អន្តរជាតិ
លោក ត្រាំ រងការរិះគន់ជុំវិញការអំពាវនាវឱ្យលុបចោលផ្នែកខ្លះក្នុងរដ្ឋធម្មនុញ្ញ
05, Dec 2022 , 11:59 am        
រូបភាព
អតីតប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី៤ ខែធ្នូ ត្រូវបានសមាជិកសភាដែលមកពីបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរិះគន់ ហើយព្រមទាំងជំរុញឱ្យបក្សសាធារណរដ្ឋពិចារណាជ្រើសរើសបេក្ខជននៅឆ្នាំ២០២៤ ឱ្យបានហ្មត់ចត់ទៀតផង បន្ទាប់ពី លោក ត្រាំ ទទូចឱ្យលុបចោលផ្នែកខ្លះនៃរដ្ឋធម្មនុញ្ញ ហើយលើកលោកឡើងជាប្រធានាធិបតីវិញ។

 
លោក ដូណាល់ ត្រាំ ដែលចាញ់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ២០២០ នៅថ្ងៃទី៣ ខែធ្នូ បង្ហោះសារលើបណ្តាញសង្គមរបស់លោកឈ្មោះ Truth Social ដោយអំពាវនាវឱ្យលុបចំណុចខ្លះនៃរដ្ឋធម្មនុញ្ញជុំវិញអំណះអំណាងរបស់លោកដែលថា មានការក្លែងបន្លំសន្លឹកឆ្នោតកាលពីឆ្នាំ២០២០។ 
 
«ការក្លែងបន្លំដ៏ធ្ងន់ធ្ងរនៃកម្រិតនេះអនុញ្ញាតឱ្យមានការបញ្ចប់ច្បាប់ បទបញ្ជា និងមាត្រាទាំងអស់សូម្បីតែអ្វីដែលមានក្នុងរដ្ឋធម្មនុញ្ញ»។ លោក ត្រាំ សរសេរបែបនេះក្នុងបណ្តាញសង្គម Truth Social ដែលបង្កើតដោយលោក។ បើតាមអតីតប្រធានាធិបតីរូបនេះ ស្ថាបនិកដ៏អស្ចារ្យរបស់អាម៉េរិកមិនចង់ និងមិនលើកលែងទោសលើការបោះឆ្នោតដោយក្លែងបន្លំ និងក្លែងក្លាយនោះទេ។ 
 
យ៉ាងណាមិញ ការទទូចរបស់លោក ត្រាំ ដែលទើបប្រកាសឈរឈ្មោះជាប្រធានាធិបតីអាម៉េរិកម្តងទៀតសម្រាប់ការបោះឆ្នាតឆ្នាំ២០២៤ រងការរិះគន់ពីសំណាក់មន្រ្តីទាំងមកពីបក្សសាធារណរដ្ឋរបស់លោក និងបក្សប្រជាធិបតេយ្យ។ លោក Hakeem Jeffries ដែលត្រូវបានជ្រើសរើសជាមេដឹកនាំថ្មីរបស់បក្សប្រជាធិបតេយ្យនៅរដ្ឋសភាលើកឡើងថា បក្សសាធារណរដ្ឋនឹងត្រូវតែសម្រេចចិត្តថាតើត្រូវបន្តទទួលយកទស្សនៈប្រឆាំងលទ្ធិប្រជាធិបតេយ្យរបស់លោក ត្រាំ ឬយ៉ាងណា។
 
« បក្សប្រជាធិបតេយ្យ​នឹងត្រូវដោះស្រាយបញ្ហារបស់ពួកគេជាមួយអតីតប្រធានាធិបតី ហើយសម្រេចថាតើពួកគេនឹងផ្តាច់ខ្លួនពីលោកត្រាំ ហើយត្រឡប់ទៅរកភាពសមហេតុផលខ្លះ ឬបន្តរេទៅរកភាពជ្រុលនិយមដែលមិនតែលោក ត្រាំ ប៉ុណ្ណោះទេ តែត្រាំនិយម»។ នេះបើតាមការលើកឡើងរបស់លោក Jeffries នៅថ្ងៃទី៤ ខែធ្នូ។
 
