FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញធ្លាក់នៅវគ្គ​១៦ក្រុម​ចុងក្រោយ​ដោយទាត់ប៉េណាល់ទីចាញ់ម៉ារ៉ុក
07, Dec 2022 , 12:49 am        
រូបភាព
 ម៉ារ៉ុកឈានទៅវគ្គ៨ក្រុម​ចុងក្រោយនៃព្រឹត្តិការណ៍ World Cup ជាប្រវត្តិសាស្ត្រ បន្ទាប់ពីទទួលជ័យជម្នះ ៣-០ លើអេស្ប៉ាញដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ក្រោយលទ្ធផល១២០នាទីស្មើគ្នា ០-០។



ជំនួបនៅក្នុងវគ្គទីមួយរវាងម៉ារ៉ុកទល់អេស្ប៉ាញ មានភាពតានតឹងរៀងៗខ្លួនដោយការប្រកួតគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាកើតឡើងសោះ ខណៈក្រុមទាំងសងខាងលេងដោយការប្រុងប្រយ័ត្នដូចគ្នា។ នៅពាក់កណ្តាលវគ្គទីមួយអេស្ប៉ាញបានដាក់សម្ពាធសម្រុកខ្លាំង ប៉ុន្តែត្រូវម៉ារ៉ុកការពារបានយ៉ាងរឹងមាំ និងឈានចូលចុងវគ្គ ម៉ារ៉ុកអាចកែប្រែស្ថានកាល ហើយបានវាយបកសម្រុកខ្លាំងលើអេស្ប៉ាញដូចគ្នា។ យ៉ាងណាមិញវគ្គទីមួយក្រុមទាំងពីរបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ០-០។
 
ឈានចូលវគ្គទីពីរយុទ្ធសាស្ត្រនៅតែគ្មានភាពប្រែប្រួលគួឱ្យកត់សម្គាល់ ដោយក្រុមទាំងពីរបានព្យាយមដាក់ការវាយសម្រុក ព្រមទាំងដាក់សម្ពាធលើគ្នាទៅវិញទៅមក ជាមួយការប្រុងប្រយ័ត្នមិនអាចធ្វេរប្រហែសបានដូចគ្នានៅដើមវគ្គទីពីរ។ ការប្រកួតបានអូសបន្លាយដោយគ្មានលទ្ធផលស៊ុតបញ្ចូលទីគ្នាដដែល រហូតដល់នាទីហៀបនឹងបញ្ចប់វគ្គ ទាំងម៉ារ៉ុកនិងអេស្ប៉ាញសម្រុកគ្មានខ្លាំងយ៉ាងជក់ តែស្មើ ០-០ បានបន្តរហូតដល់ចប់វគ្គទីពីរក្រុមទាំងសងខាងត្រូវបន្តការប្រកួតក្នុងម៉ោងបន្ថែម ១៥នាទី ២ដងបន្តទៀត។
 
ការប្រកួតឆ្លងចូលក្នុងម៉ោងបន្ថែម ១៥នាទីពីរដងលើកទីមួយ អេស្ប៉ាញនៅតែមិនអាចស៊ុតបំប៉ោងសំណាញ់ទីគ្នា ទោះបីព្យាយាមបុកខ្លាំងដើម្បីចង់ទម្លុះសំណាញ់ទីលើម៉ារ៉ុកដែលព្យាយមការពារខ្លាំងជាមួយរនាំងដ៏រឹងមាំ។ បន្ថែម ១៥នាទីលើកពីរឱកាសជាច្រើនលើកសម្រាប់អេស្ប៉ាញក៏នៅតែខកខាន ម៉ារ៉ុកធ្វើបានល្អការពាររឹងមាំ ការប្រកួតក្រុមទាំងពីរក្លាយជាជំនួបទីពីរនៅ World Cup 2022 ឈានចូលដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។
 
ម៉ារ៉ុកធ្វើបានល្អជាងអេស្ប៉ាញក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ដោយយកឈ្នះអេស្ប៉ាញការស៊ុតក្នុងលទ្ធផល ៣-០ ក្រោយការប្រកួត ១២០នាទីស្មើ ០-០ ម៉ារ៉ុកឡើងវគ្គ ៨ក្រុមចុងក្រោយលើកដំបូងក្នុងប្រវត្តិសាស្រ្តចាប់តាំងពីឆ្នាំ ១៩៧០ ដែលពួកគេបានបង្ហាញខ្លួននៅព្រឹត្តិការណ៍ World Cup ៦លើកទាំងលើកនេះ។ អ្នកចាំទីម៉ារ៉ុក Bono វ័យ ៤១ឆ្នាំចាស់ជាងគេក្នុងការប្រកួត World Cup 2022 ធ្វើបានល្អដោយអាចសង្គ្រោះការស៊ុតពីសំណាក់កីឡាករអេស្ប៉ាញចំនួន ២លើកក្នុងការប្រកួត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com