អន្តរជាតិ
G7 ចាប់ផ្តើមអនុវត្តការកំណត់តម្លៃប្រេងរុស្ស៊ី បើទោះរុស្ស៊ីមិនព្រម
05, Dec 2022 , 9:29 pm        
រូបភាព
ការកំណត់តម្លៃរបស់ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧លើប្រេងរុស្ស៊ីដែលដឹកតាមសមុទ្រចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូ បើទោះរុស្ស៊ីបញ្ជាក់ម្តងហើយម្តងទៀតថានឹងព្រមានឆ្លើយតបទៅវិញក៏ដោយ។ ចំណាត់ការរបស់លោកខាងលិចនេះធ្វើឡើងដើម្បីកំណត់ប្រាក់ចំណូលរបស់រុស្ស៊ីដែលយកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែន។

 
បណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧(G7)ដែលរូមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស អាម៉េរិក ក៏ដូចជាសហភាពអឺរ៉ុប(EU) ។​ ក្រៅពី G7 អូស្រ្តាលីកាលពីសប្តាហ៍មុនបានព្រមព្រៀងកំណត់តម្លៃប្រេងរុស្ស៊ីដែលដឹកជញ្ជូនតាមសមុទ្រក្នុងតម្លៃ៦០ដុល្លារក្នុងមួយបារែល។ 
 
ចំណាត់ការខាងលើដែលចូលជាធរមាននៅថ្ងៃទី៥ ខែធ្នូនេះនឹងអនុញ្ញាតឱ្យប្រេងរុស្ស៊ីដឹកទៅប្រទេសទីបីដែលប្រើនាវាដឹកប្រេងរបស់ G7 និង EU​, ក្រុមហ៊ុនធានារ៉ាប់រង និងស្ថាប័នឥណទាន លុះត្រាតែប្រេងទាំងនោះត្រូវបានទិញក្នុងតម្លៃ ឬទាបជាតម្លៃដែលកំណត់។ ក្រុមហ៊ុនធានារ៉ាប់រង និងដឹកជញ្ជូនសំខាន់ៗរបស់ពិភពលោកភាគច្រើនស្ថិតនៅប្រទេស G7 ។
 
យ៉ាងណាមិញ រុស្ស៊ីដែលជាប្រទេសនាំចេញប្រេងដ៏ធំបំផុតទីពីរក្នុងពិភពលោកប្រកាសនៅថ្ងៃទី៤ ខែធ្នូថានឹងលក់ប្រេងក្នុងតម្លៃនេះទេ បើទោះត្រូវកាត់ផ្តាច់ផលិតកម្មក៏ដោយ។​ តែតម្លៃដែលកំណត់នេះមិនតិចជាងតម្លៃមុនប៉ុន្មានទេដែលប្រហែល ៦៧ ដុល្លារក្នុងមួយបារែល។ 
 
សូមបញ្ជាក់ថា តាំងពីក្រោយសង្រ្គាមលោកលើកទីពីរ ការលក់ហ្គាស និងប្រេងទៅកាន់អឹរ៉ុបគឺជាប្រភពសំខាន់មួយរបស់រុស្ស៊ីក្នុងការរកប្រាក់ចំណូលជារូបិយប័ណ្ណបរទេស។ ទោះអឺរ៉ុបពួតដៃគ្នាកំហិតចំណូលរបស់រុស្ស៊ីក៏ដោយ ក្រសួងការបរទេសចិននៅថ្ងៃទី៥ ខែធ្នូ ប្រកាសថា ក្រុងប៉េកាំងនឹងបន្តកិច្ចសហប្រតិបត្តិការថាមពល​ជាមួយរុស្ស៊ីដោយផ្អែកតាមការគោរព និងផលប្រយោជន៍ទៅវិញទៅមក។
 
បើតាមគណៈកម្មការអឺរ៉ុប តម្លៃកំណត់លើប្រេងរុស្ស៊ីនេះនឹងត្រូវពិនិត្យដោយ EU និងG7 ជារៀងរាល់ពីរខែម្តង ហើយលើកដំបូងនឹងធ្វើឡើងនៅពាក់កណ្តាលខែមករា។
 
«ការពិនិត្យឡើងវិញនេះគួរតែយកទៅពិចារណាលើ…ប្រសិទ្ធិភាពនៃវិធានការ ការអនុវត្ត ការព្រមព្រៀង និងការប្រកាន់ខ្ជាប់ជាអន្តរជាតិ ផលប៉ះពាល់លើសមាជិកសម្ព័ន្ធ និងដៃគូ និងការវិវឌ្ឍនៃទីផ្សារ»។ សេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុបបញ្ជាក់បែបនេះ៕ 
 
 
 
 
 
 
 
 

Tag:
 G7
  EU
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com