អន្តរជាតិ
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកថា ការតវ៉ានៅចិនមានប្រសិទ្ធភាពបន្ធូរបន្ថយការរឹតត្បិតជំងឺ កូវីដ-១៩ 
អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក វិនឌី ស៊ើមែន។ រូបថត AFP
×![]()
ការតវ៉ានៅចិនប្រឆាំងនឹងវិធានការរឹតបន្តឹងការរាតត្បាតជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតលើពិភពលោក បានជួយបន្ធូរបន្ថយវិធានការរឹតត្បិតទាំងនោះ។ អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិ វិនឌី ស៊ើមែន បានលើកឡើងបែបនេះ ខណៈដែលទីក្រុងប៉េកាំងបានសម្រួលការធ្វើតេស្ត និងការធ្វើចត្តាឡីស័កឱ្យបានធូរស្រាលជាងមុន។
កំហឹងជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានធ្វើប្រជាជនចិនជាច្រើនក្នុងទីក្រុងចំនួនយ៉ាងហោចណាស់២០ បានតវ៉ាប្រឆាំងនឹងគោលនយោបាយរដ្ឋាភិបាល។ ជាមួយការបន្ធូរបន្ថយវិធានការមួយចំនួនដែលត្រូវមើលឃើញថា ជាការប៉ុនប៉ងផ្គាប់ចិត្តសាធារណជន អាជ្ញាធរចិនក៏បានចាប់ផ្តើមស្វែងរកអ្នកដែលបានចូលរួមក្នុងការតវ៉ាផងដែរ។
«ពួកគេកំពុងអនុញ្ញាតឱ្យមនុស្សធ្វើចត្តាឡីស័កនៅក្នុងផ្ទះផ្ទុយពីការធ្វើចត្តាឡីស័កក្នុងមន្ទីរពេទ្យ។ ពួកគេនិយាយថា ពួកគេនឹងបន្ធូរបន្ថយជាជំហានៗក្នុងរឿងនេះ»។ លោកស្រី ស៊ើមែន លើកឡើងបែបនេះក្នុងកម្មវិធីមួយនៅឯសាកលវិទ្យាល័យមួយ រួចបន្តថា ការប្រឆាំងតវ៉ាគឺមានឥទ្ធិពលលើគោលនយោបាយរដ្ឋាភិបាល។
អនុរដ្ឋមន្ត្រីការបទេសអាម៉េរិករូបនេះ ក៏ទទួលស្គាល់ចិនបានប្រើប្រាស់កម្លាំងសន្តិសុខដើម្បីបង្រ្កាបបាតុកម្ម និងដាក់អ្នកតវ៉ាដាក់ពន្ធនាគារ។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ សេតវិមានក៏ចេញមកគាំទ្រសិទ្ធិរបស់អ្នកតវ៉ាដោយសន្តិភាពនៅចិន ប៉ុន្តែមិនបានរិះគន់ទីក្រុងប៉េកាំងសម្រាប់ការរឹតបន្តឹងនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com