FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ អង់គ្លេសកក់កៅអីវគ្គ ៨ក្រុមបន្ទាប់ពីបារាំង ក្រោយយកឈ្នះសេណេហ្កាល់យ៉ាងងាយស្រួល
05, Dec 2022 , 3:53 am        
រូបភាព
តោកំណាចអង់គ្លេសជាក្រុមទី៤ កក់កៅអីវគ្គ ៨ក្រុមចុងក្រោយបន្ទាប់ពីបារាំង ក្រោយប្រកួតយកឈ្នះលើសេណេហ្កាល់ដោយលទ្ធផល ៣-០ យ៉ាងងាយស្រួល នាកីឡដ្ឋាន Al Bayt ប្រទេសកាតារាត្រីថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែធ្នូ។ អង់គ្លេសឈានជើងឡើងដល់វគ្គ ៨ក្រុមលើក ១១ក្នុងប្រវត្តិសាស្ត្រខ្លួននៅព្រឹត្តិការណ៍ World Cup។



ជ័យជម្នះដ៏ត្រជៈត្រចងដែលអង់គ្លេសរកបានលើក្រុមតោកំណាចទ្វីបអាហ្រ្វិក សេណេហ្កាល់ទាំង ៣គ្រាប់កើតឡើងដោយការសហការគ្នាយ៉ាងល្អនិងការយល់ចិត្តគ្នាក្នុងការប្រកួតពីសំណាក់កីឡាករអង់គ្លេស។ គ្រាប់ដំបូងកើតឡើងសម្រាប់អង់គ្លេសនៅនាទីចុងវគ្គទីមួយដោយ Jordan Henderson នៅនាទី៣៩ គ្រាប់ទីពីរកើតឡើងដោយ Harry Kane ហៀបនឹងបញ្ចប់វគ្គទីមួយនាទី៤៥+៣ និងគ្រាប់ទីបីកើតឡើងក្នុងវគ្គទីពីរ ដោយ Bukayo Saka សម្រេចទីបានយ៉ាងល្អនៅនាទី៥៧ ដែលជាការបញ្ជូនដ៏ល្អពី Phil Foden។ 
 
លទ្ធផល ៣-០ តាំងពីនាទី៥៧ បានបន្តអូសបន្លាយរហូតដល់ចប់ការប្រកួតបើទោះបីអង់គ្លេសព្យាយាមសម្រុកដាក់សម្ពាធខ្លាំងលើសេណេហ្កាល់ក្តី។ 
 
អង់គ្លេសក្រុមចំណាត់ថ្នាក់លេខ៤ នៅព្រឹត្តិការណ៍ World Cup 2018 ប្រទេសរុស្ស៊ី មកដល់ឆ្នាំ ២០២២ នៃការប្រកួតក្នុងប្រទេសកាតានេះ ពួកគេហាក់បីបង្ហាញទម្រង់លេងជាមួយទំនក់ចិត្តបានយ៉ាងល្អក្នុងការប្រកួតវគ្គជម្រុះ ១៦ក្រុមទល់សេណេហ្កាល់។ 
 
អង់គ្លេសបង្ហាញវត្តមាននៅ World Cup ចំនួន ១៦លើក ហើយក្នុងឆ្នាំ ២០២២ ឈានជើងទៅដល់វគ្គ ៨ក្រុមចុងក្រោយលើកទី ១១ ប្រចាំប្រវត្តិសាស្រ្ត ក្នុងនាមជាក្រុមជើងឯក ១សម័យកាល។ អង់គ្លេសនឹងត្រូវជួបបារាំងនៅវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup 2022៕ 
 
 
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com