FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ឈ្នះកូរ៉េខាងត្បូងដោយងាយស្រួល ប្រេស៊ីលបន្តដំណើរឡើងទៅជួបក្រូអាស៊ីវគ្គ ៨ក្រុម
06, Dec 2022 , 3:52 am        
រូបភាព
ក្រុមសាំបាប្រេស៊ីលជាក្រុមទី៦ ដែលបានកក់កៅអីទៅកាន់ការប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ប្រទេសកាតា ក្រោយបំបាក់កូរ៉េខាងត្បូងយ៉ាងងាយស្រួលក្នុងលទ្ធផល ៤-១កីឡដ្ឋាន 974 រាត្រីថ្ងៃទី៥ ខែធ្នូ។ ប្រេស៊ីលនឹងធ្វើដំណើរទោវគ្កបន្ទាប់ដោយត្រូវជួបក្រូអាស៊ី។

 
ជ័យជម្នះគ្រាប់បាល់ដ៏ងាយស្រួលរបស់ប្រេស៊ីលលើកូរ៉េខាងត្បូងកើតឡើងចាប់តាំងពីដើមវគ្គទីមួយ ពោលត្រឹមនាទី៧ ខ្សែប្រយុទ្ធវ័យក្មេង Vinicius JR ស៊ុតបំប៉ោងសំណាញ់ទី បន្ទាប់មកនាទី១៣  Neymar JR ជាអ្នកសម្រេចដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ គ្រាប់បាល់បន្ថែមទីបី ធ្វើបានដោយ Richarlison ពីការសហការគ្នាប៉ះបាល់យ៉ាងស្អាតរហូតមានគ្រាប់បញ្ចូលទីនាទី២៩ និង Lucas Paqueta បន្ថែមគ្រាប់ទីបួននាទី៣៦ បញ្ចប់វគ្គទីមួយ ប្រេស៊ីល ៤-០ កូរ៉េខាងត្បូង។
 
ចាប់ផ្តើមការប្រកួតវគ្គទីពីរលទ្ធផលនៅដើមវគ្គហាក់បីមិនមានការប្រែប្រួលលទ្ធផលឡើយ ទោះប្រេស៊ីលបន្តដាក់សម្ពាធខ្លាំងយ៉ាងណាក្តី។ ប្រេស៊ីលមិនអាចរកគ្រាប់ស៊ុតបន្ថែម តែបែរជាកូរ៉េខាងត្បូងដែលអាចរក ១គ្រាប់មកវិញនៅនាទី៧៥ ដែលជាការស៊ុតបាល់ពីចម្ងាយយ៉ាងល្អពីកីឡាករ Seung Ho-Paik។ បញ្ចប់ការប្រកួតប្រេស៊ីលឈ្នះលទ្ធផល ៤-១ លើកូរ៉េខាងត្បូង ខណៈកូរ៉េខាងត្បូងជាក្រុមតំណាងអាស៊ីទីបីដែលបានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមនេះ។ 
 
ប្រេស៊ីលម្ចាស់ World Cup ៥សម័យកាល ក្រោយជ័យជម្នះបានធ្វើឱ្យពួកគេក្លាយជាក្រុមដំបូងដែលឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ៨លើកជាប់គ្នាគិតចាប់ពីឆ្នាំ ១៩៩៤ មក និងជាលើកទី ១៨ ប្រចាំប្រវត្តិសាស្ត្រដែលប្រេស៊ីលបង្ហាញវត្តមាន ២២លើកនៅ World Cup។
 
សាំបាប្រេស៊ីល នឹងត្រូវជួបប្រកួតទល់ក្រូអាស៊ីនៅវគ្គជម្រុះ ៨ក្រុមចុងក្រោយបន្តទៀត៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com