អន្តរជាតិ
ប្រមុខ UN៖ មនុស្សក្លាយជាអាវុធនាំឱ្យមានការផុតពូជជីវចម្រុះ
07, Dec 2022 , 3:59 pm        
រូបភាព
មនុស្សជាតិបានក្លាយជាអាវុធគំរាមកំហែងដល់ការផុតពូជដ៏ធ្ងន់ធ្ងរក្នុងធម្មជាតិ ហើយរដ្ឋាភិបាលក្នុងពិភពលោកត្រូវតែរួមគ្នាបញ្ចប់ការបំផ្លិចបំផ្លាញតាមរយៈកិច្ចព្រមព្រៀងធម្មជាតិជាសកលដ៏រឹងមាំមួយ។ នេះបើតាមការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី៦ ខែធ្នូ។



នាសុន្ទរកថាបើកកិច្ចប្រជុំកំពូលស្ដីពីជីវចម្រុះលើកទី១៥ (COP15) ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ព្រមានថា មនុស្សជាតិបានក្លាយអាវុធគំរាមយ៉ាងខ្លាំងដល់ការផុតពូជរបស់ជីវចម្រុះក្នុងធម្មជាតិ។ អគ្គលេខាធិការ UN ក៏បានជំរុញគណៈប្រតិភូតំណាងប្រទេសជាសមាជិកឱ្យបង្កើតកិច្ចព្រមព្រៀងធម្មជាតិជាសកលដ៏រឹងមាំមួយដើម្បីបញ្ចប់ការបំផ្លិចបំផ្លាញផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
«មនុស្សជាតិបានក្លាយជាអាវុធគំរាមកំហែងដល់ការផុតពូជយ៉ាងធ្ងន់ធ្ងរ។» លោក ហ្គូតេរ៉េស ថ្លែងបែបនេះក្នុងពិធីបើកសន្និសីទទីក្រុង Montreal។ ប្រមុខ UN បន្តថាម នុស្សធ្វើសកម្មភាពប្រឆាំងធម្មជាតិ ខណៈដី ទឹក និងខ្យល់ត្រូវបានបំពុលដោយសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត និសំgណល់ប្លាស្ទិក ហើយសន្និសីទលើកនេះជាឱកាសដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញ ព្រោះវាមិនមានពេលសម្រាប់បាត់បង់ទៀតឡើយ។ នេះដោយសារប្រទេសនានាកំពុងរៀបចំការចរចាបង្កើតកិច្ចព្រមព្រៀងសកលថ្មីមួយដើម្បីការពារបរិស្ថានរបស់ផែនដី។
 
បើតាមការវាយតម្លៃរបស់ UN Global Land Outlook ឆ្នាំ២០២២ សត្វ​​ជាង១លាន​ប្រភេទ ជាពិសេស​សត្វល្អិត​ត្រូវ​បាន​គំរាមកំហែង​ដោយការ​ផុត​ពូជ ដោយ​បាត់​ខ្លួនក្នុងរយៈពេល១០លានឆ្នាំមកហើយ ហើយផ្ទៃផែនដី៤០ភាគរយត្រូវបានចាត់ចូលជាដីរងការបំផ្លាញ។
 
ក្នុងពិធីបើកសន្និសីទដដែល នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ បានជំរុញឱ្យប្រទេសនានាយល់ព្រមលើគោលដៅអភិរក្សផ្ទៃដី និងទឹកតាមប្រទេសនីមួយឱ្យបាន៣០ភាគរយនៅឆ្នាំ២០៣០ ដែលវាក៏ជាសំណើដ៏សំខាន់របស់ UN ដែរ។ មេដឹកនាំកាណាដាបន្ត​ថា ​ជុំវិញគោលដៅនេះ វាមានការខ្វែងគំនិងគ្នារវាងរដ្ឋាភិបាលនានា តែបើរដ្ឋាភិបាលនីមួយៗមិនអាចយល់ស្របគ្នាក្នុងលក្ខណៈជាពិភពលោកលើបញ្ហាជាមូលដ្ឋានដូចជាការការពារធម្មជាតិទេ នោះគ្មានអ្វីអាចដោះស្រាយបានទៀតឡើយ។ លោក ទ្រូដូ អះអាងថា រដ្ឋាភិបាលអូតាវ៉ានឹងបែងចែកលុយ៣៥០លាន​ដុល្លារជួយដល់ផ្នែក​ហិរញ្ញប្បទាន​ជីវចម្រុះ​អន្តរជាតិ។
 
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីជីវចម្រុះរបស់ UN ត្រូវធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ហើយវាមិនសូវទទួលបានការយកចិត្តទុកដាក់ដូចការពិភាក្សាប្រចាំឆ្នាំរបស់ UN ស្តីពីការប្រែប្រួលអាកាសធាតុជាសកលនោះទេ។ តាមការពិត ចិនត្រូវរៀបចំកិច្ចប្រជុំកំពូលស្ដីពីជីវចម្រុះ​លើកទី១៥ ក្នុងឆ្នាំ២០២០ ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវពន្យាពេលចំនួនបួនដងហើយដោយសារជំងឺរាតត្បាតកូវីដ-១៩ ដូច្នេះទើបត្រូវលើកមករៀបចំនៅទីក្រុង Montreal របស់កាណាដាឆ្នាំ ២០២២វិញ៕
 
 
 
 
 

Tag:
 UN
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com