កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ព្រឹទ្ធាចារ្យគុនល្បុក្កតោ៖ ត្រូវអភិវឌ្ឍក្បាច់គុនល្បុក្កតោ ក្រោមការអភិរក្ស
06, Dec 2022 , 8:29 am        
រូបភាព
ព្រឹទ្ធាចារ្យ អំ យ៉ុម ប្រធានសមាគមន៍ល្បុក្កតោខេត្តកំពង់ឆ្នាំ
ព្រឹទ្ធាចារ្យ អំ យ៉ុម ប្រធានសមាគមន៍ល្បុក្កតោខេត្តកំពង់ឆ្នាំ
លោក អំ យ៉ុម ប្រធានសមាគមន៍ល្បុក្កតោខេត្តកំពង់ឆ្នាំ អះអាងថា ក្បាច់គុនល្បុក្កតោ អាចមានភាពខុសគ្នាខ្លះទៅតាមតំបន់ និងសហគមន៍ ដូច្នេះក្បាច់គុននេះ ត្រូវមានការរួបរួមមួយសម្រាប់អ្នកជំនាន់ក្រោយហ្វឹកហាត់។ ដាច់ខាត មិនត្រូវលុបបំបាត់អ្វីដែលអ្នកទាំងនោះបានហ្វឹកហាត់ស្នងពីអ្នកជំនាន់មុនទេបើទោះជាមានភាពខុសគ្នាក៏ដោយ។ ព្រឹទ្ធាចារ្យគុនរូបនេះ សង្កត់ធ្ងន់ថា ត្រូវយកការអភិវឌ្ឍមកចងក្រងច្បាប់គោលមួយ ប៉ុន្ដែត្រូវអភិរក្សច្បាប់ដើមរបស់អ្នកនៅតាមតំបន់។



លោក អំ យ៉ុម បានផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ ទាំងអារម្មណ៍សប្បាយរីករាយថា កេរ្ដិ៍ដំណែលក្បាច់គុនបុរាណខ្មែរនេះ បានដាក់ក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) គឺជាលទ្ធផលវិជ្ជមាន នៃការខំប្រឹងប្រែងអស់រយៈពេលជាង២០ឆ្នាំមកនេះ ដោយគិតចាប់ពីឆ្នាំ២០០១មក។ 


 
ការទទួលបានជោគជ័យនៃការដាក់បញ្ចូលក្នុងបញ្ជីអង្គការពិភពលោកនេះ គឺមានន័យថាពិភពលោកទទួលស្គាល់ថាគុនល្បុក្កតោ ជារបស់កម្ពុជា។ ដូច្នេះ ប្រជាជនកម្ពុជា ត្រូវចូលរួមថែរក្សាឲ្យបានល្អ។ លោក អំ យ៉ុម បន្ថែមថា ក្បាច់គុននេះ ត្រូវការអភិវឌ្ឍ ដើម្បីឲ្យមានការរួបរួមតែមួយ ធ្វើជាក្បួនច្បាប់គោល ប៉ុន្ដែមិនត្រូវលុបបំបាត់ក្បួនច្បាប់ ឬស្នៀតគុននៅតាមតំបន់ទេ។
 
«យើង អាចធ្វើឲ្យក្បាច់គុនល្បុក្កតោ មានការរួមគ្នា ដោយបណ្ឌិតសភា អភិវឌ្ឍក្នុងការអភិរក្ខ ដើម្បីឲ្យអ្នកជំនាន់ក្រោយហាត់បានដូចគ្នា។ អភិវឌ្ឍ គឺមានន័យថាយើង ចងក្រងឲ្យមានភាពរួមមួយក្នុងការហ្វឹកហាត់។ រីឯអភិរក្ខ យើងមិនអាចបញ្ជារឲ្យនរណាម្នាក់មកធ្វើតាមយើងបានទេ ព្រោះជាអ្វីដែលគាត់បានរៀន បានស្នងពីអ្នកជំនាន់មុនមក។ ក្នុងន័យថា អភិវឌ្ឍគឺយើងធ្វើជាសកល។»។ គ្រូគុនល្បុក្កតោរូបនេះ បាននិយាយដូច្នេះ។
 
ជាមួយជោគជ័យដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លោក អំ យ៉ុម បានរៀបរាប់ថា ព្រឹទ្ធាចារ្យគុន និងគ្រូគុនល្បុក្កតោផ្សេងទៀត បានឆ្លងកាត់ការលំបាកខ្លះៗ ជាពិសេស គឺការធ្វើដំណើរទៅតាមតំបន់ និងសហគមន៍ ដើម្បីជួបជាមួយគ្រូល្បុក្កតោក្នុងតំបន់នោះ។ ការចែករំលែកចំណេះដឹង ពីគ្នាទៅវិញទៅមកជាមួយគ្រូតាមតំបន់ មិនងាយស្រួលទេ ព្រោះមានស្នៀតគុនខ្លះមិនដូចគ្នា។ ព្រឹទ្ធាចារ្យ អំ យ៉ុម បញ្ជាក់ដូច្នេះថា៖«ស្នៀតគុនខ្លះ មានឈ្មោះ ខុសគ្នាខ្លះ ដូចគ្នាខ្លះ ទៅតាមតំបន់។ កន្លែងខ្លះមានឈ្មោះ ដូចគ្នាប៉ុន្ដែក្បាច់ខុសគ្នា ចំណែកខ្លះមានឈ្មោះខុសគ្នា ប៉ុន្ដែមានក្បាច់ដូចគ្នា។»។
 
