ជាតិ
ការគ្រប់គ្រង និងបែងចែកសម្បត្តិធនធានកម្មសិទ្ធិរួម តាមរយៈគុណតម្លៃព្រះពុទ្ធសាសនា
05, Dec 2022 , 8:30 am        
រូបភាព
ដោយ តេជានន្ទភិក្ខុ សាន ពិសិទ្ធិ
 
នៅពេលដែលមានការប្រារព្ធពិធីបុណ្យនៅតាមភូមិ សហគមន៍ និងជនបទនានា ប្រជាពលរដ្ឋខ្មែរនាសម័យមុន តែងតែទៅពឹងពាក់វត្តអារាមដើម្បីខ្ចីវត្ថុសម្ភារៈមួយចំនួនដូចជាឆ្នាំង កំសៀវ ប៉ាន់តែ កន្ទេល ឧបករណ៍បំពងសំឡេង និងវត្ថុសម្ភារៈជាច្រើនទៀត សម្រាប់ធ្វើបុណ្យទាន។ ការទៅពឹងពាក់វត្តអារាមដូចនេះ ដោយសំអាងហេតុផលថា វត្តអារាមគឺជាសម្បត្តិរួមរបស់សហគមន៍ និងម្យ៉ាងវិញទៀត សម្ភារៈទាំងនោះពុំសំបូរមាននៅតាមផ្ទះរបស់អ្នកស្រុកប៉ុន្មានឡើយ។ ការប្រាស្រ័យគ្នានេះ មិនត្រូវបានកំណត់ដោយតម្លៃទឹកប្រាក់ដូចទំនិញនៅលើទីផ្សារឡើយ ប៉ុន្តែជាទំនាក់ទំនងដែលឈរលើក្រមប្រវេណីសង្គម និងទឹកចិត្តរបស់ភាគីទាំងសងខាង។ ពាក្យថាទឹកចិត្តនេះហើយ ដែលបុរាណខ្មែរយើងតែងយល់ថាមានតម្លៃជាងទឹកប្រាក់នោះ ព្រោះទឹកប្រាក់ត្រូវបានកំណត់ដោយចំនួនតួលេខ ប៉ុន្តែទឹកចិត្តវិញ ពុំមានតួលេខណាមួយអាចកំណត់បានឡើយ។ យ៉ាងណាក៏ដោយ ដើម្បីរក្សាតម្លៃទឹកចិត្តនេះឲ្យមាននិរន្តរភាពទៅមុខទៀត ភាគីអ្នកខ្ចីទៅប្រើប្រាស់ តែងតែមានជូនជាទឹកប្រាក់ខ្លះៗសម្រាប់ការខូចខាតមួយចំនួនដែរ នៅពេលខ្លួនយករបស់ទាំងនោះមកប្រគល់ជូនវត្តអារាមវិញ។

 
ការប្រែប្រួលគឺជារឿងដែលមិនអាចចៀសផុត ព្រោះអ្វីៗទាំងអស់សុទ្ធតែស្ថិតនៅក្រោមច្បាប់នៃអនិច្ចលក្ខណៈធម៌ ​រួមបញ្ចូលទាំងតម្លៃទឹកចិត្តផងដែរ។ នៅក្នុងសេដ្ឋកិច្ចទីផ្សារសម័យទំនើបនេះ​ រាល់ការផ្គត់ផ្គង់ទំនិញ ឬការផ្ដល់សេវាកម្មនានា ត្រូវបានកំណត់ដោយតម្លៃទឹកប្រាក់ ពីព្រោះថាគ្មាននរណាម្នាក់អាចយកទឹកចិត្តទៅទិញគុយទាវមួយចាន ឬទិញសំបុត្រឡានពីបាត់ដំបងទៅភ្នំពេញបានទេ។ ដើម្បីមានតម្លៃនៅក្នុងសេដ្ឋកិច្ចទីផ្សារនេះ​ អ្វីៗតម្រូវឲ្យគណនាចេញជាចំនួនតម្លៃសាច់ប្រាក់ ទោះបីជារបស់ខ្លះមិនត្រូវធ្លាប់បានកំណត់ដោយតម្លៃទីផ្សារពីមុនមកក៏ដោយ។ ដោយសារតែសេដ្ឋកិច្ចអ្នកស្រុកមានការរីកចម្រើន ទំនៀមទម្លាប់ពឹងពាក់វត្ថុសម្ភារៈពីវត្តយកទៅធ្វើបុណ្យទានពីមុនមក ត្រូវបានជំនួសវិញដោយការជួល រហូតដល់កន្លែងខ្លះមានជួលទាំងលោកអាចារ្យទៀត។ ការផ្លាស់ប្ដូរពីការពឹងពាក់ទៅជាការជួលបែបនេះ អាចរាប់ថាជាការធ្វើតេស្ដសាកល្បងរវាងតម្លៃទឹកចិត្ត និងតម្លៃទឹកប្រាក់ ថាតើមួយណាមានប្រសិទ្ធភាពជាងនៅក្នុងសង្គមមួយដែលក្របដណ្ដប់ដោយសេដ្ឋកិច្ចទីផ្សារនេះ។ 
 
