FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ស្បែកជើងមាស World Cup៖ Mbappe កំពុងនាំមុខគេ ក្រោយរកបាន៥គ្រាប់
05, Dec 2022 , 12:29 pm        
រូបភាព
Kylian Mbappe អបអរគ្រាប់បាល់នៅចំពោះមុខកាម៉េរ៉ា។ រូបថត៖ Xinhua
Kylian Mbappe អបអរគ្រាប់បាល់នៅចំពោះមុខកាម៉េរ៉ា។ រូបថត៖ Xinhua
Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯង ដើម្បីជួយក្រុមការពារជើងឯកបារាំងឈ្នះប៉ូឡូញ ៣-១ បន្តកៅអីទៅកាន់វគ្គ១/៤ផ្តាច់ព្រ័ត្រ FIFA World Cup 2022។ ពីរគ្រាប់បន្ថែមនេះ បានជួយ Mbappe កើនគ្រាប់ស៊ុតដល់៥គ្រាប់ហើយ និងនាំមុខគេក្នុងការប្រជែងតំណែងស្បែកជើងមាស (Golden Boot) ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅកាតា។



Mbappe ខ្សែប្រយុទ្ធឆ្នើមក្រុម Paris Saint-Germain នាំមុខបណ្តោះអាសន្នក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនគេដោយរកបាន៥គ្រាប់ នាំមុខកីឡាករ៧រូបទៀតដែលរកបាន៣គ្រាប់រៀងខ្លួន។
កីឡាករទាំង៧រូបដែលរកបាន៣គ្រាប់ រួមមាន Lionel Messi ប្រធានក្រុមអាហ្សង់ទីន, Alvaro Morata របស់អេស្ប៉ាញ, Enner Valencia របស់អេក្វាទ័រ, Cody Gakpo របស់ហូឡង់ រូមជាមួយ Bukayo Saka និង Marcus Rashford របស់អង់គ្លេស។ យ៉ាងណា Enner Valencia អស់ឱកាសប្រជែងស្បែកជើងមាសពី World Cup ឆ្នាំ២០២២នេះ ដ្បិតអេក្វាទ័រហាលអាវនៅវគ្គចែកពូលទៅហើយ។
 
ដោយឡែកកីឡាករដែលរកបាន២គ្រាប់ ហើយនៅមានឱកាសប្រជែង Golden Boot មាន Bruno Fernandes (ព័រទុយហ្កាល់) Richarlison (ប្រេស៊ីល) Ferran Torres (អេស្ប៉ាញ) Breel Embolo (ស្វ៊ីស) Ritsu Doan (ជប៉ុន) Andrej Kramaric (ក្រូអាស៊ី) និង Cho Gue-sung (កូរ៉េខាងត្បូង)។
 
Harry Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេស ជាម្ចាស់ស្បែកជើងមាស World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី ជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីសរុប៦គ្រាប់ ដោយនាំមុខគូប្រជែង៣រូបទៀតដែលរកបាន៤គ្រាប់៕
 

Tag:
 World Cup
  FIFA
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com