កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន គ្រងដំណែងជើងឯកលីគកំពូលកម្ពុជា ត្រូវតាមការទស្សទាយរបស់លោក Honda 
រូបថត ពីហ្វេសប៊ុកផេក CPL
×![]()
ក្រុមបាល់ទាត់ភ្នំពេញក្រោន គ្រងដំណែងជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២២ និងជាលើកទីពីរជាប់គ្នា បន្ទាប់ពីយកឈ្នះបឹងកេត ក្នុងលទ្ធផល ៥-០ នៅជំនួបចុងក្រោយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ធ្លាប់បានទាយថា ក្រុមភ្នំពេញក្រោន នឹងក្លាយជាម្ចាស់ជើងឯក Cambodian Premier League រដូវកាល២០២២។
ក្នុងវគ្គទី១ ម្ចាស់ផ្ទះភ្នំពេញក្រោន ទម្លាយសំណាញ់ទីបឹងកេត ៣-០។ គ្រាប់ទី១ សម្រេចទីដោយខ្សែបម្រើ Yudai Ogawa នៅនាទី១៦ រំលងបាន២នាទី ខ្សែប្រយុទ្ធ Fareed Sadat នៅនាទី១៨ និងឈានដល់នាទី៣២ ខ្សែបម្រើប្រយុទ្ធ លឹម ពិសុទ្ធ បន្ថែមបានគ្រាប់ទី៣ជូនក្រុមមុនបញ្ចប់វគ្គទី១។
ចូលដល់វគ្គទី២ ភ្នំពេញក្រោនបន្តដាក់សម្ពាធសារជាថ្មីក្នុងការសម្រេចសំណាញ់ទីភ្ញៀវបឹងកេត ដែលនៅនាទី៦៧ ខ្សែប្រយុទ្ធ Fareed Sadat ទម្លាយសំណាញ់ទីបានគ្រាប់ទី៤ និងគ្រាប់ទី៥ សម្រេចទីដោយកីឡាករ Valerii Hryshyn បញ្ចប់ទីនៅនាទី៨៦។ បញ្ចប់ការប្រកួតភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯកពានខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ មាន៥២ពិន្ទុ។
កាលពីថ្ងៃទី២៦ ខែតុលា នៅទីស្នាក់ការរបស់ក្រុមហ៊ុន Cambodian Premier League (CPL) លោក Keisuke Honda បានឆ្លើយសំនួរអ្នកគាំទ្រថា ភ្នំពេញក្រោន នឹងក្លាយជាម្ចាស់ជើងឯកលីគកំពូលរដូវកាល ២០២២នេះ។
បន្ទាប់ពីបានប្រាប់នូវចម្លើយរួច មានអ្នកគាំទ្រមួយចំនួន បានរិះគន់ និងសើចចំអកចំពោះ អ្នកចាត់ការក្រុមជម្រើសជាតិរូបនេះ ដោយចាត់ទុកថា នេះ គឺជារឿងអស់សំណើច និងមិនអាចទៅរួចទេ ដែលភ្នំពេញក្រោន អាចក្លាយទៅជាម្ចាស់ជើងឯក។ ម្យ៉ាងវិញទៀត ពួកគេ ក៏បានរិះគន់ទៀតថាលោក Keisuke Honda មិនដែលតាមដានការប្រកួតបាល់ទាត់កម្ពុជា។
ចំណែកព្រះខ័នរាជស្វាយរៀង បរាជ័យជាថ្មីក្នុងទឹកដីខ្លួន ដោយចាញ់ភ្ញៀវវិសាខា ១-០។ ការប្រកួតដ៏សែនស្វិតស្វាញទីបំផុតក្រុមទាំងពីរសុទ្ធតែមិនមានសំណាងក្នុងការគ្រងដំណែងជើងឯកឡើយ។ វិសាខាដែលក្លាយជាក្រុមរងជើងឯករដូវកាលនេះ រកគ្រាប់បាល់បានដោយខ្សែប្រយុទ្ធ Paulo Victor នៅនាទី៩០+១៕
Tag:
កីឡាបាល់ទាត់
ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com