ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា រក្សាគោលការណ៍ដដែល៖ អត់ឱនឲ្យគ្នា មិនយកខ្មែរណាម្នាក់ធ្វើសត្រូវ និង មិនសងសឹក
06, Dec 2022 , 4:19 pm        
រូបភាព
លោក កឹម សុខា ទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
លោក កឹម សុខា ទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ (រូបពីហ្វេសប៊ុករបស់លោក)។
ខណៈជិតដល់ថ្ងៃ ដែលតុលាការ បើកសវនាការ ដើម្បីធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងរបស់ខ្លួន លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ ដែលបង្ហាញពីគោលជំហររបស់លោក ដែលតែងប្រកាសជារឿយៗនាកន្លែងមក។

 
លោក កឹម សុខា សរសេរដូច្នេះថា៖«ប្រជាពលរដ្ឋខ្មែរ ជាបងប្អូន ជាសាច់ឈាមរបស់ខ្ញុំ។ ទោះបីមាននិន្នាការនយោបាយផ្សេងគ្នាក៏ដោយ ខ្ញុំ ត្រូវតែរួមសុខ រួមទុក្ខជាមួយគ្នា អត់ឱនឲ្យគ្នា មិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹកគ្នាជាដាច់ខាត។ មិនមានហេតុផលអ្វី ដែលខ្ញុំនាំជាតិសាសន៍ដទៃមកបង្កើតឲ្យមានអំពើប្រទូសរ៉ាយសង្គ្រាមបង្ហូរឈាមខ្មែរ ជាឈាមរបស់ខ្ញុំដែរសោះឡើយ»។ 
 
លោក ត្រូវបានចោទប្រកាន់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក ពីបទលួចពឹងពាក់បរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឬហៅថា បទសន្ទិដ្ឋភាពជាមួយបរទេស។  
 
តាមរយៈសំណេរលើបណ្តាញសង្គមដដែល មេដឹកនាំប្រឆាំង ដែលមិនទាន់អាចធ្វើនយោបាយបាន ដោយសារជាប់ក្តីក្តាំនៅតុលាការរូបនេះ បន្តថា មាតុភូមិកម្ពុជា ជាផ្ទះ ជាជម្រក និងជាដង្ហើមរបស់លោក។ លោក បន្ថែមថា លោក ត្រូវតែថែរក្សាការពារមាតុភូមិឲ្យបានសុខដុមរមនា និងគង់វង្ស។ 
 
លោក កឹម សុខា បង្ហោះសារខាងលើនេះ ភ្ជាប់ជាមួយរូបភាពនិងព័ត៌មាន អំពីជំនួបរវាងលោក និងលោក ម៉ាធីន វ៉ារ៉ា (Martin Vávra) ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា។ ជំនួបនេះ ប្រព្រឹត្តទៅនៅគេហដ្ឋានរបស់លោក កឹម សុខា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ 


  លោក កឹម សុខា ទទួលជួបលោក ម៉ាធីន វ៉ារ៉ា ឯកអគ្គរដ្ឋទូតឆែក។ រូបពីហ្វេសប៊ុករបស់លោក កឹម សុខា

គួរបញ្ជាក់ថា តុលាការភ្នំពេញ បានបញ្ចប់ការសួរដេញដោលលើសំណុំរឿងរបស់លោក កឹម សុខា ហើយ ហើយសវនាការ ត្រូវផ្អាករយៈពេល២ខែ ដើម្បីទុកពេលឲ្យគ្រប់ភាគី សរសេរសេចក្តីសន្និដ្ឋានដាក់ជូនតុលាការ។ ទម្រាំឈានដល់ការបិទបញ្ចប់នីតិវិធីនៃការសួរដេញដោល សំណុំរឿងដ៏ធំមួយនេះ ត្រូវអូសបន្លាយអស់រយៈពេលជាង៥ឆ្នាំ។ តុលាការ នឹងបើកសវនាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីធ្វើសេចក្តីស​ន្និដ្ឋានលើសំណុំរឿងនេះ៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com