FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup វគ្គ១៦ក្រុម ៖ ម៉ារ៉ុក ក្រុមអាហ្រ្វិកចុងក្រោយគេ ត្រូវប៉ះអេស្ប៉ាញ មុនព័រទុយហ្កាល់ប្រជែងស្វ៊ីស 
×![]()
ការប្រកួតវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃ FIFA World Cup 2022 ឈានដល់ការប្រកួតបង្ហើយនារាត្រីថ្ងៃទី៦ ខែធ្នូនេះ ដោយម៉ារ៉ុកជាក្រុមក្តីសង្ឃឹមចុងក្រោយសម្រាប់ទ្វីបអាហ្រ្វិកក្នុងការប្រកួត World Cup ដោយត្រូវតតាំងអេស្ប៉ាញ វេលាម៉ោង ១០យប់។ ព័រទុយហ្កាល់ត្រូវប្រជែងស្វ៊ីសដើម្បីបន្តក្តីសង្ឃឹមឡើងវគ្គ៨ក្រុមចុងក្រោយ វេលាម៉ោង ២យប់រំលងអាធា្រត្រ។
ជំនួបរវាងម៉ារ៉ុកទល់អេស្ប៉ាញនឹងត្រូវធ្វើឡើងក្នុងកីឡដ្ឋាន Education City ប្រទេសកាតាវេលាម៉ោង ១០យប់។ World Cup 2022 នៅកាតាក្លាយជាការបង្ហាញខ្លួនលើទី៥ សម្រាប់ម៉ារ៉ុក ហើយក៏ជាលើកទីពីរដែលឡើងមកដល់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ។
ម៉ារ៉ុកត្រូវស្វែករកក្តីស្រមៃឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ក្រោយពួកគេធ្វើបានល្អខ្លាំងនៅវគ្គចែកពូលក្នុងនាមជាក្រុមស្ថិតនៅកំពូលតារាងពូល F ដោយយកឈ្នះលើបែលហ្ស៊ិក ស្មើក្រូអាស៊ី និងឈ្នះកាណាដា។
មិនខុសពីម៉ារ៉ុក អេស្ប៉ាញក្រុមជើងឯក World Cup មួយសម័យ ក៏ត្រូវការស្វែករកឱកាសឈានជើងឡើងទៅវគ្គ ៨ក្រុមខ្លួនលើកដំបូងផងដែរក្រោយឈ្នះពានតាំងពីឆ្នាំ ២០១០ មក។ ក្រោយលើកពាន អេស្ប៉ាញនៅ World Cup 2014 ធ្លាក់វគ្គចែកពូល និង World Cup 2018 ធ្លាក់ត្រឹមវគ្គ ១៦ក្រុម។
ចំណែកការប្រកួតវេលាម៉ោង ២យប់រំលងអាធា្រត្រ ព័រទុយហ្កាល់ដែលស្វែករកការឈ្នះពានរង្វាន់ World Cup លើកដំបូង ត្រូវប្រកួតប្រជែងទល់ស្វ៊ីសដើម្បីដណ្តើមកៅអីវគ្គបន្ទាប់។ បង្ហាញវត្តមាន ៨លើកនៅ World Cup ព័រទុយហ្កាល់មិនដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឡើយ ខណៈកំណត់ត្រាល្អបំផុតរបស់ពួកគេក្នុងឆ្នាំ ២០០៦ ដោយទទួលបានចំណាត់ថ្នាក់លេខ៤ និងលេខ៣ នៅឆ្នាំ ១៩៦៦។
ចាប់តាំងពីឆ្នាំ ២០១០ ព័រទុយហ្កាល់មិនដែលឆ្លងផុតវគ្គ ១៦ក្រុមឡើយ តើរាត្រីនេះព័រទុយហ្កាល់អាចប្រជែងឈ្នះស្វ៊ីសធ្វើដំណើរឡើងទៅគ្គ ៨ក្រុមចុងក្រោយដែរឬទេ?
ស្វ៊ីសឡើងមកកាន់វគ្គ ១៦ក្រុមក្នុងនាមជាក្រុមលេខ២ នៃពូល G ដែលមាន ៦ពិន្ទុស្មើប្រេស៊ីល។ ទោះស្វ៊ីសធ្វើមិនបានល្អទល់ក្រុមខ្លាំងសាំបាប្រេស៊ីលនៅជំនួបបើកឆាក់ដំបូងនៃវគ្គចែកពូល ប៉ុន្តែស្វ៊ីសបង្ហាញភាពខ្លាំងឡើងវិញនៅ ២ប្រកួតបន្ទាប់ដោយឈ្នះស៊ែប៊ី និងកាមេរូន។ ស្វ៊ីសខកខានឡើងវគ្គ ៨ក្រុមចុងក្រោយរយៈពេលជាង ៦៨ឆ្នាំ ដោយពួកគេធ្លាប់បានឡើងវគ្គ ៨ក្រុម ៣លើកក្នុងឆ្នាំ ១៩៣៤, ១៩៣៨ និងចុងក្រោយឆ្នាំ ១៩៥៤៕
Tag:
World Cup
Qatar 2022
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com