ជាតិ
លោក ទី ហ្សានិត ជាប់ឆ្នោតជាប្រធានសមាគមសាលាត្រាជូអាណត្តិថ្មី
05, Dec 2022 , 9:02 pm        
រូបភាព
លោក ទី ហ្សានិត បានទទួលសំឡេងឆ្នោតគាំទ្រជាឯកច័្ឆន្ទឱ្យធ្វើជាសមាគមសាលាត្រាជូអណត្តិថ្មីបន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមបានប្រព្រឹត្តទៅនៅក្នុងសន្និបាតបូកសរុបការងារនាថ្ងៃទី៤ខែធ្នូចុងសប្តាហ៍កន្លងទៅនេះ។

 
សមាគមសាលាត្រាជូដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ មានគោលបំណងប្រមូលផ្តុំអ្នកច្បាប់ជាតិ និងអន្តរជាតិ ក្នុងឆន្ទៈជំរុញការសិក្សាស្រាវជ្រាវ និងអប់រំផ្នែកនីតិសាស្ត្រឱ្យកាន់តែមានលក្ខណៈល្អប្រសើរប្រកបដោយលក្ខណៈវិទ្យាសាស្រ្តគ្រប់គ្រាន់។
 


សមាគមសាលាត្រាជូ ត្រូវបានបង្កើតឡើងដោយសមាជិក សមាជិកាស្ថាបនិកភាគច្រើនជាអតីតនិស្សិតថ្នាក់ពិសេសនីតិសាស្ត្រភាសាបារាំងជំនាន់ ២០១០ ដែលបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញច្បាប់សាធារណៈនិងឯកជនពីប្រទេសបារាំង អាលឺ្លម៉ង់ អង់គ្លេស កូរ៉េ ជប៉ុន កាណាដា និងវៀតណាម ព្រមទាំងមានជំនាញគ្របដណ្តប់ទាំងទិដ្ឋភាពនីតិប្រៀបធៀប នីតិជាតិ និងអន្តរជាតិ។ បច្ចុប្បន្ន សមាជិក សមាជិកាស្ថាបនិក បាននិងកំពុងបម្រើការនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងឯកជន អង្គការមិនមែនរដ្ឋាភិបាលនានា ព្រមទាំងវិស័យតុលាការផងដែរ ដែលនៅក្នុងនោះមានដូចជា ចៅក្រម ព្រះរាជអាជ្ញា សារការី មេធាវី សហការីអាជ្ញាសាលា។ល។
 
រហូតមកដល់ពេលបច្ចុប្បន្ននេះ ជាពិសេសក្នុងអាណត្ដិទី២នេះ សមាគមសាលាត្រាជូ ត្រូវទទួលស្គាល់ និងវាយតម្លៃខ្ពស់ថាជាស្ថាប័នផលិតគំនិតដែលប្រមូលផ្តុំសុទ្ធសឹងជាបញ្ញវ័ន្តអ្នកច្បាប់ពហុជំនាញពោរពេញដោយសមត្ថភាពខ្ពស់ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងដែលទុកចិត្តបាន ពីបណ្តាសាធារណជន សិស្សនិសិ្សត អ្នកស្រាវជា្រវ អ្នកប្រកបវិជ្ជាជីវៈច្បាប់ សាធារណជន ក៏ដូចជាសហគមន៍អ្នកច្បាប់ទាំងមូលផងដែរតាមរយៈសកម្មភាព និងស្នាដៃនានាជាច្រើន។ 
 
ក្នុងពេលកន្លងមកនេះ សមាគមសាលាត្រាជូបានចូលរួមបណ្ដុះបណ្ដាលធនធានអ្នកច្បាប់ដែលពោរពេញដោយសមត្ថភាព និងគុណភាព, ចូលរួមជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍច្បាប់ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ, បង្កើតនិងដាក់ឱ្យដំណើរការគម្រោងថ្មីស្ដីពី ព្រឹត្តិបត្រច្បាប់សាលាត្រាជូក្នុងគោលបំណង៖
  •  ជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវច្បាប់ប្រកបដោយលក្ខណៈវិទ្យាសាស្រ្ដ និងមានភាពទូលំទូលាយ
  •  ចូលរួមជំរុញ និងអភិវឌ្ឍវិស័យច្បាប់ យុត្ដិធម៌ និងវិស័យពាក់ព័ន្ធអោយមានការរីកចម្រើន និងសម្បូរបែប
  •  ចូលរួមជំរុញបន្ថែមវប្បធម៌ស្រាវជ្រាវច្បាប់នៅកម្ពុជា តាមរយៈការបោះផ្សាយកម្រងអត្ថបទស្រាវជ្រាវខ្លីជារៀងរាល់ឆមាស (៦ខែម្ដង)។
ទន្ទឹមគ្នានេះ ក្នុងគោលដៅជំរុញនវានុវត្តផ្នែកស្រាវជ្រាវនីតិសាស្ត្រ ក្នុងបរិបទបដិវត្តឧស្សាហកម្ម៤.០ សមាគមត្រាជូបានធ្វើឱ្យវេបសា salatraju.com ជាឃ្លាំងស្ដុកឯកសារស្រាវជ្រាវថ្មី និងមានលក្ខណៈ Open Source និងដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ គម្រោង ផតកាស គឺជាកម្មវិធីថ្មីមួយរបស់សមាគមសាលាត្រាជូ ដែលបានរៀបចំឡើងដោយផ្ដោតសំខាន់ទៅលើការផលិតជាកិច្ចសម្ភាសក្នុងទម្រង់ជាសារសំឡេងទៅលើមូលដ្ឋានច្បាប់នានាជាមួយវាគ្មិនកិត្ដិយសជំនាញ ដើម្បីជំរុញការពិភាក្សា និងការបកស្រាយចម្ងល់ច្បាប់អន្ដរជាតិ និងជាតិ ប្រកបដោយខ្លឹមសារ ខ្លី ខ្លឹម និងមានប្រយោជន៍។ គម្រោងនេះ ត្រូវបានរៀបចំ និងដឹកនាំដោយលោក រស់ សយម្ភូ ប្រធានគម្រោងផតកាសរបស់សមាគមសាលាត្រាជូ រួមជាមួយក្រុមការងារជាអតីតកម្មសិក្សាការីរបស់សមាគមសាលាត្រាជូផងដែរ។
 
ចាប់តាំងពីបង្កើតគម្រោង ផតកាស គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ នេះ, គម្រោង សម្រេចចេញផ្សាយបានចំនួន ៣៧លេខ ក្រោមកិច្ចសហការផ្សព្វផ្សាយជាមួយសារព័ត៌មានថ្មីៗ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com