ជាតិ
រថយន្ត
បារាំង៖ ឡានបុរាណធុនធំម៉ាក BERLIET នឹងត្រូវធ្វើទំនើបកម្ម ដើម្បីទុកបង្ហាញសាធារណជន 
×![]()
បារាំង៖ នៅឯប្រទេសបារាំង មានអ្នកស្នេហារថយន្ដបុរាណជាច្រើន។ ឆ្នាំ២០២២នេះ នៅខេត្តកំណើតរបស់ នាយ យ៉ាន មានពលរដ្ឋមួយរូប ទិញរថយន្ដធុនធ្ងន់ អាយុកាល ៤៤ឆ្នាំ មួយគ្រឿង ដែលតាំងពីឆ្នាំ១៩៧៨ បានជិះត្រឹមតែ ៤០ ០០០ គីឡូម៉ែត្រប៉ុណ្ណោះ! គឺជាឡានធំម៉ាក BERLIET ប្រភេទ 450K ពណ៌ខៀវស្រស់។ តាមពិត អក្សរ K ជាប្រភេទ និងតួលេខ 450 ជាម៉ូឌែល។ ទោះបីជាចាស់ក៏ដោយ វាមិនដែលបានជួសជុលអ្វីធ្ងន់ធ្ងរនោះទេ ពីព្រោះតាំងពីដំបូង វាបានជិះតិចណាស់។ អាចទាយបានថា ត្រូវបានទុកវាចោលក្នុងឃ្លាំងមួយ រយៈពេលយូរ។ ប្រហែលជាវាធ្លាប់ជាកម្មសិទ្ធិក្រុមហ៊ុនមួយ ដែលបានក្ស័យធន ឈប់ប្រើរថយន្ដនោះ។
ម្ចាស់ថ្មីមិនសូវចង់ប្រើឡានធុនធ្ងន់នោះច្រើនប៉ុន្មានទេ។ បុរសអ្នកស្រុកនោះ គ្រាន់តែចង់បើកវាបន្តិច និងចូលរួមព្រឹត្តិការណ៍ប្រមូលរថយន្ដបុរាណខ្លះៗ ក្នុងខេត្ត។ រដូវក្ដៅឆ្នាំក្រោយ គាត់នឹងធ្វើទំនើបកម្ម។ ក្រៅពីការសម្អាតយ៉ាងលំអិត ដែលធ្វើរួចរាល់ហើយ គាត់នឹងតម្រង់ទ្រង់ទ្រាយផ្នែកឆ្វេងខាងមុខ ដូរឈើពីដើមក្នុងបាតបែនក្រោយ និងបាញ់ថ្នាំឡើងវិញ ពណ៌ដូចគ្នា។ មិនត្រូវការគ្រឿងបន្លាស់ច្រើនអ្វីទេ ពីព្រោះវានៅក្នុងសភាពល្អ ទាំងផ្នែកខាងក្នុង ទាំងផ្នែកខាងក្រៅ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖
ចុងទសវត្សរ៍១៩៦០ ដើម្បីលក់រថយន្ដធំ BERLIET ប្រភេទ K កាន់តែច្រើន វិស្វករក្រុមហ៊ុន BERLIET បានសហការជាមួយវិស្វករក្រុមហ៊ុន CITROËN ។ ពួកគេបានបង្កើតឡានធំមួយប្រភេទនេះ ដែលខាង CITROËN មានឈ្មោះថា Dauphin ។ BERLIET 450K ស្មើនឹង CITROËN Dauphin K01 ។ មានម៉ូឌែលផ្សេងៗពីគ្នាជាច្រើន ដូចជាឡានក្រុងខ្លី បែនដែលអាចលើកបាន បែនមានដំបូល កាប៊ីនខ្លី កាប៊ីនវែង។ ល។
រថយន្ដ BERLIET K ត្រូវបានផលិតពីឆ្នាំ១៩៦៨ រហូតដល់ឆ្នាំ១៩៧៨ នៅរោងចក្រមួយស្ថិតនៅឃុំ VÉNISSIEUX ប្រទេសបារាំង។ ក្រុមហ៊ុន BERLIET ត្រូវបានបង្កើតឆ្នាំ១៨៩៩ នៅប្រទេសបារាំង។ វាបានផលិតរថយន្ដធុនធ្ងន់ និងរថយន្ដក្រុង គ្រប់មុខ ហើយរថយន្ដតូចមួយចំនួនដែរ។ ក្រុមហ៊ុន RENAULT បានទិញ BERLIET ឆ្នាំ១៩៨០ និងដូរឈ្មោះទៅជា RENAULT VI វិញ៕





© រក្សាសិទ្ធិដោយ thmeythmey.com