ជាតិ
យុវជនសកម្ម សេវាល្អ
បឋមសិក្សាស្រយ៉ូវខាងត្បូង​ ខ្វះបន្ទប់រៀន ខណៈនាយកសាលាកំពុងស្វែងរកជំនួយពីសប្បុរសជន
04, Dec 2022 , 11:29 am        
រូបភាព
សាលាបឋមសិក្សាស្រយ៉ូវត្បូង ខ្វះបន្ទប់សម្រាប់បង្រៀនសិស្ស។ រូបភាព៖ យុវជនកំពង់ធំ
សាលាបឋមសិក្សាស្រយ៉ូវត្បូង ខ្វះបន្ទប់សម្រាប់បង្រៀនសិស្ស។ រូបភាព៖ យុវជនកំពង់ធំ
ដោយ៖ ថុន ស្រីឡា (យុវជនកំពង់ធំ)
 
ក្រុងស្ទឹងសែន, កំពង់ធំ៖ សាលាបឋមសិក្សាស្រយ៉ូវខាងត្បូងមានសិស្សទៅរៀនច្រើន តែសាលាខ្វះបន្ទប់សម្រាប់សិស្សរៀន ដោយបច្ចុប្បន្ននាយកសាលាបាន និងកំពុងស្វែងរកជំនួយពីសប្បុរជននានា។





សាលាបឋមសិក្សាស្រយ៉ូវខាងត្បូង មានសិស្សសរុប ១៧១នាក់ ស្រី ៩១នាក់ តែបន្ទប់រៀនគឺមានតែ ៣ប៉ុណ្ណោះ ហើយការបង្រៀនសិស្ស គឺមានចាប់ពីមត្តេយ្យរហូតដល់ថ្នាក់ទី៦ សរុបមាន ៧ថ្នាក់។ សាលានេះ មានការខ្វះខាតបន្ទប់រៀន ដែលបង្ខំឱ្យនាយកសាលាត្រូវបែងចែកថ្នាក់រៀនជាពីរវេន គឺពេលថ្ងៃ និងពេលព្រឹក។ 
 
លោក ប៉ាត មី នាយកសាលាបឋមសិក្សាស្រយ៉ូវត្បូង បានលើកឡើងថា​ សម្រាប់ការបង្រៀនសិស្សថ្នាក់មត្តេយ្យសិក្សាត្រូវបានដាក់រួមបញ្ចូលជាទីចាត់ការរបស់លោកគ្រូអ្នកគ្រូ ដែលធ្វើឱ្យការបង្រៀនរបស់លោកគ្រូអ្នកគ្រូមានការលំបាក ហើយការបង្រៀនក៏មិនមានភាពស្មើដៃគ្នានោះដែរ។ 
 
ដើម្បីដោះស្រាយពីបញ្ហាខ្វះខាតបន្ទប់សម្រាប់សិស្សរៀន បច្ចុប្បន្ននេះ លោកនាយកសាលាកំពុងធ្វើបន្ទប់រៀនចំនួន ២បន្ទប់ទៀត។ សាលានេះធ្វើឡើងតាមរយៈជំនួយ ដែលបានរ៉ៃអង្គាសពីលោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ព្រមទាំងសម្បុរសជននានា ។ ប៉ុន្តែសព្វថ្ងៃនៅខ្វះខាតថវិកាប្រមាណ២៥ភាគរយទៀត ដើម្បីសាងសង់សាលានេះបានសម្រេច ១០០ភាគរយ។
 

លោក ប៉ាត មី នាយកសាលាបឋមសិក្សាស្រូយ៉ូវត្បូង។ រូបភាព៖ យុវជនកំពង់ធំ

នាយកសាលាស្រយ៉ូវខាងត្បូងរូបនេះបានបញ្ជាក់ថា៖ «សាលាត្រូវការ ៧បន្ទប់សម្រាប់សិស្សរៀន ហើយ១បន្ទប់ ធ្វើបណ្ណាល័យ និងមួយទៀតធ្វើទីចាត់ការសរុបចំនួន ៩បន្ទប់។ ខ្ញុំចង់បានបន្ទប់រៀនសម្រាប់លោកគ្រូអ្នកគ្រូបង្រៀនគ្រប់ថ្នាក់ទាំងអស់ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ ដើម្បីឱ្យពួកគាត់ងាយស្រួលក្នុងការបង្រៀនសិស្ស»។
 
សាលាបឋមស្រយ៉ូវខាងត្បូង មិនខ្វះគ្រូបង្រៀននោះទេ ដោយបច្ចុប្បន្នមានគ្រូសរុប ៩នាក់ ក្នុងនោះគ្រូម្នាក់បង្រៀនថ្នាក់មត្តេយ្យ, ៧នាក់បង្រៀនពីថ្នាក់ទី១ ដល់ទី៦ និង ២នាក់ទៀតជាគ្រូនៅទីចាត់ការ។ លោក ប៉ាត មី លើកឡើងបែបនេះ ហើយបន្ថែមថា នៅពេលមានថ្នាក់បង្រៀនគ្រប់ៗគ្នា ធ្វើឱ្យលោកគ្រូអ្នកគ្រូមិនមើលបំណាំគ្នា ការអប់រំសិស្សមានភាពល្អប្រសើរ មើលការខុសត្រូវសិស្សានុសិស្សបានល្អ។ មួយវិញទៀតលោកគ្រូអ្នកគ្រូ ងាយស្រួលគ្រប់គ្រងសិស្ស មិនមានភាពលំបាកដូច្នេះពេលនេះឡើយ។
 
បច្ចុប្បន្នសាលាបឋមសិក្សាស្រយ៉ូវខាងត្បូង ទីចាត់ការរបស់លោកគ្រូអ្នកគ្រូ និងថ្នាក់មត្តេយ្យ បានដាក់បញ្ជូលគ្នា ព្រោះខ្វះបន្ទប់រៀន។ លោក នាយកបញ្ជក់បែបនេះ រួចបន្ថែមថា ពេលថ្នាក់មត្តេយ្យនៅជាមួយទីចាត់ការគឺពិបាកបង្រៀន ហើយសិស្សក៏រៀនមិនបានល្អ។ ម៉្យាងទៀត ធ្វើឱ្យរំខានលោកគ្រូអ្នកគ្រូពួកគេធ្វើការងារ និងរំខានដល់សិស្សថ្នាក់ផ្សេងៗទៀតផងដែរ៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 (អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ខ្វះបន្ទប់រៀន
  បឋមសិក្សាស្រយ៉ូវត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com