ការផ្លាស់ប្ដូរបែបនេះ អាចបណ្ដាលមកពីទំនោរយល់ថា ការប្រើប្រាស់សម្បត្តិធនធានរួមគ្នា បានបង្កឲ្យមានផលលំបាកច្រើន ព្រោះបុគ្គលម្នាក់ៗ តែងតែមានចង់ទាញយកផលប្រយោជន៍ពីធនធានរួមនោះ ច្រើនជាងមានគំនិតចង់ថែរក្សាឲ្យបានគង់វង្សយូរអង្វែង។ ផលវិបាកម្យ៉ាងទៀត គឺធនធានរួមជារបស់ដែលគ្មាននរណាម្នាក់ជាម្ចាស់កម្មសិទ្ធិផ្ដាច់មុខ ហើយរបស់ដែលគ្មានម្ចាស់កម្មសិទ្ធិនេះជារបស់ដែលមិនអាចកំណត់ថ្លៃនៅលើទីផ្សារបាន។ ក្រុមសេដ្ឋវិទូដែលមានទំនោរទៅខាងប្រព័ន្ធសេដ្ឋកិច្ចបែប​ក្លាស៊ីក (classical economists) យល់ថា៖ វត្ថុឬទំនិញដែលមិនអាចកំណត់ថ្លៃ (price) នៅលើទីផ្សារបាន គឺជារបស់ដែលគ្មានគុណតម្លៃអ្វីទាំងអស់ (value)។ ក្រុមសេដ្ឋវិទូខាងលើបានផ្ដល់ជាយោបល់ថា៖ ប្រសិនបើគេចង់ទាញយកផលប្រយោជន៍ពីធនធានរួមនោះ គេគួរតែធ្វើឯកជនភាវូបនីយកម្ម ដើម្បីបែងចែកសម្បត្តិធនធានកម្មសិទ្ធិរួមនោះឲ្យខាងឯកជនជាអ្នកកាន់កាប់ ប្រសើរជាងការទុកវាចោល។ 
 
