ជាតិ
ព្រឹត្តិការណ៍ទេសចរណ៍កីឡាយាត្រាដើម្បីបេតិកភណ្ឌលើកទី១ ធ្វើឡើងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ
04, Dec 2022 , 10:29 am        
រូបភាព
ព្រឹត្តិការណ៍ទេសចរណ៍កីឡាយាត្រាដើម្បីបេតិកភណ្ឌនឹងធ្វើលើកទី១ ក្នុងរមណីដ្ឋានប្រាសាទព្រះវិហារ។ផ្ដល់ដោយ លោក សេង នុន។
ព្រឹត្តិការណ៍ទេសចរណ៍កីឡាយាត្រាដើម្បីបេតិកភណ្ឌនឹងធ្វើលើកទី១ ក្នុងរមណីដ្ឋានប្រាសាទព្រះវិហារ។ផ្ដល់ដោយ លោក សេង នុន។
ដោយ:
ព្រឹត្តិការណ៍ទេសចរណ៍កីឡាយាត្រា ដើម្បីបេតិកភណ្ឌលើកទី១ នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងគោលដៅចូលរួមលើកកម្ពស់វិស័យទេសចរណ៍ បេតិកភណ្ឌ បរិស្ថាន មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ព្រឹត្តិការណ៍នេះ ធ្វើឡើងថ្ងៃទី៤ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ២៥០នាក់។​


 
ព្រឹត្តិការណ៍ទេសចរណ៍កីឡាយាត្រា ដើម្បីបេតិកភណ្ឌលើកទី១នេះ​ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរជាតិព្រះវិហារ សហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា « PATACC » ដើម្បីបេតិកភណ្ឌ «Temple Walk»។ លោក សេង នុន អ្នកសម្របសម្រួលក្នុងព្រឹត្តិការណ៍ទេសចរណ៍កីឡាយាត្រា បានប្រាប់សារព័ត៌មានThmeyThmey25ថា កម្មវិធីនេះ គឺធ្វើឡើងគោលបំណងធំៗចំនួន៤ គឺដើរដើម្បីបេតិកភណ្ឌ ដើរដើម្បីទេសចរណ៍ ដើរដើម្បីបរិស្ថាន និងដើរដើម្បីមិត្តភាព។ 


រូបភាពប្រាសាទព្រះវិហារ ផ្ដល់ដោយ លោក សេង នុន

បើតាមលោក សេង នុន ទិសដៅនៃចាប់ផ្ដើមព្រឹត្តិការណ៍ទេសចរណ៍កីឡាយាត្រា គឺត្រូវចេញពីបារាយខាងលិចនៃប្រាសាទព្រះវិហារ ដើរតាមផ្លូវបេតុង ឆ្ពោះទៅគោលដៅបញ្ចប់នៅគោបុរៈទី៤ នៃប្រាសាទព្រះវិហារ សរុបចម្ងាយប្រមាណ៧គីឡូម៉ែត្រ។ លោកបានបញ្ជាក់ថា៖ «ចំពោះយាត្រា ដើម្បីបេតិកភណ្ឌនេះ ត្រូវបានធ្វើជាលើកដំបូងសម្រាប់រមណីយដ្ឋានប្រាសាទព្រះវិហារ ហើយវាជាផ្នែកមួយ នៃការផ្សព្វផ្សាយពីសក្ដានុពលរបស់សម្បត្តិបេតិកភណ្ឌពិភពលោក ទៅកាន់ភ្ញៀវទេសចរ ក្នុងនិងក្រៅប្រទេស ឱ្យបានស្គាល់កាន់តែច្រើន»។ 


រូបភាពប្រាសាទព្រះវិហារ ផ្ដល់ដោយ លោក សេង នុន

គោលដៅសំខាន់នៃកម្មវិធីនេះ គឺចង់ឱ្យមានការផ្សព្វផ្សាយបន្ថែម ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានដឹងកាន់តែច្រើនពីតំបន់បេតិកភណ្ឌ នឹងចូលរួមមកទស្សនា និងមកកម្សាន្តកាន់តែច្រើនជាងនេះ ដើម្បីបង្កើតចំណូលជួយសម្រួលជីវភាពដល់សហគមន៍។ នេះជាលើកឡើងរបស់ លោក សេង នុន ដែល រំពឹងថាព្រឹត្តិការណ៍នេះ នឹងពញ្ញាក់ស្មារតីរបស់យុវជនកម្ពុជា និងពលរដ្ឋខ្មែរទាំងអស់ឱ្យចូលរួមការពារ នូវសម្បត្តិបេតិកភណ្ឌ បរិស្ថាន ទេសចរណ៍ និងការបង្កើនមិត្តភាព តាមរយៈការចូលរួមសកម្មភាពសង្គម។ 
 
អ្នកសម្របសម្រួលក្នុងព្រឹត្តិការណ៍ទេសចរណ៍កីឡាយាត្រារូបនេះ បានអះអាងយ៉ាងដូច្នេះ៖ «ក្រៅពីខេត្តព្រះវិហារ  ព្រឹត្តិការណ៍នេះ គឺមិនទាន់គ្រោងធ្វើនៅខេត្តផ្សេងទេ ដោយសារនេះជាលើកទី១ នៅព្រះវិហារ ហើយលើកទី២ ក៏គ្រោងធ្វើនៅទីនេះដដែល។ ក្នុងមួយឆ្នាំមានម្ដង អាចមានលើកទី១ ទី២ និងទី៣»៕
 
 
 

Tag:
 ខេត្តព្រះវិហារ
  ទេសចរណ៍
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com