ជាតិ
បេក្ខជន ២ ៣៤០នាក់ អវត្តមានការប្រលងបាក់ឌុប ក្នុងថ្ងៃទីមួយ
05, Dec 2022 , 5:53 pm        
រូបភាព
បេក្ខជនកំពុងប្រលងបាក់ឌុបឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលមួយកន្លែងនៅភ្នំពេញ នាថ្ងៃទី៥ធ្នូ ឆ្នាំ២០២២។
បេក្ខជនកំពុងប្រលងបាក់ឌុបឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលមួយកន្លែងនៅភ្នំពេញ នាថ្ងៃទី៥ធ្នូ ឆ្នាំ២០២២។
នៅថ្ងៃទី១នៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)​ឆ្នាំសិក្សា២០២១-២០២២ គឺមានបេក្ខជនរហូតដល់២ ៣៤០នាក់(ស្រី ១ ០២៨នាក់) អវត្តមាន។ ជាមួយគ្នានេះ ក៏មានបេក្ខជន៣១នាក់ទៀត  មានបញ្ហាសុខភាព ផងដែរ។​

 
ដំណើរការសំណេរនាថ្ងៃទីមួយនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តដោយរលូន និងមិនមានបាតុភាពប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយចប់ការប្រលងបាក់ឌុបរបស់បេក្ខជន នាល្ងាចថ្ងៃទី៥ធ្នូនេះ។​
 
ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនអវត្តមានចំនួន ២ ៣៤០នាក់ (ស្រី១ ០២៨នាក់) និង បេក្ខជនមានបញ្ហាសុខភាព៣១នាក់ ដែលក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាល ២ករណី និងម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។ បើតាមក្រសួងអប់រំ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួន គឺបានបន្តការប្រលងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ 
 
ដោយឡែក បេក្ខជន២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយក្នុងនោះមានម្នាក់ត្រលប់មកប្រឡងវិញ ក្រោយទទួលបានការព្យាបាល។ 
 
ក្រសួងអប់រំ លើកចិត្តឱ្យបេក្ខជនប្រលងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលង។ នៅតាមមណ្ឌលប្រលងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ មានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ 
 
សម្រាប់ឆ្នាំនេះ មានបេក្ខជនចំនួន១២៨ ១៣៥នាក់ (ស្រី៦៨ ៧៧១នាក់) មាន២២១មណ្ឌល ដែលត្រូវជា៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រលងសរុប ១៧ ២៤០ នាក់ ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន២ ៧៥៦នាក់។ អង្គភាពប្រឆាំងអំពើពុករលួយ បានឯកភាពចូលរួមសង្កេតការណ៍ ដោយបានចាត់ថ្នាក់ដឹកនាំ និងមន្រ្តីចំនួន៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី-ខេត្តចំនួន ២ ៧០០នាក់៕ 
 
 
 

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com