ក្នុងឆ្នាំ ១៩៦៨ លោក Garrett Hardin ដែលជាបរិស្ថានវិទូសញ្ជាតិអាមេរិក បានបោះពុម្ពផ្សាយអត្ថបទមួយដែលមានចំណងជើងថា​៖​ «The Tragedy of the Commons» (សូមអនុញ្ញាតឲ្យខ្ញុំប្រែជាខេមរភាសាថា​៖ ​សោកនាដកម្មនៃសម្បត្តិធនធានកម្មសិទ្ធិរួម) នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្ដ​មួយ។ ក្នុង​អត្ថបទ​នោះ​ លោក Hardin បានលើកឡើងពី​វិនាសកម្ម​ធនធាន​ធម្មជាតិ​​ ដោយសារតែតម្រូវការគ្មានដែនកំណត់របស់មនុស្ស​។ លោក​បាន​ប្រដូច​សម្បត្តិ​ធនធានកម្មសិទ្ធិ​រួម​​ ទៅ​នឹងវាលស្មៅមួយកន្លែងនៅក្នុង​សហគមន៍​​ ដែល​សមាជិក​នៅ​ក្នុង​សហគមន៍​នោះ​​ មានសិទ្ធិស្មើគ្នាក្នុងការទាញយកផលពីវាលស្មៅនោះ តាមរយៈការចិញ្ចឹមសត្វ​ចៀម។​ លោក Hardin បាន​លើក​ឡើង​ពី​ឬសគល់បញ្ហាថា៖​ ទំនោរ​និស្ស័យមនុស្សតែ​ងតែ​ចង់​បាន​ផល​ចំណេញ​ច្រើនជាងអ្នកដទៃ។ ដូចនេះ​ ដើម្បីទទួល​បាន​ផល​ចំណេញ​កាន់​តែ​ច្រើន​​ ពួក​គេម្នាក់​ៗ​នឹងបន្ថែមចំនួនចៀម​​ទៅ​លើទីវាលនោះ ដែលធ្វើឲ្យចំនួន​សត្វ​ចៀម​កាន់​តែ​កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ​បរិមាណស្មៅ​បាន​ធ្លាក់​ចុះ​បន្តិចម្ដងៗ​ រហូត​ឈាន​ដល់​ចំណុច​មួយ​ដែល​លោក​ហៅថា​ជា៖​« សោកនាដកម្ម​នៃ​សម្បត្តិ​ធនធានកម្មសិទ្ធិ​រួម»​។​ 
 
ដើម្បីបញ្ឈប់សោកដនាដកម្មបែបនេះ លោក​ Hardin បាន​លើកឡើងនូវ​ដំណោះស្រាយចំនួនពីរគឺ៖​ ទី​មួយ​តម្រូវ​ឲ្យ​រដ្ឋ​ដកហូតយកសិទ្ធិប្រើប្រាស់ធនធានរួមនោះមកកាន់កាប់​ និង​ទី​ពីរ​តម្រូវ​ឲ្យ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​បែងចែក​សម្បត្តិ​ធនធាន​រួម​នោះទៅ​ឲ្យ​ឯក​ជន​កាន់​កាប់​វិញ​។ ការលើកឡើងរបស់លោក Hardin បែបនេះ បានទទួលការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកស្រឡាញ់បរិស្ថាន និងអ្នកមានទំនោរទៅលើសេដ្ឋកិច្ចទីផ្សារ រហូតដល់មានប្រទេសខ្លះបានអនុវត្តគោលនយោបាយកាត់បន្ថយអត្រាកំណើនប្រជាជនរបស់ខ្លួន ដោយលើកហេតុផលថាកំណើនប្រជានជនច្រើនគឺជាការរាំងស្ទះដល់ការលូតលាស់ផ្នែកសេដ្ឋកិច្ចជាតិជាដើម។ 
 
បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំពាក់ព័ន្ធនឹងអភិបាលកិច្ចសម្បត្តិធនធានកម្មសិទ្ធិរួម នៅក្នុងឆ្នាំ ១៩៩០ លោកស្រី Elinor Ostrom បានបោះពុម្ពផ្សាយសៀវភៅមួយដែលមានចំណងជើងថា៖ Governing the Commons (ការធ្វើអភិបាលកិច្ចសម្បត្តិធនធានកម្មសិទ្ធិរួម) ដើម្បីឆ្លើយតបទៅនឹងទស្សនៈរបស់លោក Hardin ដែលយល់ថាសម្បត្តិធនធានធម្មជាតិទទួលរងវិនាសកម្មដោយសារតែការប្រើប្រាស់រួមគ្នា។ លោកស្រី Ostrom បានលើកឡើងថាការឲ្យនិយមន័យទៅលើសម្បត្តិធនធានកម្មសិទ្ធិរួមរបស់លោក Hardin មិនបានឆ្លុះបញ្ជាំងពីតថភាពជាក់ស្ដែងនៅតាមសហគមន៍ដែលក្រុមលោកស្រីបានចុះទៅសិក្សាដោយផ្ទាល់នោះទេ។ លោកស្រីបានលើកឡើងថាក្នុងសហគមន៍នីមួយៗ តែងតែមានបទប្បញ្ញត្តិច្បាស់លាស់ ក្នុងការថែរក្សាការពារធនធនកម្មសិទ្ធិរួមរបស់ពួកគេ។ លើសពីនេះទៀត ពួកគេមានប្រព័ន្ធសង្គមជាក់លាក់ក្នុងការបែងចែកសម្បត្តិធនធានកម្មសិទ្ធិរួមបានយ៉ាងល្អ។ ពួកគេមិនបានទាញយកផលប្រយោជន៍ពីសម្បត្តិរួម ដោយភាពអនាធិបតេយ្យ គ្មានច្បាប់ ឬគ្មានទម្លាប់ ដូចជាការលើកឡើងរបស់លោក Hardin នោះទេ។ 
 