រីឯ លោក Mike Turner សមាជិកសភាតំណាងរដ្ឋ Ohio និងជាមន្រ្តីបក្សសាធារណរដ្ឋជាន់ខ្ពស់ក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាបញ្ជាក់ថា លោកមិនយល់ស្រប និងថ្កោលទោសយ៉ាងអហង្ការលើសម្តីរបស់លោក ត្រាំ។ បើតាមលោក Turner នោះគួរជាកត្តាដែលបក្សសាធារណរដ្ឋសម្រេចថាអ្នកណាគួរតែដឹកនាំបក្សរបស់ពួកគេនៅឆ្នាំ២០២៤។
 
ចំណែក លោក Mike Lawler ដែលជាសមាជិករដ្ឋសភាមកពីបក្សសាធារណរដ្ឋក៏ជំទាស់ទៅនឹងការលើកឡើងរបស់លោក ត្រាំដែរ។ លោក Lawler បញ្ជាក់ថា រដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើងសម្រាប់ហេតុផលមួយគឺការពារសិទ្ធិជនជាតិអាម៉េរិកគ្រប់គ្នា ហើយជំរុញឱ្យលោក ត្រាំគិតគូរពីអនាគតវិញ បើឈរឈ្មោះជាប្រធានាធិតីអាម៉េរិកម្តងទៀត។
 
ទន្ទឹមនេះ សេតវិមានក៏បានចេញសេចក្តីថ្លែងការណ៍វាយប្រហារអតីតប្រធានាធិបតីដែរ ដោយអះអាងថា លោក ត្រាំ ស្រឡាញ់អាម៉េរិកតែនៅពេលឈ្នះការបោះឆ្នោតប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ការវាយប្រហាររដ្ឋធម្មនុញ្ញ និងអ្វីទាំងអស់ដែលវាតំណាងឱ្យគឺជាការប្រមាថដល់ដួងព្រលឹងជាតិអាម៉េរិក។
 
សូមបញ្ជាក់ថា លោក ត្រាំ ជាប្រធានាធិបតីអាម៉េរិកតែម្នាក់គត់ក្នុងប្រវត្តិសាស្រ្តដែលត្រូវបានរដ្ឋសភាបោះឆ្នោតដកចេញពីតំណែងពីរដង។ លោក ត្រាំ វ័យ ៧៦ ឆ្នាំ ក៏កំពុងប្រឈមនឹងការស៊ើបអង្កេត និងពាក្យបណ្តឹងជាច្រើនក្នុងរដ្ឋជាច្រើនទូទាំងអាម៉េរិកក្នុងនោះរួមមានការលួចលាក់ឯកសារសម្ងាត់ជាតិ បន្ទាប់ពីលោកចុះចេញពីតំណែងកាលពីខែមករា ឆ្នាំ២០២១។ 
 
បន្ថែមពីលើនេះ លោកក៏ស្ថិតក្រោមការស៊ើបអង្កេតពីរករណីផ្សេងគ្នានៅរដ្ឋ New York ដែលមួយជាបណ្តឹងស៊ីវិល និងមួយទៀតជាបណ្តឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការក្លែងបន្លំ ក៏ដូចជាសំណុំរឿងគេចពន្ធរបស់ក្រុមហ៊ុនត្រាំ (Trump Organization)។ នៅរដ្ឋ Georgia វិញ លោក ត្រាំ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីតួនាទីរបស់លោកក្នុងការប៉ុនប៉ងមិនទទួលយកលទ្ធផលបោះឆ្នោតឆ្នាំ២០២០៕
 
 
 
 
 
 
 
 
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com