FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ Messi និង Alvarez ជួយអាហ្សង់ទីន ទម្លាក់អូស្ត្រាលីឡើងទៅជួបហូឡង់នៅវគ្គ ៨ក្រុម
04, Dec 2022 , 3:55 am        
រូបភាព
ជំនួបការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយព្រឹត្តិការណ៍ World Cup 2022 គូទីពីររាត្រីថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែធ្នូ បានបញ្ចប់ហើយ ដោយគ្រាប់បបាល់រកបានដោយ Lionel Messi និង Julian Alvarez ជួយអាហ្សង់ទីនយកឈ្នះលើអូស្ត្រាលីក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Ahmed Bin Ali ប្រទេសកាតា។ អាហ្សង់ទីននឹងឡើងវគ្គ ៨ក្រុមដោយទៅជួបហូឡង់ការប្រកួតជម្រុះបន្ទាប់។



អាហ្សង់ទីនជើងខ្លាំងទ្វីបអាម៉េរិកខាងត្បូងហាក់បីបង្ហាញទម្រង់លេងដ៏ខ្លាំងរបស់ខ្លួនលើអូស្ត្រាលី ដោយតែងតែងគ្រប់ដណ្តប់លើក្រុមខ្លាំងមកពីទ្វីបអាស៊ីដោយមិនអាចឱ្យពួកគេ រកបានឱកាសបង្កភាពគ្រោះថ្នាក់អ្វីនោះទេលើតំបន់ប្រអប់ទីបានឡើយ។
 
គ្រាប់បាល់ជ័យជម្នះដែលអាហ្សង់ទីនសម្រេចបាន គឺកើតឡើងដោយខ្សែប្រយុទ្ធឆ្នើមវ័យ ៣៥ឆ្នាំ Lionel Messi នៅនាទី៣៥ នៃវគ្គទីមួយ ដែលជាគ្រាប់បាល់ទី ៧៨៩ ក្នុងអាជីពរបស់គេ ហើយព្រមទាំងក្នុងការបង្ហាញខ្លួនក្នុងប្រកួតលើកទី ១,០០០។ Julian Alvarez ជាអ្នកសម្រេចគ្រាប់ទីពីរ នៅនាទី៥៧ ក្រោយការបង្កកំហុសពីអ្នកចាំទីអូស្តា្រលី Mathew Ryan នៅក្នុងប្រអប់គ្រោះថ្នាក់ ក្នុងវគ្គទីពីរ។ 
 
ការប្រកួតបន្តបានជាង ២០នាទីអូស្ត្រាលីក៏មានឱកាសបង្កើតគ្រាប់បាល់តាម ១គ្រាប់មកវិញនៅនាទី៧៧ ដោយការស៊ុតទៅចំកីឡាករ Jeremias Fernandez របស់អាហ្សង់ទីនហើយភ្លាត់ចូលទីឯង ហើយលទ្ធផល ២-១ អូសបន្លាយដល់ចប់ការប្រកួត។
 
ឈ្នះអូស្ត្រាលីធ្វើឱ្យអាហ្សង់ទីនបន្តក្តីសង្ឃឹមខ្លួនធ្វើដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ដោយពួកគេនឹងត្រូវទៅជួបហូឡង់ ដែលប្រកួតឈ្នះអាម៉េរិក ៣-១។ World Cup 2022 អាហ្សង់ទីនឡើងទៅកាន់វគ្គ ៨ក្រុមលើកទី១០ ក្នុងប្រវត្តិសាស្ត្រខ្លួនដែលបង្ហាញវត្តមាននៅព្រឹត្តិការណ៍ World Cup ១៨លើកតាំងពីឆ្នាំ ១៩៣០។
 
ជួបហូឡង់នៅវគ្គ ៨ក្រុមនាពេលមុខនឹងក្លាយជាជំនួបសងសឹងគ្នាដោយកាលឆ្នាំ ២០១៤ World Cup នៅប្រទេសប្រេស៊ីលដោយអាហ្សង់ទីនបានទម្លាក់ហូឡង់នៅត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រកាលនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com