យោងតាមលោកស្រី Ostrom ការគ្រប់គ្រងនិងបែងចែកសម្បត្តិធនធានកម្មសិទ្ធិរួមតាមសហគមន៍នីមួយៗ អាចទទួលបានជោគជ័យដោយសារចំនុចសំខាន់បីយ៉ាងគឺ៖ ទី១ បទប្បញ្ញត្តិដែលមាននៅក្នុងសហគន៍នោះត្រូវបានដាក់ឲ្យដំណើរការអស់ជាច្រើនជំនាន់រួចមកហើយ។ ទី២ ប្រជាជនក្នុងសហគមន៍នោះ ពិតជាបានអនុវត្តតាមបទប្បញ្ញត្តិនោះដោយយកចិត្តទុកដាក់។ ទី៣ សមាជិកនៅក្នុងសហគមន៍នោះ បានចូលរួមចំណែកក្នុងការថែរក្សាសម្បត្តិធនធានកម្មសិទ្ធិរួមនោះ។ ការលើកឡើងពីប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បត្តិធនធានកម្មសិទ្ធិរួមនៅតាមសហគមន៍នីមួយៗរបស់លោកស្រីបែបនេះ ហាក់មានភាពផ្ទុយគ្នាទាំងស្រុងទៅនឹងក្រុមសេដ្ឋវិទូដែលមានទំនោរទៅលើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលជាទូទៅក្រុមសេដ្ឋវិទូទាំងនោះយល់ថា៖ ដើម្បីគ្រប់គ្រងនិងបែងចែកធនធានធម្មជាតិបានល្អ គេត្រូវតែធ្វើឯកជនភាវូបនីយកម្ម ចាត់ចែងធនធានរួមឲ្យវិស័យឯកជនជាអ្នកកាន់កាប់ដើម្បីធ្វើការអភិវឌ្ឍ។ ទោះបីជាការយល់ឃើញរបស់លោកស្រី Ostrom ផ្ទុយគ្នានឹងសេដ្ឋវិទូល្បីៗពីមុនមកក៏ដោយ ក៏ការសិក្សាស្រាវជ្រាវរបស់លោកស្រីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បញ្ញវន្ត ក៏ដូចជាសាធារណជនទូទៅ រហូតដល់គណកម្មការវាយតម្លៃរវង្វាន់ណូបែលសេដ្ឋកិច្ចពិភពលោក បានជ្រើសរើសលោកស្រីជាជ័យលាភីប្រចាំឆ្នាំ ២០០៩ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវរបស់លោកស្រី។ 
 
