ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
តើការចេញធ្វើការខុសពីជំនាញសិក្សា ផ្តល់នូវគុណសម្បត្តិ ឬ គុណវិបត្តិបែបណាចំពោះសង្គម?
06, Dec 2022 , 8:59 pm        
រូបភាព
សហព័ន្ធសេវាអប់រំនៅកម្ពុជា
សហព័ន្ធសេវាអប់រំនៅកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក ប៉ិច បូឡែន ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដៃថា បើអ្នកធ្វើការខុសពីជំនាញសិក្សាហើយ ត្រូវព្យាយាមរៀនសូត្រពីបរិយាកាសការងារនោះវិញ និងត្រូវបន្តសិក្សាពីជំនាញពាក់ព័ន្ធរបស់ខ្លួន ជាពិសេសភាពជាអ្នកដឹកនាំ ទើបទទួលបានភាពប្រសើរឡើង។ ផ្ទុយទៅវិញការចេញធ្វើការខុសជំនាញនេះ ក៏ខាតបង់នូវផលិតភាពរួមរបស់ជាតិ។ ដូច្នេះ ស្ថាប័នពាក់ព័ន្ធ គឺជាអ្នកបង្ហាត់បង្ហាញផ្លូវ តម្រង់ទិសដល់ពួកគេជាមុន ជៀសវាងការខាតបង់នូវសេដ្ឋកិច្ចជាតិ។



លោក ប៉ិច បូឡែន  ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា
 
ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង វាគ្មិន លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖




 
កញ្ញា សុង សុធាវី៖   លោក ប៉ិច បូឡែន ជាអតីតនិស្សិតផ្នែកសារព័ត៌មាន និង អប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបច្ចុប្បន្នលោកបានក្លាយជាអ្នកដែលជំរុញខាងវិស័យអប់រំ ផ្នែកឯកជនដ៏លេចធ្លោមួយរូបនៅកម្ពុជា និងមានគ្រឹៈស្ថានអប់រំជិត១០០ ស្ថាប័ន ជាសមាជិក តាមរយៈតួនាទីជាប្រធានសហព័ន្ធសេវាអប់នៅកម្ពុជា។ តើការធ្វើការខុសពីជំនាញសិក្សា សម្រាប់យុវជនសម័យថ្មីនេះ ផ្តល់នូវគុណសម្បត្តិ ឬ គុណវិបត្តិបែបណាខ្លះ?
 
លោក ប៉ិច បូឡែន៖ យើងអាចនិយាយបានថា ពេលដែលគាត់រៀនត្រូវជំនាញសិក្សា ឱកាសការងារអាចអភិវឌ្ឍលឿនអ៊ីចឹងទៅ! ដោយសារគាត់បានដុសខាត់ខ្លួន ឱ្យត្រូវនឹងជំនាញ ក្នុងពេលដែលគាត់ចូលប្រឡូកក្នុងការងារផងនោះ។ ទាំងនេះបើយើងនិយាយក្នុងរូបភាព ជាវិជ្ជមានមួយ។ ប៉ុន្តែ ពេលខ្លះ ឱកាសការងារដែលត្រូវការនៅពេលខាងមុខ វាមិនមានអ្នករៀន! អ៊ីចឹង គ្រឹៈស្ថាន ឬ ស្ថាប័នផ្សេងៗត្រូវតែសម្រេចចិត្តយក កម្លាំងធ្វើការដែលខុសជំនាញមកវិញ! ហ្នឹងឃើញមានច្រើន ដូចជាវិស័យធនាគារ ហិរញ្ញវត្ថុជាដើម នៅពេលដែលធនធានផ្នែកនោះមិនមានគ្រប់គ្រាន់ គឺត្រូវយកអ្នកជំនាញពាណិជ្ជកម្ម  ឬ ពេលខ្លះ ឃើញយកអ្នកជំនាញផ្នែកភាសាអង់គ្លេសទៅវិញ! អ៊ីចឹង គាត់ត្រូវយកជំនាញផ្សេងៗទៅបំពេញ ដើម្បីឱ្យទាន់សភាពការណ៍។ តែនិយាយពីកត្តាប្រឈម វាលំបាកបន្តិចហើយ លើកលែងតែគាត់រៀនបន្តលើមុខជំនាញទាំងនោះ ទាំងវគ្គខ្លី ឬ រហូតដល់ថ្នាក់អនុបណ្ឌិតផងដែរ ។ល។ 
 
កញ្ញា  សុង សុធាវី៖ តើការចេញធ្វើការខុសពីជំនាញសិក្សា វាខាតពេលសម្រាប់ពួកគេ នាអំឡុងពេលរៀនបែបណាលោក?
 
លោក ប៉ិច បូឡែន៖ បើតាមគំនិតខ្ញុំ គឺវាខាតនូវផលិតភាពរបស់ជាតិហើយ តែបើយើងបានដឹងមុនច្បាស់ថា បួន ទៅ ប្រាំឆ្នាំទៀត តើវិស័យណានឹងមានតម្រូវការច្រើន? នោះពួកគាត់សម្រួចខ្លួន និងអភិវឌ្ឍន៍ខ្លួន រៀនឱ្យចំំជំនាញ និងទីផ្សារការងារ ដើម្បីជៀសវាងខាតពេលវេលា។ល។  ប៉ុន្តែ បើយើងមិនបានដឹងច្បាស់មុន តម្រង់ទិសមុនទេ ហើយបន្តប្រើប្រាស់និស្សិតខុសជំនាញច្រើនពេក វាខាតបង់នូវសេដ្ឋកិច្ចជាតិដែរ។ 
 
កញ្ញា  សុង សុធាវី៖ បើយើងសង្កេតតាមស្ថាប័នមួយចំនួន ឃើញថាអ្នកកាន់តួនាទីដឹកនាំ ពួកគាត់ក៏ធ្វើការមិនចំជំនាញសិក្សាប៉ុន្្មានដែរ តើលោកមានការចូលរួមបែបណា ត្រង់ចំណុចនេះ? 
 
