កីឡាជាតិ
ជាតិ
Nick Taylor និង កុក បូរីស ជាប់ជម្រើស២៤នាក់កម្ពុជា សម្រាប់ជំនួបមិត្តភាព និង AFF Cup
04, Dec 2022 , 2:30 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ២៤រូប ក្នុងនោះក៏មានកីឡាករប្រកបអាជីពក្រៅស្រុក កុក បូរីស កូនកាត់ខ្មែរ-បារាំង និងកីឡាករខ្មែរ-អាម៉េរិក ថេឡរ និកូឡាស់ឌឿង (Nick Taylor ) សម្រាប់ក្រុមជម្រើសជាតិកម្ពុជាដើម្បីត្រៀមប្រកួតមិត្តភាពអន្តរជាតិ និង AFF Mitsubishi Electric Cup។ កីឡាករទាំងអស់ ត្រូវបានជ្រើសរើសដោយមិនមានការធ្វើតេស្ត 30-15 IFT ឡើយ។



កីឡាករទាំង២៤រូប ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ សុទ្ធតែស្ថិតក្រោមការតាមតានរបស់អ្នកចាត់ការទូទៅលោក Keisuke Honda។ 
យោងទៅលើសារបង្ហោះរបស់លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា នៅលើហ្វេសប៊ុក ចំនួន២លើកកន្លងមក កីឡាករ ចំនួន៣៥នាក់ ស្ថិតក្នុងចិត្តរបស់អ្នកចាត់ការរូបនេះ ប៉ុន្ដែក៏ត្រូវមើលលើសមត្ថភាពបន្ថែមរបស់ពួកគេដែរ។ សារបង្ហោះលើកទី១ នៅថ្ងៃទីកាលពីថ្ងៃ១៣ ខែវិច្ឆិកា លោក Keisuke Honda បានសរសេរថា ខ្លួន មានកីឡាករ ៣៥រូបក្នុងចិត្ត ហើយនឹងត្រូវធ្វើតេស្ដ 30-15 IFT។ 
  

លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា

ចំណែក លើកទី២ នៅថ្ងៃទី២៧ ខែវិច្ឆិកា អ្នកចាត់ការរូបនេះ ថាសម្រេចយក ២៦រូប ប៉ុន្ដែក៏នឹងត្រូវ មើលទៅលើការប្រកួតបន្ទាប់ទៀត ដើម្បីសម្រេចយក២៣រូបជាផ្លូវការ។ ការប្រកួតបន្ទាប់ ក្នុងទីនេះ លោក Honda សំដៅយកការប្រកួតចុងក្រោយ នៃពានរង្វាន់ Cambodian Premier League (CPL)។
 
បន្ទាប់ពីការប្រកួត CPL បានបញ្ចប់ទៅនៅថ្ងៃទី៣ ខែធ្នូ ដោយភ្នំពេញក្រោន ក្លាយជាម្ចាស់ជើងឯកលីគកំពូល រដូវកាល២០២២ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញសមាសភាពកីឡាករ ចំនួន២៤រូប សម្រា​ប់ហ្វឹកហាត់ ត្រៀមប្រកួត មិត្តភាពអន្តរជាតិទល់ជម្រើសជាតិម៉ាឡេស៊ី ពានរង្វាន់ AFF Mitsubishi Electric Cup 2022។ បើទោះជាក២៤រូបនេះ ត្រូវបានប្រកាសជាផ្លូវការដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដោយប៉ុន្ដែអ្នកទាំងនោះ ក៏ត្រូវបន្ដហ្វឹកហាត់តេស្ដ 30-15 IFT ផងដែរ។ លោក ភា សុភក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា បានបញ្ជាក់ទៀតថា តេស្ដ 30-15 IFT ជាធាតុផ្សំសម្រាប់ក្រុមជម្រើសជាតិ មិនមែនជាយុទ្ធសាស្ដ្រសម្រាប់ឈ្នះ ១០០ភាគរយនោះទេ។ ក្រុមការងាររបស់ជម្រើសជាតិ បានសង្កេតមើលទៅលើសមត្ថភាព បច្ចេកទេស និងភាពឈ្លាសវៃរបស់កីឡាករ រួចមកហើយ តាមរយៈការប្រកួតក្នុងលីគ។ 