ខ្ញុំសូមទាញអារម្មណ៍មិត្តអ្នកអាន មកក្រឡេកមើលប្រព័ន្ធអភិបាលកិច្ចដ៏មានវ័យចំណាស់មួយនៅក្នុងព្រះពុទ្ធសាសនាវិញម្ដង ជាពិសេសគឺប្រព័ន្ធគ្រប់គ្រងនិងបែងចែកសម្បតិ្តធនធានកម្មសិទ្ធិរួមនៅតាមវត្តអារាមនានាក្នុងសហគមន៍ខ្មែរយើង ដើម្បីឈ្វេងយល់ថាតើការគ្រប់គ្រងសម្បត្តិធនធានកម្មសិទ្ធិរួមតាមបែបសហគមន៍ពិតជាមានប្រសិទ្ធភាពដូចជាការលើកឡើងរបស់លោកស្រី​ Ostrom ឬក៏ជាការនាំទៅរកហាយនភាពដូចជាការលើកឡើងរបស់លោក Hardin មែន។ តើ​វត្តអារាមព្រះ​ពុទ្ធសាសនា​មានប្រព័ន្ធគ្រប់គ្រង និងបែងចែកធនធានកម្មសិទ្ធិរួមដោយរបៀបណា? តើនរណាជាអ្នកមានសិទ្ធិសម្រេចទៅលើការបែងចែកកម្មសិទ្ធិរួមទាំងនោះ? 
 
ប្រសិនបើយើងទាំងអស់គ្នាសួរថា៖ តើវត្តអារាមជាកម្មសិទ្ធិរបស់នរណាម្នាក់នោះ ប្រាកដណាស់ថាគ្មាននរណាហ៊ានអះអាងថាវត្តជាកម្មសិទ្ធិរបស់ខ្លួនឡើយ ពីព្រោះថាវត្តអារាមគឺសម្បត្តិធនធានកម្មសិទ្ធិរួម ដែលទទួលស្គាល់ដោយច្បាប់ថាជា កម្មសិទ្ធិសមូហកភាព ដែលត្រូវបានបង្កើតឡើង និងថែរក្សាដោយសហគមន៍ពុទ្ធសាសនិក ក្រោមការធ្វើអភិបាលកិច្ចរបស់ព្រះភិក្ខុសង្ឃ និងគណកម្មការអាចារ្យវត្ត ដើម្បីបម្រើផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់ខ្លួន។ នេះអាចជាមូលហេតុមួយ ដែលសាធារណជនតែងតែទទួលបានអារម្មណ៍ដោយផ្ទាល់ ឬដោយប្រយោលថា៖​ វត្តគឺជាចំណែកមួយនៃលំនៅឋានរបស់ពួកគេដែរ ទោះបីជាពួកគេមិនបានស្នាក់នៅក្នុងទីនោះដោយផ្ទាល់ក៏ដោយចុះ។ 
 
នៅក្នុងព្រះពុទ្ធសាសនា វត្ថុណាដែលជាសម្បត្តិធនធានកម្មសិទ្ធិរួមលោកហៅថា៖ គរុភ័ណ្ឌ [អានថា៖​ គៈ-រុៈ-ភ័ន] ប្រែថាវត្ថុ ឬទ្រព្យដែលមានទម្ងន់ធ្ងន់។ វត្ថុដែលជាគរុភ័ណ្ឌនេះ សំដៅដល់គ្រឿងសម្ភារៈបរិក្ខាដែលបរិស័ទចំណុះជើងវត្ត បានបរិច្ចាគប្រគេនព្រះភិក្ខុសង្ឃនៅក្នុងវត្តអារាម។ ពាក់ព័ន្ធនឹងការផ្ដល់អត្ថន័យថាជា «វត្ថុមានទម្ងន់ធ្ងន់» នេះ ខ្ញុំយល់ថាលោកមិនមែនចង់សំដៅតែទម្ងន់នៃវត្ថុសម្ភារៈនោះតែម្យ៉ាងនោះទេ ប៉ុន្តែលោកចង់សង្កត់ធ្ងន់ពីទម្ងន់នៃទំនួលខុសត្រូវក្នុងការគ្រប់គ្រង និងបែងចែកវត្ថុសម្ភារៈដែលជាគរុភ័ណ្ឌនោះឲ្យមានសមធម៌និងយុត្តិធម៌។ ដើម្បីឲ្យមិត្តអ្នកអានបានជ្រាបអំពីចំនុចនេះកាន់តែច្បាស់ សូមអនុញ្ញាតឲ្យខ្ញុំស្រង់យកនូវវត្ថុគរុភ័ណ្ឌដែលមានរៀបរាប់នៅក្នុងព្រះវិន័យបិដកដូចតទៅនេះ។ នៅក្នុងព្រះវិន័យបិដកបានបែងចែកវត្ថុដែលជាគរុភ័ណ្ឌទៅជា ២៥ ប្រភេទគឺ៖ ១) ​គុម្ពផ្កា និង​ដើមឈើ ២)ទីដែល​សំរាប់ដាំ​គុម្ពផ្កា និង​ដើមឈើ ៣)កុដិ ៤) ទី ដែល​សំរាប់សង់​កុដិ ៥) គ្រែ ៦) តាំង ៧) ពូក ៨) ខ្នើយ ៩) ឆ្នាំង​លោហៈ ១០) ស្នូក​លោហៈ ១១) ក្អមលោហៈ ១២) ផើងលោហៈ ១៣) កាំបិត ១៤) ពូថៅ ១៥) ដឹង ១៦) ចប ១៧) ពន្លាក (ឬដែក​កណ្តារ) ១៨) វល្លិប្រវែង​មួយលូក​ឡើងទៅ ១៩) ឫស្សី​ប្រវែង៨ធ្នាប់​ឡើងទៅ ២០) ស្មៅដំណេកទន្សាយ ២១) ស្មៅយាប្លង ២២) ស្មៅធម្មតា ២៣) ដីស្អិត ២៤) គ្រឿងធ្វើ​នឹងឈើ ២៥) គ្រឿងធ្វើ​នឹងដី។ 
 
