កីឡាជាតិ
ជាតិ
ឬទ្ធីស័ក្ដិ អ្នកហាត់គុនល្បុក្កតោជនជាតិបារាំង៖ ការដឹងគុណគ្រូ ជាចំណុចសំខាន់ នៃក្បាច់គុណល្បុក្កតោ
07, Dec 2022 , 7:59 pm        
រូបភាព
លោក ចាន់ ឬទ្ធីស័ក្ដិ នាពិធីបិទកីឡាជាតិលើកទី៣
លោក ចាន់ ឬទ្ធីស័ក្ដិ នាពិធីបិទកីឡាជាតិលើកទី៣
លោក Derek Bidaut ជនជាតិបារាំង ដែលមានឈ្មោះខ្មែរ ចាន់ ឬទ្ធីស័ក្ដិ ជាអ្នកស្រឡាញ់ ការហាត់គុនខ្មែរ និងក្បាច់គុនល្បុក្កតោ បាននិយាយថាក្បាច់គុនល្បុក្កតោ គឺជាសិល្បៈការពារខ្លួន ដ៏សម្បូរបែបមួយរបស់កម្ពុជា។ ក្នុងនាមជាមន្ត្រីអាជ្ញាកណ្តាលកីឡាគុនល្បុក្កតោផង ឬទ្ធីស័ក្ដិដឹងច្បាស់ថាក្បាច់គុនល្បុក្កតោ បានយកការដឹងគុណគ្រូ ជាចំណុចសំខាន់។



លោក ចាន់ ឬទ្ធីស័ក្ដិ ដែលមានសញ្ជាតិខ្មែរ-បារាំង បាន​ប្រាប់សារព័ត៌មានថ្មីៗ ថាក្បាច់គុនល្បុក្កតោ មិនងាយស្រួលហាត់នោះទេ ព្រោះជាមានស្នៀតគុនជាច្រើន ដែលផ្សារភ្ជាប់ទៅនិងធម្មជាតិ និងសត្វជាដើម។ 
  


ឬទ្ធីស័ក្ដិ អ្នកហាត់គុនល្បុក្កតោ រហូតក្លាយជាគ្រូបង្វឹក និងមន្ត្រីអាជ្ញាកណ្តាល បាននិយាយដូច្នេះថា៖«បើនិយាយពីក្បាច់មានច្រើន ដូចជា ក្រពើហា ខ្លាក្រាប ស្រង៉ែពែន និងក្បាច់ពាក់ព័ន្ធ ជាមួយអាទិទេពជាដើម។ អ្វី ដែលមានក្នុងល្បុក្កតោទៀតនោះ គឺយុទ្ធសាស្ដ្រ និងយុទ្ធសីល។ ខ្ញុំ គិតថាបើចំណាយពេលមួយជីវិត ហាត់មិនអស់ទេ ព្រោះវាសម្បូរបែបពេក។»។
 
បើទោះជាមានក្បាច់ច្រើនយ៉ាងណាក៏ដោយ តែស្នៀតនីមួយៗ មិនមែនហាត់បានដោយងាយស្រួលនោះទេ ម្យ៉ាងវិញទៀត អ្នកហ្វឹកហាត់ ត្រូវប្រកាន់គោលជំហររួមមួយ គឺការដឹងគុណគ្រូ។ ការហាត់ក្បាច់គុន ត្រូវចេះគោរពគ្រូ។ លោក ចាន់ ឬទ្ធីស័ក្ដិ ចាត់ទុកថា ការដឹងគុណគ្រូ គឺជាចំណុចសំខាន់ នៃក្បាច់គុន។
 
«ពាក្យថា«គុណគ្រូ» គឺសម្ដៅទៅលើការរលឹក នូវការបង្រៀន និងការអប់រំផ្សេងៗ ដែលទទួលបានពីគ្រូ។ ពេលយើង ហាត់ យើងតែងមានគ្រូ។»។ លោក ចាន់ ឬទ្ធីស័ក្ដិ ដែលបានសញ្ជាតិខ្មែរតាមរយៈការហាត់គុនល្បុក្កតោបានពន្យល់បែបនេះ។
  


