អន្តរជាតិ
រុស្ស៊ីថា ខ្លួនមិនយល់ព្រមនឹងការកំណត់តម្លៃប្រេងអតិបរមារបស់លោកខាងលិចឡើយ 
×![]()
ក្រោយក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) បានកំណត់តម្លៃអតិបរមាលើប្រេងរុស្ស៊ី វិមានក្រេមឡាំងឆ្លើយតបវិញភ្លាមថា រុស្ស៊ីមិនយល់ព្រមនោះឡើយ ហើយត្រៀមឆ្លើយតបនឹងការកំណត់មួយនេះ។
អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov លើកឡើងថា ទីក្រុងមូស្កូបានរៀបចំ សម្រាប់ការឆ្លើយតបនឹងការប្រកាសកំណត់តម្លៃប្រេងរុស្ស៊ីនៅថ្ងៃទី២ ខែធ្នូ ដោយក្រុមប្រទេស G7 សហភាពអឺរ៉ុប (EU) និងអូស្ត្រាលី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី។
«ពួកយើងមិនយល់ព្រមនឹងការកំណត់តម្លៃនេះឡើយ»។ ទីភ្នាក់ងារព័ត៌មាន RIA ស្រង់សម្តីលោក Peskov បែបនេះនៅថ្ងៃទី៣ ខែធ្នូ។ លោក Peskov បន្តថា រុស្ស៊ីនឹងធ្វើការវិភាគយ៉ាងឆាប់រហ័សអំពីកិច្ចព្រមព្រៀងរបស់លោកខាងលិច ហើយឆ្លើយតបលើរឿងមួយនេះ។
រុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងមិនផ្គត់ផ្គង់ប្រេងដល់ប្រទេសដែលអនុវត្តគោលការណ៍កំណត់តម្លៃនោះទេ ដែលនេះជាជំហរនេះត្រូវបញ្ជាក់ជាថ្មីដោយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន លោក Mikhail Ulyanov នៅថ្ងៃទី៣ ខែធ្នូ។ លោក Ulyanov សង្កត់ធ្ងន់ថា ចាប់ពីថ្ងៃនេះតទៅអឺរ៉ុបនឹងរស់នៅដោយគ្មានប្រេងរុស្ស៊ី។
គួរបញ្ជាក់ថា ការកំណត់តម្លៃប្រេងរុស្ស៊ីដោយក្រុម G7 EU និងអូស្ត្រាលី នឹងអនុញ្ញាតឱ្យប្រទេសក្រៅ EU អាចបន្តនាំចូលប្រេងឆៅរបស់រុស្សី ប៉ុន្តែនឹងហាមប្រាមក្រុមហ៊ុនដឹកជញ្ជូនធានារ៉ាប់រងពីការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីជុំវិញពិភពលោកលុះត្រាតែវាត្រូវបានលក់ក្នុងតម្លៃតិចជាង៦០ដុល្លារក្នុងមួយធុង។ វិធានការបែបនេះធ្វើឱ្យមានភាពស្មុគស្មាញដល់ការដឹកជញ្ជូន ប្រេងឆៅរបស់រុស្ស៊ីដែលមានតម្លៃលើសពីការកំណត់សូម្បីតែទៅកាន់ប្រទេសដែលមិនមែនជាផ្នែកនៃកិច្ចព្រមព្រៀងក៏ដោយ។
រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិកលោកស្រី Janet Yellen បាននិយាយថា ការកំណត់តម្លៃអតិបរមានេះនឹងផ្តល់អត្ថប្រយោជន៍ជាពិសេសដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ដែលបានទទួលរងផលប៉ះពាល់នៃតម្លៃថាមពល និងអាហារខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com