អន្តរជាតិ
លោក ម៉ាក្រុង ៖ និម្មាបនកម្មសន្តិសុខថ្មីរបស់លោកខាងលិច ត្រូវធានាសន្តិសុខរុស្ស៊ីដែរ
04, Dec 2022 , 1:59 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លើកឡើងក្នុងកិច្ចសម្ភាសមួយដែលចេញផ្សាយ​នៅ​ថ្ងៃទី​៣ ខែធ្នូថា លោកខាងលិចគួរតែគិតគូរពីមធ្យោបាយឆ្លើយតបនឹងតម្រូវការការពារ​សន្តិសុខរុស្ស៊ី បើ​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនយល់ព្រមចរចាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

 
ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍បារាំង TF1 ដែលត្រូវបានថតទុកអំឡុងដំណើរទស្សកិច្ច​ទៅ​អាម៉េរិកកាលពីសប្ដា៍មុន លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជាក់ថា អឺរ៉ុបត្រូវតែរៀបចំនិម្មបនកម្មសន្តិសុខបន្ថែមទៀត ហើយក្ដីបារម្ភរបស់រុស្ស៊ី ក៏ត្រូវតែគិតគូរដែរ។
 
«នេះមានន័យថា ចំណុចសំខាន់ដែលយើងត្រួវឆ្លើយតបគឺភាពភ័យខ្លាចរបស់រុស្ស៊ីដែល​សម្ព័ន្ធ​យោធា​ណាតូអាចឈរនៅជិតមាត់ទ្វាររបស់ពួកគេ និងព្រមទាំងការដាក់ពង្រាយអាវុធ»។ មេដឹកនាំបារាំងនិយាយបែបនេះ។
 
ក្នុងកិច្ចសម្ភាសដដែល លោក ម៉ាក្រុង ក៏បន្តថា ប្រធានបទមួយនេះនឹង ក្លាយ​ជាផ្នែ​ក​មួយ​នៃ​ប្រធាន​បទស​ម្រាប់ស​ន្តិភាព​ផ្សេងៗទៀត ដូច្នេះពួកគេត្រូវតែរៀបចំ និងត្រៀមខ្លួនឱ្យបាន​រួចរាល់​ក្នុងការ​ផ្ដល់​ការ​ការ​ពារ​ដល់​សម្ព័ន្ធមិត្ត ក៏ដូចជាផ្ដល់ការធានាផ្នែកសន្តិសុខសម្រាប់រុស្ស៊ី​ពេល​ប្រទេស​​យល់ព្រម​ចូល​តុ​ចរចានោះ​។
 
ទាំងរុស្ស៊ី និងអាម៉េរិក នៅក្នុងសប្ដាហ៍នេះ បានលើកឡើងថា ពួកគេបើកចំហសម្រាប់ការពិភាក្សា​ជា​គោលការណ៍ដើម្បីបញ្ចប់ជម្លោះ។ ឯអ៊ុយក្រែននិយាយថា ការចរចាអាចធ្វើទៅ​បាន​លុះត្រា​តែ​រុស្ស៊ី​ឈប់​វាយប្រហារ និងដកទ័ពចេញ៕
 
 

Tag:
 បារាំង
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com