FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Keisuke Honda ៖ ជប៉ុនគួរកំណត់គោលដៅឈ្នះពាន ជាជាងកំណត់ត្រឹមវគ្គ៨ក្រុមនៅ World Cup ទើបលទ្ធផលល្អជាងនេះ
06, Dec 2022 , 9:59 pm        
រូបភាព
លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ បានសរសេរលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនថា ជប៉ុនគួរតែកំណត់គោលដៅឈ្នះពាន World Cup នៅកាតា ជាជាងដាក់គោលដៅត្រឹមវគ្គ ៨ក្រុមចុងក្រោយ ទើបលទ្ធផលគាប់ប្រសើរជាងនេះ។



ជប៉ុនធ្លាក់ចេញពី World Cup 2022 ត្រឹមវគ្គជម្រុះ ១៦ ក្រុមចុងក្រោយ ក្រោយចាញ់ក្រូអាស៊ីវគ្គស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-១ បន្ទាប់ពីលទ្ធផលការប្រកួតរយៈពេល ១២០នាទីស្មើ ១-១ នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ 
 
មុនពេលជប៉ុនធ្វើដំណើរមកកាន់ការប្រកួតនៅប្រទេសកាតាគ្រូបង្វឹកជប៉ុនលោក Hajime Moriyasu ធ្លាប់បាននិយាយដោយប្តេជ្ញាចិត្តថាក្រុមសាំម៊ូរៃជប៉ុនបានដាក់គោលដៅឡើងឱ្យដល់វគ្គ ៨ក្រុមចុងក្រោយជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
ប៉ុន្តែ មិនខុសពីឆ្នាំ ២០១៨ ឡើយ ជប៉ុននៅតែមិនអាចឆ្លងផុតវគ្គជម្រុះ ១៦ក្រុមឡើយ បើទោះបីជប៉ុនធ្វើបានល្អនៅប្រកួតវគ្គចែកពូលដោយឈ្នះអេស្ប៉ាញ និងអាល្លឺម៉ង់។ ក្រោយមិនអាចសម្រេចបំណងរបស់ខ្លួនដើម្បីឡើងដល់វគ្គ៨ក្រុម លោក Honda ដែលជាអតីតក្រុមជម្រើសជាតិជប៉ុន និងយល់ឃើញថា ជប៉ុនគួរដាក់គោលដៅលើសពីនេះ ទើបលទ្ធផលប្រសើរជាងនេះ។
 
«កុំសម្លឹងគោដៅត្រឹមតែវគ្គ ៨ក្រុម។ គោលដៅរបស់ខ្ញុំសម្រាប់ជប៉ុនគឺឈ្នះពានរង្វាន់តែម្តង។ ខ្ញុំគិតថាវិធីសាស្ត្រ ដាក់គោលដៅកាន់តែខ្ពស់ នឹងអាចធ្វើឱ្យការតាំងចិត្តរបស់កីឡាករកាន់តែធំ ហើយលទ្ធផលក៏ប្រើសើរតាមនោះដែរ។»។ នេះបើតាមការសរសេររបស់លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជានៅលើ Twitter៕
 
 

Tag:
 World Cup
  Japan
© រក្សាសិទ្ធិដោយ thmeythmey.com