លោក ភា សុភក្ដ្រា គ្រូជំនួយជម្រើសជាតិកម្ពុជា

«យើង គ្រាន់តែចង់ដឹងបន្ថែមអំពីកម្លាំងរបស់ពួកគាត់។ នេះ មិនមែនជារឿងថ្មីទេ សម្រាប់វិស័យបាល់ទាត់ ព្រោះការរៀបចំក្រុមនីមួយៗ ជាពិសេសសម្រាប់ក្លិបអាជីព មុនបើករដូវកាល។ គេតែងតែធ្វើ តេស្ដនេះ ដើម្បីបានទិន្នន័យ។ ដូច្នេះ ខ្ញុំ គិតថាជម្រើសជាតិ ក៏មិនមានអ្វីដែលថ្មីនោះទេ ក្នុងការយកតេស្ដ 30-15 IFT សម្រាប់ពួកគាត់ទេ។»។ គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា និយាយដូច្នេះ។
 
ក្នុងចំណោម ២៤រូបនោះ មានកីឡាករ ២រូប ដែលប្រកបអាជីពនៅក្លិបបរទេស គឺកីឡាករ កុក បុរីស លេងនៅ Sarawak United ប្រទេសម៉ាឡេស៊ី និង ថេឡរ នីកូឡាស់ ឌឿង នៅក្លិប Orlando City សហរដ្ឋអាម៉េរិក។ រីឯ ២២រូបផ្សេងទៀត សុទ្ធតែជាកីឡាករ ប្រកបអាជីពក្នុងលីគកម្ពុជា។ 
កីឡាករទាំង ២២រូបនោះមាន៖
  • វិសាខា មាន១០រូប គឺ កែវ សុខសិលា, វីរៈ ដារ៉ា, អ៊ិន សុដាវីដ, ប៊ិន ចន្ថាធារី, ឆេង ម៉េង, ទេស សម្បត្តិ, អ៊ុក សុវណ្ណ, កែវ សុខផេង, សារ ទី និង រ៉ឹង ប៊ុនហៀង។
  • បឹងកេត មាន ៤រូប គឺ ហ៊ុល គឹមហ៊ុយ, តាំង ប៊ុនឆៃ, ម៉ាត់ ណូរុន និងសៀង ចន្ធា
  • ភ្នំពេញក្រោន មាន ៥រូប គឺ ជួន ចាន់ចាវ, សឿត បារាំង, យ៉ើ ម៊ូស្លីម, អ៊ន ចាន់ប៉ូលីន  និងលឹម ពិសុទ្ធ។
  • ព្រះខ័នរាជស្វាយរៀង មាន២រូប គឺ សារ៉េត គ្រីយ៉ា និងសឿយ វិសាល។
  • ណាហ្គាវើលដ៍ ១រូប គឺ កីឡាករ សុះ ស៊ូហាណ
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រកួត AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងព្រុយណេ ខណៈពូល B មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវ។ កម្ពុជា ត្រូវប៉ះ ហ្វីលីពីន នៅថ្ងៃទី២០ ខែធ្នូ និងត្រូវប្រកួតជាមួយ ឥណ្ឌូណេស៊ី នៅថ្ងៃទី២៣ ខែធ្នូ រីឯថ្ងៃទី២៩ ខែធ្នូ ត្រូវស្វាគមន៍ព្រុយណេ និងថ្ងៃទី២ ខែមករា ត្រូវជួបជាមួយ ថៃ៕

Tag:
 (បាល់ទាត់
  Keisuke Honda
  AFF
  AFF Mitsubishi Electric Cup)
© រក្សាសិទ្ធិដោយ thmeythmey.com