អ្នកហាត់គុនល្បុក្កតោរូបនេះ បានរៀបរាប់បន្ថែមទៀតថា រូបលោក ចាប់ហាត់ក្បាច់គុនតាំងពីតូច គឺនៅពេលដែលខ្លួន រស់នៅប្រទេសបារាំង ប៉ុន្ដែពេលនោះ លោក ចាន់ ឬទ្ធីស័ក្ដិ ហាត់ក្បាច់គុនកុងហ្វូ របស់ចិន។ លុះចូលដល់ឆ្នាំ២០០៩ ឬទ្ធីស័ក្ដិ បានមកទឹកដីកម្ពុជា ហើយក៏បានចូលហ្វឹកហាត់ប្រដាល់សេរី។ នៅក្នុងឆ្នាំដដែរនោះ កីឡាករបារាំង សញ្ជាតិខ្មែររូបនេះ បានឃើញការបកស្រាយជាច្រើនរបស់លោក សាន គឹមស៊ាន ព្រឹទ្ធាចារ្យគុនល្បុក្កតោ អំពីប្រវត្តិ និងភាពសម្បូរបែបនៃក្បាច់គុនបុរាណខ្មែរ ដែលជាហេតុធ្វើឲ្យ លោក ចាន់ ឬទ្ធីស័ក្ដិ ចាប់អារម្មណ៍ជាខ្លាំង។ ចាប់តាំងពីពាក់កណ្ដាល់ឆ្នាំ ២០០៩ មកទល់ពេលនេះ កីឡាកររូបនេះ បានហ្វឹកហាត់គុនល្បុក្កតោ បានរយៈពេល១៤ឆ្នាំ។
 
«ខ្ញុំ យល់ថាក្បាច់គុននេះ មិនធម្មតាទេ ព្រោះខ្ញុំធ្លាប់ហាត់កុងហ្វូ របស់ចិនយូឆ្នាំហើយ។ ប៉ុន្ដែ ខ្ញុំហាត់ក្បាច់គុនល្បុក្កតោ ខុសគ្នាដាច់ ព្រោះក្បាច់គុននេះ សម្បូរបែប ក្បាច់មានច្រើនប្រភេទមែនទែន។ នេះ ធ្វើឲ្យខ្ញុំចង់មកខ្មែរ។ ពេលខ្ញុំ មកដល់ ខ្ញុំមិនចង់ទៅវិញទេ។ ខ្ញុំ ស្រឡាញ់ទឹកដីខ្មែរ ខ្ញុំមិនចង់ទៅណាទៀតទេ។ ខ្ញុំចង់ហាត់ ខ្ញុំចង់ស្វែងយល់ និងចង់ជួយផ្សព្វផ្សាយពីក្បាច់គុនល្បុក្កតោ។»។ កីឡាករគុនល្បុក្កតោរូបនេះ បានប្រាប់ដូច្នេះ។
 
ជាមួយនិងការដាក់ក្បាច់គុនល្បុក្កតោ ក្នុងប​ញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ លោក ចាន់ ឬទ្ធីស័ក្ដិ បានសម្ដែងការសប្បាយចិត្ត ព្រោះលោក ចាត់ទុកថានេះ ជាសមិទ្ធិផលនៃការខំប្រឹងប្រែងរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់។
 
ដោយឡែក ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ លោក ចាន ឬទ្ធីស័ក្ដិ ត្រូវបានគណៈកម្មការរៀបចំការប្រកួត គ្រោងឲ្យ ធ្វើជាមន្ដ្រីអាជ្ញាកណ្ដាល និងរៀបចំការប្រកួត។ ការរៀបចំការប្រកួត អាចពិបាក ព្រោះក្បាច់គុនល្បុក្កតោ ពីដើមប្រើដើម្បីធ្វើសង្គ្រាម។ លោក ចាន់ ឬទ្ធីស័ក្ដិ ចាត់ទុកដូច្នេះថា៖«ក្បាច់គុននេះ គឺសាហាវ ហើយពេលនេះ យើងយកមកធ្វើជាកីឡាវិញ។ ក្នុងពាក្យថាកីឡា យើងត្រូវគិតពីសុវត្ថិភាពរបស់កីឡាករ។ ដូចនេះ យើងធ្វើឲ្យក្បាច់គុនសម្រាប់ធ្វើសង្គ្រាមឲ្យក្លាយជាកីឡាវិញ។»៕
 

Tag:
 ល្បុក្កតោ
  ចាន់ ឬទ្ធីស័ក្ដិ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com