ដើម្បីថែរក្សាសម្បត្តិធនធានកម្មសិទ្ធិរួមនោះឲ្យមាននិរន្តរភាពយូរអង្វែង ព្រះសម្មាសម្ពុទ្ធបានបញ្ញត្តិច្បាប់ពាក់ព័ន្ធជាច្រើន ដើម្បីបញ្ចៀសការកិបកេងយកសម្បត្តិរួមនោះ ទៅបម្រើតែផលប្រយោជន៍បុគ្គលដូចជា៖ ការមិនអនុញ្ញាតឲ្យភិក្ខុសង្ឃអង្គណាយកវត្ថុដែលជាគរុភ័ណ្ឌនោះទៅបែងចែកធ្វើជាសម្បត្តិផ្ទាល់ខ្លួនជាដើម។ ប្រសិនបើភិក្ខុអង្គណា ត្រូវការប្រើប្រាស់ អាចសុំខ្ចី ឬយកវត្ថុណាមួយដែលមានតម្លៃស្មើមកដោះដូរបាន ក្រោមការព្រមព្រៀងពីសំណាក់សហគមន៍សង្ឃ។ សម្រាប់ភិក្ខុសង្ឃអង្គណាដែលហ៊ានយកវត្ថុគរុភ័ណ្ឌនោះទៅប្រគល់ឲ្យជនដទៃ មិនថាបុគ្គលនោះជាអ្នកបួស​​ ឬជាបរិស័ទចំណុះជើងវត្តទេ ប្រសិនបើមិនមានការព្រមព្រៀងពីសហគមន៍សង្ឃទេ ភិក្ខុសង្ឃអង្គនោះត្រូវមានទោសឈ្មោះថា​៖ ថុល្លច្ច័យ [អានថា៖​ ថុល-លៈ-ច័យ] មានន័យថាទោសដ៏គ្រោគគ្រាត ជាទោសកម្រិតទី៣ ក្នុងចំណោមទោសទាំង ៧ កម្រិតរបស់ព្រះភិក្ខុសង្ឃ។ 
 
