ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ នាយកសាសាបឋមសិក្សាក្តីដូង បារម្ភសិស្ស​ប្រើទូរសព្ទច្រើនម៉ោង​ពេល​នៅផ្ទះ
06, Dec 2022 , 7:59 am        
រូបភាព
សាលាបឋមសិក្សាក្ដីដូង ក្នុងភូមិក្ដីដូង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សាលាបឋមសិក្សាក្ដីដូង ក្នុងភូមិក្ដីដូង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដោយ៖ យន តាន់អា (យុវជនឃុំក្ដីដូង)

កំពង់ធំ៖ នៅសាលាបឋមសិក្សាក្ដីដូង ស្ថិតក្នុងភូមិក្ដីដូង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ មិនអនុញ្ញាតឱ្យសិស្សានុសិស្ស​ ប្រើប្រាស់ទូរស័ព្ទអំឡុងម៉ោងសិក្សានោះឡើយ។ ប៉ុន្តែនាយករងសាលាបឋមសិក្សានេះ បារម្ភពីការប្រើប្រាស់ទូរស័ព្ទរបស់សិស្ស​ នៅឯគេហដ្ឋានរបស់ពួកគេជាង។ 
 
ជុំវិញការប្រើប្រាស់ទូរស័ព្ទនេះ លោក ហេង សារ៉ុម នាយករងសាលាបឋមសិក្សាក្ដីដូង លើកឡើងថា សិស្សានុសិស្សដេលមានទូរស័ព្ទ​ប្រើប្រាស់​ មានចំនួនតិចតួចណាស់ ហើយពួកគេជា​សិស្សថ្នាក់ទី៥ និងថ្នាក់ទី៦។ បើតាមការសង្កេតរបស់ លោក ហេង សារ៉ុម ​សកម្មភាពប្រើ​ប្រាស់ទូរស័ព្ទ smart phone នេះកើតមានចាប់ពីអំឡុងពេលនៃ​ការរាតត្បាត នៃជំងឺកូវីដ-១៩ ហើយសិស្សត្រូវរៀនពីផ្ទះ ដែលបណ្ដាលឱ្យអាណាព្យាបាល ដែលមានលទ្ធភាព ទិញឱ្យកូនៗរបស់ពួកគេប្រើប្រាស់។ 
 
លោកបន្ថែមទៀតថា បើទោះជាបច្ចុប្បន្នសាលា បានដាក់ការហាមប្រាមមិនអនុញ្ញាតឱ្យសិស្សប្រើប្រាស់ក្នុងសាលា ប៉ុន្តែលោកសង្កេតឃើញថា នៅតែមានសិស្សមួយចំនួនតូច លួចលេងទូរស័ព្ទដែរ។ លោក ហេង សារ៉ុម នាយករងសាលាបឋមសិក្សាក្ដីដូង អះអាងប្រាប់យុវជនឃុំក្ដីដូងដូច្នេះ៖ «សិស្សថ្នាក់ទី៥ និងទី៦ លេង(ទូរស័ព្ទ) ប៉ុន្តែក៏មានតិចដែរប្រមាណជា១០ភាគរយ។ ការបារម្ភយើងមានហើយ ព្រោះក្មេងចង់ដឹងចង់ឮ ពិសេសវ៉េបសាយ (អាសអាភាស)»។
 
ដោយបារម្ភពីបញ្ហាការប្រើប្រាស់ទូរស័ព្ទ ក្រោមរូបភាពអសីលធម៌ផ្សេងៗនេះ លោកនាយករងសាលាបឋមសិក្សារូបនេះ មានវិធានការ​ទប់ស្កាត់ជាមុន តាមរយៈការតាមដានសកម្មភាពសិស្សានុស្សយ៉ាងយកចិត្តទុកដាក់។ ​ យ៉ាងណាក៏ដោយ លោក ហេង សារ៉ុម គូសបញ្ជាក់ថា  ការ​ហាមប្រាមការប្រើប្រាស់ទូរស័ព្ទ អាចធ្វើបានតែក្នុងក្របខណ្ឌសាលារៀន​ប៉ុណ្ណោះ តែលោកមិនមានលទ្ធភាព ក្នុងការតាមដានការប្រើប្រាស់នៅផ្ទះ​នោះឡើយ គឺសំខាន់លើអាណាព្យាបាលសិស្សទាំងនោះ។ ដូច្នេះថ្នាក់ដឹកនាំសាលារូបនេះ បានបន្តអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាលសិស្ស ជួយតាមដាន និងហាមកូនៗ កុំឱ្យប្រើប្រាស់ទូរសព្ទដៃច្រើនម៉ោងពេកផងដែរ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ThmeyThmey
  ទូរស័ព្ទ
  ឃុំក្ដីដូង
  កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com