អន្តរជាតិ
ប្រមុខសិទ្ធិមនុស្សUN៖ យោធាមីយ៉ាន់ម៉ាកាត់ទោសប្រហារជីវិតសិស្សយ៉ាងហោច៧នាក់ក្នុងខែវិច្ឆិកា 
×![]()
យោធាមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតយ៉ាងហោចណាស់៧នាក់នៅក្នុងសប្ដាហ៍នេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយការប្រហារជីវិតមានរហូតដល់១៣៩នាក់។ នេះបើតាមការលើកឡើងរបស់ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN)។
បើតាមឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk ដែលលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃទី៣០ ខែវិច្ឆិកា យ៉ាងហោចណាស់សិស្សសាកលវិទ្យាល័យបុរសចំនួន៧នាក់ ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការយោធាដោយសម្ងាត់។
«តាមរយៈការប្រើការកាត់ទោសប្រហារជីវិតជាឧបករណ៍នយោបាយដើម្បីកម្ទេចក្រុមប្រឆាំងយោធាបញ្ជាក់ពីការមើលងាយចំពោះកិច្ចខិតខំរបស់អាស៊ាននិងសហគមន៍អន្តរជាតិជាធំលើការបញ្ចប់អំពើហិង្សា និងបង្កើតលក្ខខណ្ឌសមស្របសម្រាប់កិច្ចសន្ទនានយោបាយ សំដៅនាំមីយ៉ាន់ម៉ាចេញពីវិបត្តិដែលបង្កើតឡើងដោយរបបយោធាផ្ទាល់»។ លោក Turk លើកឡើងបែបនេះ។
ប្រមុខសិទ្ធិមនុស្សរូបនេះអះអាងទៀតថា យោធានៅតែបន្តដំណើរការនីតិវិធីនៅក្នុងតុលាការសម្ងាត់ដោយរំលោភគោលការណ៍ជាមូលដ្ឋាននៃការកាត់ក្តីដោយយុត្តិធម៌ ហើយផ្ទុយនឹងការធានាផ្នែកតុលាការដែលជាស្នូលនៃឯករាជ្យភាព និងភាពមិនលំអៀង។ សវនាការសម្ងាត់ពេលខ្លះមាន រយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ហើយអ្នកដែលត្រូវបានឃុំខ្លួនជាញឹកញាប់មិនមានមេធាវី ឬក្រុមគ្រួសាររបស់ពួកគេឱ្យជ្រោមជ្រែងនោះឡើយ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយដែរថា និស្សិតសាកលវិទ្យាល័យដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោនត្រូវបានចាប់ខ្លួនកាលពីខែមេសាហើយត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារនៅធនាគារមួយកន្លែង។
អ្នកនាំពាក្យរបបយោធាមិនបានឆ្លើយតបពីការកាត់ទោសប្រហារជីវិតខាងលើនេះនោះឡើយ៕
យោងតាមក្រុមឃ្លាំមើលក្នុងតំបន់ ជនស៊ីវិលជិត២,២៨០នាក់ ត្រូវបានសម្លាប់ ឯមនុស្ស១១,៦៣៧នាក់ទៀតនៅតែត្រូវបានឃុំខ្លួនជាផ្នែកនៃយុទ្ធនាការរបស់របបយោធាដើម្បីលុបបំបាត់ចលនាប្រឆាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com