ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
តើយុវជនគួរត្រៀមខ្លួនបែបណា ដើម្បីទទួលបានការងារល្អ តាមក្តីស្រមៃ?
07, Dec 2022 , 8:59 am        
រូបភាព
លោក ប៉ិច បូឡែន  ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា. រូបភាពពី សហព័ន្ធសេវាអប់រំនៅកម្ពុជា
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា. រូបភាពពី សហព័ន្ធសេវាអប់រំនៅកម្ពុជា
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ ការត្រៀមខ្លួនជ្រើសរើសជំនាញសិក្សា គឺជារឿងដ៏សំខាន់សម្រាប់សិស្ស - និស្សិតកម្ពុជា ដែលស្របទៅតាមសមត្ថភាព ចំណូលចិត្ត ទីផ្សារការងារ និងបុព្វហេតុជីវិតរបស់ពួកគេ ដើម្បីសម្រេចបានគោលដៅជីវិតរៀងៗខ្លួន។ ការពង្រឹងចំណេះជំនាញគោល ជំនាញបន្ទាប់បន្សំ ភាសាបរទេស បច្ចេកវិទ្យា ចំណេះដឹងទូទៅ ទាំងនៅកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ព្រមទាំងប្រឡូកយកបទពិសោធន៍ពីជំនាញ ដែលខ្លូនជ្រើសរើស វាគឺជាដើមទុនដ៏សំខាន់ ដើម្បីឈានទៅដល់អាជីពដែលខ្លួនប្រាថ្នា។ នេះបើយោងតាម លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា។



 លោក ប៉ិច បូឡែន  ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា. រូបភាពពី សហព័ន្ធសេវាអប់រំនៅកម្ពុជា..
 
នេះជាសំឡេងរបស់លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា៖ 





 
កញ្ញា សុង សុធាវី៖ ក្នុងនាមលោកជាតួអង្គសំខាន់មួយរូបក្នុងវិស័យអប់រំ ផ្នែកឯកជន ដែលមានបទពិសោធន៍ជាង២០ឆ្នាំហើយ តើយុជនកម្ពុជាយើង គួរត្រៀមខ្លួនបែបណា ដើម្បីទទួលបានការងារល្អ តាមក្តីស្រមៃរបស់ពួកគេ?
 
លោក ប៉ិច បូឡែន៖ គាត់ត្រូវមានចំណេះ ជំនាញគោលមួយ ហើយចង់ធ្វើការនៅក្នុងវិស័យអ្វី? បើគាត់ចង់ធ្វើការផ្នែកទេសចរណ៍ ឬ បដិសណ្ឋារកិច្ច អ៊ីចឹងគាត់ត្រូវរៀនពីចំណេះជំនាញ និងប្រឡូកក្នុងការងារទាំងអស់នេះ ដើម្បីប្រមូលយកបទពិសោធន៍ ឬ ធ្វើការស្ម័គ្រចិត្តក្នុងវិស័យហ្នឹងទៅ។ ទន្ទឹមនេះ ត្រូវមានជម្រើសទី២ ព្រោះនៅប្រទេសណាក៏ដោយ វាតែងមានការប្រែប្រួល ដែលខុសពីការរំពឹងរបស់យើងខ្លះដែរ។ ប្រសិនបើ គោលដៅអាជីពការងារ  ដែលគាត់ត្រៀម វាអត់មាន! អ៊ីចឹងគោលដៅទី២ណាដែលគាត់យកបាន? និងត្រូវស្វះស្វែងរកប្រភពតម្រង់ទិសផ្សេងៗ ទាំងការប្រមើលមើលទៅអនាគត ហើយត្រូវគិតតាំងពីថ្នាក់វិទ្យាល័យទៅតែម្តង។ មាតាបិតាកឺជាអ្នកជួយគិតគូរក្នុងរឿងនេះ ហើយខាងសាលា គឺជាអ្នកជួយតម្រង់ទិសក្នុងរឿងហ្នឹង ដើម្បីឱ្យមើលឃើញថាជិត ១០ឆ្នាំខាងមុខស្ថានភាពការងារវាប្តូរទិសបែបណា? អ៊ីចឹងសិស្សដែលគាត់ត្រៀមចូលមហាវិទ្យាល័យ គាត់រើសជំនាញត្រូវ នេះទី១។ ទី២ ត្រូវមានផែនការបម្រុងទុកសម្រាប់ខ្លួនដែរ។ បើដល់ពេលជាក់ស្តែងវាមានតម្រូវការលើសវិញ តើគួរបត់បែបណា? បើចេះភាសាត្រូវធានាថាអាចប្រើប្រាស់បាន ទាំងអង់គ្លេស និង ចិន ដែលជាភាសានាំមុខហើយ។ ផ្នែកបច្ចេកវិទ្យាផ្សេងៗ កន្លែងណាក៏ត្រូវការដែរ។ ក៏ដូចជាចំណេះដឹងក្នុងតំបន់អាស៊ាន ឬ ទិដ្ឋភាពពាណិជ្ជកម្មនៅក្នុងតំបន់ ព្រមទាំងជំនាញដឹកនាំ គ្រប់គ្រង  និងធ្វើការជាក្រុមផងដែរ។ ទោះបីគាត់បត់ការងារទៅខាងណា ក៏គាត់មានមូលដ្ឋានគ្រឹៈទាំងហ្នឹង អាចឈរបានដែរ៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com