កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូតាក្រមាមាស សាន គឹមស៊ាន ប្រគល់ក្រមាប្រាក់ទៅលោក ណឹម សុវត្តិ ដែលជ្រោមជ្រែងគុនល្បុក្កតោ
04, Dec 2022 , 8:20 pm        
រូបភាព
នាយឧត្តមសេនីយ៍ ណឹម សុវត្ (ឆ្វេង) ទទួលក្រមាប្រាក់ពីគ្រូតាសាន គឹមស៊ាន
នាយឧត្តមសេនីយ៍ ណឹម សុវត្ (ឆ្វេង) ទទួលក្រមាប្រាក់ពីគ្រូតាសាន គឹមស៊ាន
ដោយ:
គ្រូតាក្រមាមាស សាន គឹមស៊ាន បានប្រគល់ក្រមាប្រាក់ជូនលោក ណឹម សុវត្តិ ​ទី​ប្រឹក្សា​ពិសេស ​សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមជាសហស្ថាបនិកគុនល្បុក្កតោដ៏សកម្ម។ ការប្រគល់នេះ ធ្វើឡើងនៅក្នុងថ្ងៃប្រារព្ធពិធីអបអរសាទរ គុនល្បុក្កតោ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោកសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

 
នាពិធីអបអរសាទរ គុនល្បុក្កតោ ចុះបញ្ជីបេតិកភណ្ឌពិភពលោកសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី១ ខែធ្នូ នាទីស្នាក់ការគណៈកម្មការជាតិ NOCC លោកគ្រូតា សាន គឹមស៊ាន បានរៀបរាប់ពីដំណើរដ៏លំបាកដើម្បីជួយគុនល្បុក្កតោចុះក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្តូ។ 
 
ស្របពេលនោះ លោកគ្រូតាដែលជាម្ចាស់ក្រមាមាសក៏បានប្រកាស នឹងប្រគល់ក្រមាប្រាក់ជូនលោក ណឹម សុវត្តិ ដែលជាស្ថាបនិកជួយជ្រោមជ្រែងក្បាច់គុនល្បុក្កតោ តាំងពីបាតដៃទទេជាមួយគ្នា និងគ្រូតាចាស់ៗផ្សេងទៀត។ 
 
លោក សាន គឹមស៊ាន និយាយថា៖«ស្ថាបនិកយើងមានតែបួនប្រាំនាក់ទេជាពិសេសគឺលោក ណឹម សុវត្តិ គាត់មានឡានចាស់មួយដឹកគ្នាកាត់ព្រៃដើម្បីជួបគ្រូតាៗ ប្រមូលផ្តុំផ្សព្វផ្សាយ និងចងក្រងជាកម្លាំងពង្រឹងពង្រីកល្បុក្កតោ។ កម្សត់ហើយ វេទនាទៀត ពិបាកសែនមហាពិបាក ទម្រាំបានថ្ងៃនេះគឺយើងវេទនាខ្លាំងណាស់ តែសំខាន់បំណងរបស់យើងគ្រប់គ្នាបានជោគជ័យហើយ»។
 
ការប្រគល់ក្រមាប្រាក់កិត្តិយសជូនលោក ណឹម សុវត្តិ ដើម្បីជាការតបស្នងសងគុណទឹកចិត្តដែលបានលះបង់ទាំងកាយទាំងចិត្តជាច្រើនឆ្នាំជាមួយគ្នាកន្លងមក។ ទោះបីពេលនេះលោក ណឹម សុវត្តិ បានសម្រាកពីកិច្ចការគុនល្បុក្កតោក្តីតែលោកនៅតែជួយផ្តគត់ផ្គង់ជាថវិការដល់លោកតា សាន គឹមស៊ាន ក្នុងការចងក្រងក្បាច់គុនល្បុក្កតោដើម្បីបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយបានដឹង និងរៀនសូត្របន្ត។
 
គុនល្បុក្កតោខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ​របស់​អង្គការយូណេស្កូនៅថ្ងៃទី២៩ ខែវិច្ឆិកា នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក។
 
តាម​ឯកសារដែល​បង្ហោះនៅ​គេហទំព័រគណៈកម្មាធិការបេតិកភណ្ឌយូណេស្កូ ព្រឹទ្ធាចារ្យ និងគ្រូគុនល្បុក្កតោ ចំនួន១២រូប ក្នុងនោះមានលោកគ្រូតា សាន គឹមស៊ានផងបាន​សរសេរ​លិខិត​បញ្ជាក់ស្នើ​សុំ​ការ​ចុះបញ្ជីនេះ៕

Tag:
 គុនល្បុក្កតោ
 សាន គឹមស៊ាន
  ណឹម សុវត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com