លោក ប៉ិច បូឡែន៖ នៅពេលដែលយើងរៀនកំរិតបរិញ្ញាបត្រ ឬ អនុបណ្ឌិត ។ល។ នៅពេលយើងរៀន វាមិនមែនមានវាជំនាញវិជ្ជាជីវៈមុតស្រួចណាមួយទេ តែវាមានជំនាញទូទៅ ដែលអាចយកមកប្រើបានផងដែរ។ ពិសេស គឺទាក់ទងនឹងចំណេះដឹងទូទៅ ការវិភាគស៊ីជម្រៅ ។ល។ ដើម្បីយកមកគាំទ្រទៀត។ 
ឧទាហរណ៍ដូចជំនាញគ្រប់គ្រង ស្ថាប័នណាក៏ត្រូវការជំនាញនេះដែរ តែមានមុខវិទ្យាផ្សំជាច្រើនដែលអាចគាំទ្រជំនាញនេះ និងមានជំនាញគ្រឹៈមួយចំនួនដែលអាចបត់បែនបាន។ អ៊ីចឹងជំនាញទាំងនោះ ដែលអាចឱ្យគាត់ដូរអាជីពបាន ដូចនេះវាមិនលំបាកពេកទេ។ ទោះបីមិនចំជំនាញក៏ដោយ តែគាត់មានចំណេះដឹងជាមូលដ្ឋានគ្រឹះមួយចំនួន និងបទពិសោធន៍ថែមទៀត ដែលគាត់អាចយកមកប្រើប្រាស់បាន។ អ៊ីចឹង បើមនុស្សសង្វាត ដាក់ចិត្តរៀន ពេលបត់អាជីព គាត់រៀនសូត្រទៅ គាត់រៀនធ្វើការជាក្រុម។ គាត់អត់ចេះមែន តែគាត់មានមូលដ្ឋានគ្រឹៈក្នុងការដឹកនាំ ជំនាញ បំណិន ទុនផ្សេងៗ ហើយអាចមានសមត្ថភាពប្រើអ្នកចេះបាន។ អ៊ីចឹង ខ្ញុំជឿថា គាត់នៅតែអាចរីកចម្រើនបាន បើគាត់ដាក់ចិត្តទទួលយក បើកចិត្ត ស្តាប់ពីអ្នកដទៃ ទទួលុកការបំពេញពីមនុស្សជុំវិញខ្លួន នោះគាត់នៅតែអាចធ្វើការងារហ្នឹងបាន។ 
 
កញ្ញា  សុង សុធាវី៖  អ្នកដឹកនាំ ដែលមិនសូវមានជំនាញ តែមានក្រុមការងារដែលជំនាញខ្លាំង  តើលោកគិតថា ជារឿងដែលងាយស្រួល ឬ លំបាកក្នុងការដឹកនាំអ្នកដទៃ? 
 
លោក  ប៉ិច  បូឡែន៖ នៅពេលដែលគាត់មានជំនាញដឹកនាំ ទំនាក់ទំនងអន្តរបុគ្គលបានល្អ ខ្ញុំជឿថាគាត់នៅតែអាចធ្វើបាន។  ឧទាហរណ៍ថាយើងគ្រប់គ្រងស្ថាប័នមួយ យើងមិនអាចទៅចេះគ្រប់ជំនាញបានទេ តែយើងត្រូវការការបំពេញពីអ្នកដែលមានជំនាញនៅជុំវិញខ្លួនយើង។ ដូចនេះជំនាញ អាចជាភាពជោគជ័យសម្រាប់យើងមួយចំនួនទេ តែជំនាញទំនាក់ទំនងអន្តរបុគ្គល ការធ្វើការជាក្រុម ការចេះគិតពិចារណា ច្នៃប្រឌិតផ្សេងៗ នោះគឺជាការបំពេញនូវប្រសិទ្ធភាពការងារថែមទៀត។
 
កញ្ញា សុង សុធាវី៖ តើសង្គមមានតួនាទីសម្របសម្រួលលើការងារនេះដូចម្តេច ដើម្បីជៀសវាងការចាត់តាំងអ្នកដឹកនាំ​ខុសពីជំនាញ ហើយលើកទឹកចិត្តដល់អ្នកជំនាញឱ្យធ្វើការងារប្រកបដោយប្រសិទ្ធភាព?
 
លោក ប៉ិច បូឡែន៖ ពាក្យថាសង្គម មានន័យថាយើងធ្វើការងារហ្នឹងរួមគ្នា  ទាំងក្រសួងពាក់ព័ន្ធ វិស័យឯកជន ដែលកំណត់ថា តើចំណេះជំនាញអ្វីខ្លះដែលជាតម្រូវការខ្ពស់សម្រាប់ថ្ងៃក្រោយ? ដូចនេះ ទាំងអស់គ្នាត្រូវចូលរួមអភិវឌ្ឍន៍យុវជនហ្នឹង៕
 
 
 
 
 

Tag:
 វិស័យអប់រំ
 
© រក្សាសិទ្ធិដោយ thmeythmey.com