ជាតិ
បាក់ឌុបព្រឹកដំបូង៖ កូវីដ, ថប់ដង្ហើម, វិលមុខ, ឆ្អល់ពោះ, ពោះវៀនដុះខ្នែង.. បញ្ហាសុខភាពបេក្ខជន
05, Dec 2022 , 11:21 am        
រូបភាព
ប្រភពរូបថត៖ Moeys Cambodia និង ACU
ប្រភពរូបថត៖ Moeys Cambodia និង ACU
កូវីដ-១៩, ថប់ដង្ហើម, វិលមុខ, ឆ្អល់ពោះ និងករណីទើបវះកាត់ពោះវៀនដុះខ្នែង.. ទាំងនេះ ជាបញ្ហាសុខភាពដែលលេចឡើងនាព្រឹកថ្ងៃទីមួយនៃដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៥ធ្នូ ២០២២។


ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហោះជាបន្តបន្ទាប់អំពីករណីបេក្ខជនដែលមានបញ្ហាសុខភាពនាអំឡុងពេលប្រឡងនៅព្រឹកថ្ងៃទី១នេះ ដោយបេក្ខជនទាំងនោះមាននៅខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ និងមណ្ឌលគិរី។
 
នៅវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ខេត្តឧត្តរមានជ័យ សិស្សស្រីម្នាក់មានវិជ្ជមានកូវីដ-១៩ ដូច្នេះគាត់ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែក។ ប្រធានមន្ទីរអប់រំ ខេត្តអះអាងថា មន្ទីរបានយកទូសម្លាប់មេរោគដើម្បីសម្លាប់មេរោគលើសន្លឹកកិច្ចការរបស់បេក្ខជន ដោយមានការពិនិត្យ និងឯកភាពពីខាងសុខាភិបាលផងដែរ។
 
នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្នារ ខេត្តត្បូងឃ្មុំ សិស្សស្រីម្នាក់ មានអាការៈថប់ដង្ហើម និងវិលមុខ ក្រោយទទួលបានការសង្គ្រោះបឋម នាងអាចបន្តដំណើរការប្រឡងរបស់ខ្លួន។ ករណីស្រដៀងគ្នា កើតឡើងនៅមណ្ឌលវិទ្យាល័យសុខាផល្លី ខេត្តកំពង់ស្ពឺ ប៉ុន្តែក្រោយប្រធានមណ្ឌលផ្តល់កន្លែងឲ្យសម្រាក រួចចូលប្រឡងវិញ អាការៈបេក្ខជនរូបនេះ កាន់តែមិនសូវស្រួលខ្លាំង ទើបត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្ត។
 
នៅមណ្ឌលបឋមសិក្សាចំបក់ ខេត្តកំពង់ស្ពឺ បេក្ខជនមួយរូបមានសភាពថប់ដង្ហើម ហើយត្រូវបានអនុញ្ញាតឲ្យប្រឡងនៅខាងក្រៅ។ រីឯមណ្ឌលវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ខេត្តត្បូងឃ្មុំ បេក្ខជនដែលជាសិស្សស្រីមួយរូប វិលមុខ ឆ្អល់ពោះ ដោយសារមិនបានញ៉ាំបាយព្រឹក។ គាត់ត្រូវបានអនុញ្ញាតឲ្យសម្រាកញ៉ាំបាយ និងថ្នាំ រួចចូលបន្ទប់ប្រឡងធម្មតាឡើងវិញ។
 
នៅមណ្ឌលសាលាបឋមសិក្សាអង្គសិរី ខេត្តកំពង់ស្ពឺ ក៏មានបេក្ខជនម្នាក់មិនសូវស្រួលខ្លួនផងដែរ តែក្រោយទទួលបានការពិនិត្យសុខភាពពីក្រុមគ្រូពេទ្យប្រចាំមណ្ឌល បេក្ខជនរូបនោះ រួចឣាចបន្តការប្រឡងធម្មតា ។ រីឯនៅមណ្ឌលសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បេក្ខជនម្នាក់ធ្លាប់មានជំងឺប្រចាំកាយ ហើយភ្លេចយកថ្នាំទៅលេប។ ក្រោយពេទ្យឲ្យថ្នាំលេប គាត់បន្តការប្រឡងធម្មតា។
 
នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ត្បូង ឯណោះវិញ បេក្ខជនម្នាក់ថ្នាក់វិទ្យាសាស្ត្រសង្គម ទើបនឹងវះកាត់ពោះវៀនដុះខ្នែង។ ចំពោះករណីនេះ ប្រធានមណ្ឌល និងគណៈត្រួតពិនិត្យអាគារបានអនុញ្ញាតឲ្យបេក្ខជនប្រឡងនៅក្នុងបន្ទប់សុខភាព។ 
 
 
ក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងចំណោមបេក្ខជនដែលមានបញ្ហាសុខភាព បេក្ខជនមួយចំនួន បន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ 
 
 
ជាមួយគ្នានេះ ក្រសួងជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង។ 
 
នៅថ្ងៃប្រឡងទីមួយនេះ ថ្នាក់វិទ្យាសាស្ត្រ មានមុខវិជ្ជា ប្រវត្តិវិទ្យា និងជីវវិទ្យា ពេលព្រឹក ហើយបន្តដោយគីមីវិទ្យា និងភាសាបរទេសនាពេលរសៀល។ រីឯថ្នាក់វិទ្យាសាស្ត្រសង្គមវិញ ផ្តើមដោយមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា បន្ទាប់មកប្រវត្តិវិទ្យា នៅពេលព្រឹក ហើយបន្តដោយភូមិវិទ្យា និងភាសាបរទេស នៅពេលរសៀល៕
 
 

Tag:
 អប់រំ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com