កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អត្ដពលិក ចាត់ទុកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ជាឱកាសបញ្ចេញសមត្ថភាព
06, Dec 2022 , 2:41 pm        
រូបភាព
រូបពិធីបើកកីឡាជាតិលើកទី៣
រូបពិធីបើកកីឡាជាតិលើកទី៣
អត្ដពលិក និងអត្ដពលិកថា្នលជាច្រើនរូប ចាត់ទុកថាការព្រឹត្តិការណ៍កីឡាជាតិ គឺជាឱកាសសម្រាប់បង្ហាញសមត្ថភាពរបស់ខ្លួន ដើម្បីឲ្យមន្ដ្រី និងអ្នករៀបចំការប្រកួតតាមប្រភេទកីឡានីមួយបាន ឃើញសមត្ថភាពរបស់ពួកគេ។ ក្ដីរំពឹងរបស់អត្ដពលិកទាំងនោះ គឺសង្ឃឹមថាថ្ងៃណាមួយពួកគេ មានសមត្ថភាពគ្រប់គ្រាន់ អាចប្រកួតតំណាងកម្ពុជា លើឆាកអន្ដរជាតិ។


យុវជន ង៉ែត សុខគីម កីឡាករតេក្វាន់ដូ ITF បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដោយបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ នេះ គឺជាលើកដំបូង ដែលអត្ដពលិករូបនេះ បានឡើងមកប្រកួត បន្ទាប់ពីខ្លួនបានហ្វឹកហាត់អស់រយៈពេល ២ឆ្នាំ។ សុខគីម ព្រឹត្តិការណ៍កីឡាជាតិ បានផ្ដល់ឱកាសដល់រូបគេ បានមកបង្ហាញសមត្ថភាព ដែលបានហ្វឹកហាត់ មកប្រកួតជាក់ស្ដែង លើកឆាកជាតិ។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះ ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយសកម្មភាពកីឡា និងគុណតម្លៃកីឡា ទៅដល់យុវជន-យុវនារីផងដែរ។
  

រូបពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣
 
អត្ដពលិកវ័យក្មេងរូបនេះ សង្ឃឹមថារូបគេ អាចជាប់ជាជម្រើសជាតិក្នុងថ្ងៃណាមួយ ដើម្បីមានឱកាសប្រកួតដំណាងប្រទេសកម្ពុជា។«វា គឺជាក្ដីស្រមៃរបស់ខ្ញុំមួយ ដែលចង់បង្ហាញមុខលើឆាកអន្ដរជាតិ ដូចសិស្សច្បងពីមុនៗ។»។ នេះជាបំណងប្រាថ្នារបស់សុខគីម ។
 
កញ្ញា តូច ឧត្តម កីឡាការិនីតេក្វាន់ដូ ITF បានប្រាប់សារព័ត៌មានថ្មីៗថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គឺជាតេស្ដសាកល្បងសមត្ថភាពអត្ដពលិក មុនព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។ បើទោះជាប្រភេទកីឡាតេក្វាន់ដូ ITF មិនត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្ដែកីឡាការិនីរូបនេះ នៅតែមានមោទកភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កញ្ញា តូច ឧត្ដម បានប្រាប់ថាការចូលរួមជាលើកទី២ របស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាតិ បានធ្វើឲ្យរូបខ្លួន មានបទពិសោធន៍ច្រើនពីការប្រកួត។
 
«ខ្ញុំ មានអារម្មណ៍សប្បាយរីករាយ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម។ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ល្អ ព្រោះជាការចម្រាញ់យក កីឡាករល្អៗ ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។»។ កញ្ញា តូច ឧត្តម បាននិយាយដូច្នេះ។
 
ដូចគ្នានេះដែរ យុវជន ស្លេះ ហាសាន់ កីឡាករបាល់ទាត់ខេត្តត្បូងឃ្មុំ បានប្រាប់ថាការបង្ហាញខ្លួនជាលើកទី១ ដំណាងឲ្យខេត្តត្បូងឃ្មុំ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ធ្វើឲ្យរូបខ្លួនសប្បាយចិត្តជាខ្លាំង។ កីឡាកររូបនេះ ចាត់ទុកព្រឹត្តិការណ៍នេះថា ជាការផ្សព្វផ្សាយ និងបំផុសគំនិតអប់រំពីកីឡា ទៅកាន់យុវជន-យុវនារី។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះ ក៏ជាការបង្ហាញពីវិស័យកីឡានានា ដែលមានក្នុងប្រទេសកម្ពុជាផងដែរ។ យុវជនរូបនេះ ក៏សង្ឃឹមថា រូបគេ នឹងអាចក្លាយជាកីឡាករអាជីពមួយរូប ដោយត្រូវបន្ដការហ្វឹកហាត់ឲ្យបានត្រឹមត្រូវ។ 
 
«សម្រាប់ខ្ញុំ ចង់ក្លាយជាកីឡាករ អាជីព គឺជាក្ដីស្រមៃតាំងពីតូចមក។ ដើម្បីឲ្យបានជោគជ័យ ខ្ញុំត្រូវហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន ហ្វឹកហាត់ដោយខ្លួនឯងផង និងជាមួយគ្រូផង។»។ កីឡាកររូបនេះ បានប្រាប់ដូច្នេះ។
 
លោក ទត ពូខរី គ្រូជំនួយមន្ទីរអប់រំរាជធានីភ្នំពេញ បានប្រាប់ថាព្រឹត្តិការណ៍កីឡាជាតិ គឺជាឱកាស សម្រាប់កីឡាករ និងមន្ដ្រីរៀបចំការប្រកួត ដើម្បីត្រៀមខ្លួនសម្រាប់រៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។ ដូចគ្នានេះ កីឡាករ កុយ កែវរតនា អ្នកចាំទីមន្ទីអប់រំរាជធានីភ្នំពេញ បានប្រាប់ថា កីឡាករថ្នាល់ និងកីឡាករតាមសមាគមន៍បាល់ទាត់តាមខេត្ត-ក្រុង មានឱកាសអាចបង្ហាញពីសមត្ថភាពរបស់ពួកគេ។ ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍នេះ អាចបញ្ជាក់ពីការរីកចម្រើននៃវិស័យកីឡានៅកម្ពុជា៕
 

Tag:
 កីឡាជាតិ
  National Games
  ស៊ីហ្គេម2023
© រក្សាសិទ្ធិដោយ thmeythmey.com