បន្ថែមពីលើនេះទៀត ព្រះពុទ្ធអង្គបានពោលតិះដៀលភិក្ខុសង្ឃអង្គណាដែលហ៊ានយកវត្ថុដែលជាគរុភ័ណ្ឌសង្ឃ ទៅ​ផ្គាប់ផ្គុន​គ្រហស្ថអ្នកគ្រប់គ្រងផ្ទះ ក្នុងគោលបំណងបម្រើលាភសក្ការៈផ្ទាល់ខ្លួនថាជា «មហាចោរ» ក្នុងលោក (សូមរកអានចំនុចនេះបន្ថែមនៅក្នុងព្រះត្រៃបិដកខ្មែរ លេខ ០១ ទំព័រ ២៩៥)។ ប៉ុន្តែនៅក្នុងព្រះវិន័យក៏មានចំនុចខ្លះលើកលែងដែរថា៖ ប្រសិនណាបើភិក្ខុសង្ឃអង្គនោះគ្រាន់តែអនុញ្ញាតឲ្យគេខ្ចីបណ្ដោះអាសន្ន ក្នុងគោលបំណងយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងសហគមន៍នោះ មិនរាប់ថាមានទោសកំហុសអ្វីឡើយ។ បន្ថែមពីលើច្បាប់ដែលមានស្រាប់នៅក្នុងព្រះវិន័យ ព្រះភិក្ខុសង្ឃ និងគណកម្មការនៅតាមវត្តអារាមនានា ក៏មានការព្រមព្រៀមគ្នាបង្កើតជាបទប្បញ្ញត្តិបន្ថែមមួយចំនួនទៀត ដើម្បីធ្វើបច្ចុប្បន្នភាពឲ្យស្របទៅតាមពេលវេលានិងទីកន្លែង ក្នុងគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចធនធានកម្មសិទ្ធិរួមមួយនេះ ឲ្យកាន់តែមានប្រសិទ្ធិភាពឡើង។ 
 
ត្រឡប់ទៅសំនួរខាងដើមវិញថាតើប្រព័ន្ធអភិបាលកិច្ចបែបនេះមានចីរភាពដែរឬទេ? ជាទូទៅគេអាចទាញសេចក្តីសន្និដ្ឋានបានថា៖ ចានមួយដែលត្រូវបានប្រើដោយមនុស្សច្រើនគ្នា ងាយនឹងខូចខាចបាក់បែកជាងចានដែលមានមនុស្សតែពីរឬបីនាក់ប្រើប្រាស់។ ប៉ុន្តែបើគេចោទជាសំនួរមួយផ្សេងទៀតថា៖ តើរវាងចានទាំងពីរខាងលើនោះ តើចានមួយណាបានបម្រើផលប្រយោជន៍ដល់សហគមន៍ច្រើនជាង? ខ្ញុំយល់ថា អស់លោកអ្នកអានប្រហែលជាជ្រើសរើសយកចានទីមួយដូចជារូបខ្ញុំដែរហើយ ថ្វីដ្បិតថាចានទីមួយវាមានរូបរាងចាស់និងបាក់បែកបន្តិចមែន ប៉ុន្តែយ៉ាងហោចណាស់ក៏មនុស្សច្រើនគ្នាអាចយកទៅប្រើប្រាស់ដើម្បីសម្រួលដល់ភាពលំបាករបស់ពួកគេបានដែរ។ 
 
បើក្រឡេកមើលពីនិរន្តរភាពនៃប្រព័ន្ធអភិបាលកិច្ចបែបព្រះពុទ្ធសាសនានេះវិញ ធ្វើឲ្យយើងកាន់តែកោតសរសើរ និងចង់សិក្សាឈ្វេងយល់ពីភាពរឹងមាំរបស់ប្រព័ន្ធមួយនេះបន្ថែមទៀត។ បើយោងតាមរបាយការណ៍ស្ថិតិ ដែលចេញដោយក្រសួងធម្មការនិងសាសនាក្នុងឆ្នាំ ២០២១-២០២២ បានបង្ហាញថា៖ វត្តអារាមនៅក្នុងប្រទេសកម្ពុជាសរុបមានចំនួន ៥១០៤ វត្ត។ ក្នុងចំណោមវត្តទាំង ៥១០៤ នោះ មានវត្តខ្លះជាវត្តដែលទើបតែបង្កើតថ្មី និងវត្តខ្លះទៀតមានអាយុកាលពីបួនទៅប្រាំសតវត្សរ៍មកហើយ។ ការតាំងនៅយូរអង្វែងនៃអាយុកាលរបស់វត្តនីមួយៗបែបនេះ ជាការសបញ្ជាក់ពីប្រសិទ្ធិភាពនៃប្រព័ន្ធអភិបាលកិច្ចសម្បត្តិធនធានកម្មសិទ្ធិរួមតាមបែបសហគមន៍ព្រះពុទ្ធសាសនា។ ប្រសិទ្ធិភាពនេះកើតចេញពីគុណតម្លៃនៃគោលការណ៍នៅក្នុងព្រះពុទ្ធសាសនា និងសមាជិកដែលមានទំនុកចិត្តថា វត្តអារាមព្រះពុទ្ធសាសនានៅតែផ្ដល់ប្រយោជន៍ដល់សហគមន៍របស់ខ្លួន។ 
 
