស្ស និងកុមារបានយល់ដឹងពីរឿងនិទាន អក្សរសាស្រ្ត និងប្រពៃណីទំនៀបទំលាប់ផ្សេងទៀត៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 អប់រំ
  បណ្ណាល័យ
  សាលាបឋមស្រយ៉ូវខាងត្បូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com