អន្តរជាតិ
នាយកស៊ើបការណ៍អាមេរិកថា ចិនមិនមានឆន្ទៈទទួលយកវ៉ាក់សាំងរបស់លោកខាងលិចទេ
04, Dec 2022 , 9:59 pm        
រូបភាព
នាយកការិយាល័យស៊ើបការណ៍ជាតិអាម៉េរិក Avril Haines។ រូបថត AFP
នាយកការិយាល័យស៊ើបការណ៍ជាតិអាម៉េរិក Avril Haines។ រូបថត AFP
ដោយ៖ តេង យ៉ាលីរ៉ូហ្ស៊ី​ 
 
ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង មិនមានឆន្ទៈក្នុងការទទួលយកវ៉ាក់សាំងរបស់លោកខាងលិចទេ​ បើទោះបីជាចិនកំពុងប្រឈមនឹងបញ្ហាកូវីដ-១៩ ក៏ដោយ។ នេះបើតាមការលើកឡើងរបស់ប្រមុខការិយាល័យស៊ើបការណ៍សម្ងាត់របស់អាមេរិកកាលពីថ្ងៃសៅរ៍។  ចិននឹងនៅតែបន្តពឹងផ្អែកលើវ៉ាក់សាំងដែលខ្លួនផលិតបានដដែលដើម្បីចាក់ឱ្យប្រជាជន។


 
ករណីឆ្លងប្រចាំថ្ងៃរបស់ចិន មានកើនឡើងខ្ពស់ក្នុងរយៈពេលចុងក្រោយនេះរហូតមានការប្រមូលផ្ដុំតវ៉ានៅតាមទីក្រុងជាច្រើនយ៉ាងកម្រទៀតផង។ ប៉ុន្តែទីក្រុងមួយចំនួនកំពុងសម្រួលការធ្វើតេស្ត និងការធ្វើចត្តាឡីស័កឱ្យបានធូរស្រាលជាងមុន ក្រោយការផ្ទុះកំហឹងតវ៉ានឹងការរឹតត្បិតដ៏តឹងរ៉ឹង។
 
ជុំវិញរឿងនេះ នាយកស៊ើបការណ៍ជាតិអាមេរិក លោកស្រី Avril Haines បានលើកឡើងថា ទោះបីជាវិបត្តិកូវីដប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចរបស់ចិនក៏ដោយ លោក ស៊ី មិនបង្ហាញឆន្ទៈក្នុងការទទួលយកវ៉ាក់សាំងដែលមានប្រសិទ្ធភាពពីលោកខាងលិចនោះទេ។ លោកស្រីបានបន្តទៀតថា ការតវ៉ានាពេលថ្មីៗនេះ មិនគំរាមដល់ការគ្រប់គ្រងរបស់បក្សកុម្មុយនីស្តចិនទេ តែអាចប៉ះពាល់ដល់ជំហរផ្ទាល់ខ្លួនរបស់លោក ស៊ី។
 
«ជាថ្មីម្តងទៀត នេះមិនមែនជាអ្វីដែលយើងមើលឃើញថា ជាការគំរាមដល់ស្ថិរភាពនៅពេលនេះ ឬការផ្លាស់ប្តូររបបអ្វីនោះទេ។ ការវិវត្តនៃស្ថានការណ៍ នឹងមានសារសំខាន់ចំពោះជំហររបស់ លោក ស៊ី។»លោកស្រី Haines បានលើកឡើងបែបនេះនៅក្នុងវេទិកាការពារជាតិ Reagan ប្រចាំឆ្នាំនៅរដ្ឋកាលីហ្វ័រញ៉ា។
 
មកទល់ពេលនេះ​ ចិនមិនទាន់ទទួលយកវ៉ាក់សាំងពីប្រទេសណាមួយទេ ដោយនៅតែពឹងផ្អែកលើវ៉ាក់សាំងផលិតក្នុងស្រុក។ ការសិក្សាមួយចំនួន បានបង្ហាញថា វ៉ាក់សាំងចិនមិនមានប្រសិទ្ធភាពដូច វ៉ាក់សាំងបរទេសមួយចំនួនក្នុងប្រឆាំងនឹងវីរុសអូមីក្រុងនោះទេ។
 
សេតវិមាន កាលពីដើមសប្តាហ៍នេះ បាននិយាយថា ចិនមិនបានស្នើសុំវ៉ាក់សាំងពីអាម៉េរិកនៅឡើយដែរ។ បើតាមទីភ្នាក់ងារព័ត៌មានមន្ត្រីអាមេរិកម្នាក់ មិនមានការរំពឹងទុកនោះទេថាចិននឹងទទួលយកវ៉ាក់សាំងរបស់លោកខាងលិចនេះជាបញ្ហាមោទនភាពជាតិ៕

Tag:
 កូវីដ-១៩
 ​ ចិន
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com