លោក អំ យ៉ុម ដែលមានតួនាទីជាអ្នកស្រាវជ្រាវ និងជាអ្នកប្រមូលព័ត៌មានតាមមូលដ្ឋានសម្រាប់ បណ្ឌិតសភាគុនល្បុក្កតោកម្ពុជា ផងនោះ បន្ថែមថាការធ្វើដំណើរ ទៅតំបន់ឆ្ងាយៗ មួយចំនួន គឺជាឧបសគ្គ ប៉ុន្ដែការជជែកវែកញ៉ែករកហេតុផល និងការចែករំលែកឲ្យមានការគាំទ្រពីគ្រូគុនតាមសហគមន៍នានា ក៏ជាឧបសគ្គធំផងដែរ។ បើទោះជាមានឧបសគ្គយ៉ាងណា ក៏ព្រឹទ្ធាចារ្យ បន្ដគោលជំហររក្សាក្បាច់គុននេះ ឲ្យស្ថិតស្ថេរសម្រាប់អ្នកជំនាន់ក្រោយ ព្រោះរូបលោក សង្ឃឹមថាឆន្ទៈនេះ នឹងបន្ដដល់កេរ្ដិ៍ដំណែលនេះ បាននៅអស់កាលយូរអង្វែង។
 
«យើង មិនអាច និងមិនត្រូវបំបាត់គាត់អ្នកនៅតាមស្រុកស្រែបានទេ គឺត្រូវអភិរក្ខពួកគាត់។ គឺជាការរក្សាទ្រងទ្រាយដើមរបស់ក្បាច់គុនដែលមានតាមតំបន់នោះ រីឯអភិវឌ្ឍ គឺជាការចងក្រងបន្ថែម ដោយផ្អែកលើក្បួនច្បាប់រួមណាមួយ។ យើង យកការអភិរក្ខ មកធ្វើការរៀបចំដើម្បីធ្វើឲ្យទូលំទូលាយ។»។ អ្នកស្រាវជ្រាវបណ្ឌិតសភាគុនល្បុក្កតោរូបនេះ បាននិយាយដោយសម្ដីម៉ឺងម៉ាត់ដូច្នេះ។ 
 
លោក ព្រឹទ្ធាចារ្យគុន ក៏បានប្រាប់ពីដំណើរការនៃការដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ដោយជោគជ័យផងដែរថា ការដាក់ស្នើរសុំលើកទី១ ត្រូវបានអង្គការយូណេស្កូ បដិសេធ ព្រោះមិនមានឯកសារអំណះអំណាងគ្រប់គ្រាន់ រីឯលើកទី២ អង្គការពិភពលោកមួយនេះ បានឲ្យកម្ពុជារកបន្ថែមភស្ដុតាង គឺមរតកមនុស្សរស់។ លោក អំ យ៉ុម និយាយដូច្នេះថា៖«យើង មានឯកសារគ្រប់គ្រាន់ ប៉ុន្ដែយើងនៅខ្វះភស្ដុតាង គឺមរតកមនុស្សរស់។ យើង បានចុះស្រាបជ្រាវមរតកមនុស្សរស់ជាលើកទី២។ យើង នឹងបញ្ចូលបន្ដទៀត ដោយយើងសង្ឃឹមថា មានការចូលរួមពីគ្រូគុននៅតាមតំបន់ និងសហគមន៍ទាំងនោះ។»។ 
 
ជាក់ស្ដែង បេតិកភណ្ឌអរូបី នៃមនុស្សជាតិ គឺសម្ដៅទៅលើអ្នកដែលបន្ដមរតក ដែលគួបផ្សំជាមួយឯកសារ។ មរតកមាន ២យ៉ាងគឺមរតករូបី និងមរតកអរូបី។ ព្រឹទ្ធាចារ្យរូបនេះ ពន្យល់ថា៖«មរតកអរូបី សម្ដៅយកក្បួនតម្រា នៅតាមភូមិឃុំ និគមជនបទនានា។ មរតករូបបី សម្ដៅយកមនុស្សរស់ អ្នកដែលបន្ដវេន ពីមួយជំនាន់ទៅមួយជំនាន់ ដោយគ្មានការសរសេរអ្វីទេ ចង់ចាំពីមួយជំនាន់ទៅមួយជំនាន់។ យើង ពិបាករកនោះ គឺមរតកមនុស្សរស់ ព្រោះយើងពិបាករកអ្នកដែលបានស្នងតំណែងពី គ្រូជំនាន់មុន។ យើង មិនបាច់និយាយពីជំនាន់ដើមទេ ប៉ុន្ដែពីជំនាន់បងយើង ជំនាន់ឪពុកយើង។
 
លោក អំ យ៉ុម បន្ថែមទៀតថា ព្រោះការខ្លាចបាត់បង់នូវក្បាច់គុន ឬស្នៀតគុន នៃក្បាច់ល្បុក្កតោនេះ ទើបបានជាព្រឹទ្ធាចារ្យគុនទាំង អស់នាំគ្នាចងក្រង ធ្វើជាឯកសារគោល។ រីឯ ឯកសារ នៅតាមនិគមនីមួយៗ ហៅថាក្បាច់គុនតាមនិគម មិនដូចគ្នានោះទេ។ 
 
គួរបញ្ជាក់ផងដែរថា ក្បាច់គុនល្បុក្កតោកម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ បើទោះជាបានទទួលស្គាល់ក៏ដោយ អង្គការពិភពលោកនេះ ក៏មានសិទ្ធដកចេញវិញ ប្រសិនជាប្រជាជនកម្ពុជា មិនបានចូលរួមរក្សាឲ្យបានគង់វង្ស៕
 

Tag:
 ល្បុក្កតោ
  អំ យ៉ុម
© រក្សាសិទ្ធិដោយ thmeythmey.com