សរុបសេចក្តីមក ការប្រើប្រាស់សម្បត្តិធនធានកម្មសិទ្ធិរួម ឬកម្មសិទ្ធិសមូហកភាពនេះ មិនមែនសុទ្ធតែនាំទៅរកវិនាសកម្មដូចជាការលើកឡើងរបស់លោក Hardin នោះទេ ពីព្រោះថានៅតាមសហគមន៍នីមួយៗតែងតែមានគោលការណ៍ច្បាប់ផ្ទាល់ខ្លួន នៅក្នុងការថែរក្សាសម្បត្តិរួមរបស់ពួកគេឲ្យបានគង់វង់ ដូចជាប្រព័ន្ធអភិបាលកិច្ចតាមបែបព្រះពុទ្ធសាសនាជាដើម។ ការលើកឡើងបែបនេះ ម្ចាស់សំនេរពុំមានចេតនាណាមួយ ទាមទារឲ្យមានការដកហូតកម្មសិទ្ធិឯកជនទាំងអស់ មកដាក់ជាកម្មសិទ្ធិសមូហកភាពរួមតាមបែបប្រព័ន្ធសហករណ៍ដូចរបបកម្ពុជាប្រជាធិបតេយ្យសម័យខ្មែរក្រហមនោះទេ។ ម្ចាស់សំនេរគ្រាន់តែព្យាយាមឈ្វេងយល់បន្ថែមពីប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បត្តិធនធានកម្មសិទ្ធិរួមដែលបានលើកឡើងដោយលោកស្រី Ostrom តាមរយៈប្រព័ន្ធអភិបាលកិច្ចដ៏មានវ័យចំណាស់មួយនៅក្នុងសហគមន៍ព្រះពុទ្ធសាសនាប៉ុណ្ណោះ។ ការសិក្សានេះ បានបង្ហាញឲ្យឃើញពីនិរន្តរភាព និងគុណតម្លៃនៃសម្បត្តិធនធានកម្មសិទ្ធិរួមនៅក្នុងសហគមន៍នីមួយៗ ដែលពុំគួរត្រូវបានគេដកហូតធ្វើឯកជនភាវូបនីយកម្មបែងចែកឲ្យបុគ្គល ឬក្រុមឯកជនកាន់កាប់ក្នុងរូបភាពអភិវឌ្ឍន៍ណាមួយសោះឡើយ។ លើសពីនេះទៀត សម្បត្តិធនធានកម្មសិទ្ធិរួមដូចជាករណីវត្តអារាមព្រះពុទ្ធសាសនាជាដើមនេះ នៅតែបម្រើផលប្រយោជន៍សហគមន៍ជាច្រើនមិនថាជាផ្នែកស្មារតីចិត្តគំនិត ប្រពៃណី វប្បធម៌ ឬជាជម្រកលំនៅដ្ឋានដល់ព្រះសង្ឃ និស្សិត សិស្សានុសិស្ស និងជនដែលគ្មានជម្រកជាច្រើននាក់ទៀតដែលត្រូវការពឹងអាស្រ័យធនធានរួមរបស់សហគមន៍នេះ៕
 
តេជានន្ទភិក្ខុ សាន ពិសិទ្ធិ
សាកលវិទ្យាល័យ TalTech ទីក្រុងតាលីន ប្រទេសអ៊ីស្តូនី សហភាពអឺរ៉ុប
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២

Tag:
 ព្រះពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com