FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Ochoa ផ្តាំក្រុម CONCACAF ត្រូវយកពិសោធន៍ក្រុមអឺរ៉ុប ដើម្បីបង្កើនសមត្ថភាពក្រុម បើមិនចង់បាក់មុខនៅ World Cup 2026
06, Dec 2022 , 1:59 pm        
រូបភាព
រូបថត៖-Xinhua
រូបថត៖-Xinhua
Guillermo Ochoa អ្នកចាំទីឆ្នើមក្រុមជម្រើសជាតិម៉ិកស៊ិក ណែនាំក្រុមតំបន់អាម៉េរិកខាងជើង អាម៉េរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) ត្រូវយកបទពិសោធន៍តាមក្រុមទ្វីបអឺរ៉ុប ទៅពង្រឹងក្រុមជម្រើសជាតិខ្លួន បើមិនចង់បាក់មុខនៅការប្រកួត FIFA World Cup ឆ្នាំ២០២៦។ ម៉ិកស៊ិក កាណាដា និងអាម៉េរិកស្ថិតក្នុងតំបន់ CONCACAF ជាសហម្ចាស់ផ្ទះ World Cup 2026។


«ខ្ញុំសង្ឃឹមថាក្រុមនៅ CONCACAF អាចបង្កើតកម្មវិធីប្រកួតដូច Asian Cup, Copa America បន្ថែមទៀត មិនមែនគ្រាន់តែលេងមិត្តភាពនៅអាម៉េរិកនោះទេ។ ប្រកួតមិត្តភាពមិនផ្តល់ផលប្រយោជន៍ដល់ក្រុមនៅ CONCACAF នោះទេ»។ នេះជាការលើកឡើងរបស់ Ochoa ក្រោយក្រុមនៅ CONCACAF​ ធ្លាក់ចេញពី World Cup កាតា ត្រឹមវគ្គចែកពូលស្ទើរទាំងអស់។
  

Guillermo Ochoa អំឡុងប្រកួតរវាងម៉ិកស៊ី  និងអាហ្សង់ទីន។រូបថត៖-Xinhua
 
World Cup ២០២២ ក្រុមពីតំបន់អាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង និងអឺរ៉ុបមានយ៉ាងហោចណាស់ពីរក្រុមឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ លើកលែងក្រុម CONCACAF មានតែអាម៉េរិកមួយប៉ុណ្ណោះ ហើយត្រូវធ្លាក់ក្រោមថ្វីជើងហូឡង់នៅវគ្គ១/៨ផ្តាច់ព្រ័ត្រ។
 
ស្របពេលប្រទេសនៅតំបន់ CONCACAF ទាំងបី រួមមានអាម៉េរិក កាណា និងម៉ិកស៊ិក នឹងត្រូវដឹកនាំរួមគ្នាធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោកឆ្នាំ២០២៦ អ្នកចាំទីដ៏មានបទពិសោធន៍របស់ម៉ិកស៊ិក Ochoa អំពាវនាវឱ្យក្រុមទាំងនេះមានផែនការសកម្មភាពប្រកួតក្នុងតំបន់ឱ្យបានច្រើន ពោលគឺដូចក្រុមនៅអឺរ៉ុប ដើម្បីទទួលបានឱកាសខ្ពស់ក្នុងការប្រកួតប្រជែងទល់ក្រុមពីទ្វីបផ្សេងៗ។
 
អ្នកចាំទីវ័យ៣៧ឆ្នាំរូបនេះ មិនចង់ឱ្យក្រុមនៅ CONCACAF ពឹងផ្អែកតែលើកីឡាករមួយចំនួនតូចដែលប្រកបអាជីពតាមក្លិបល្បីៗនៅអឺរ៉ុបនេះទេ ប៉ុន្តែត្រូវពង្រឹងកីឡាករដែលលេងក្នុងស្រុក ឬក្នុងតំបន់ឱ្យប្រសើរជាងមុនទើបមានប្រសិទ្ធភាព។
 
ការលើកឡើងរបស់ Ochoa ក៏ទទួលបានការគាំទ្រពីអ្នកចាំទីកូស្តារីកា Keylor Navas ផងដែរ ។ Navas អ្នកចាំទី Paris St Germain និងក្លិបល្បីៗនៅអឺរ៉ុបផ្សេងទៀតដូចជា Real Madrid ជាដើមនោះ សង្ឃឹមថាយុវជនពីតំបន់ CONCACAF ទាំងអស់អាចប្រកួតប្រជែងក្នុងកម្រិតខ្ពស់រៀងរាល់សប្តាហ៍ ដោយមិនមែនត្រឹមតែនៅក្នុងការប្រកួត World Cup ប៉ុណ្ណោះនោះទេ៕
 

Tag:
 World Cup
  FIFA
  Guillermo Ochoa
© រក្សាសិទ្ធិដោយ thmeythmey.com