ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក៖​ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញ តែជួបឧបសគ្គច្រើន​
07, Dec 2022 , 8:59 pm        
រូបភាព
ដ្បិតសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញយ៉ាងល្អមែន តែ បច្ចុប្បន្ន កម្ពុជា​ក៏កំពុងប្រឈមនូវកត្តាអវិជ្ជមានជាច្រើន ដែលកើតឡើងលើសកលលោក។ បញ្ហាអតិផរណា, សេដ្ឋកិច្ចពិភពលោកមានកំណើនយឺត, ការផ្គត់ផ្គង់ថាមពលធ្លាក់ចុះ និងអត្រាការប្រាក់ឡើងកាន់តែខ្ពស់ គឺជាកត្តាអវិជ្ជមានដែលអាចបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

 
ធនាគារពិភពលោកបានព្យាករថា កម្ពុជាមានកំណើនសេដ្ឋកិច្ច៤,៨ភាគរយក្នុងឆ្នាំ២០២២។​ កំណើននេះ ដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ«រស់នៅជាមួយកូវីដ-១៩»នាចុងឆ្នាំ២០២១ រួមនឹងវិស័យស្នូលផ្សេងៗទៀត ដូចជា៖ ឧស្សាហកម្មកាត់ដេរ ទំនិញធ្វើដំណើរ និងការនាំចេញស្បែកជើងរបស់កម្ពុជា នៅរក្សាបាននូវភាពល្អប្រសើររបស់ខ្លួន។​
 
សម្រាប់ឆ្នាំ២០២៣ ធនាគារពិភពលោក បានទមា្លក់ការព្យាករសេដ្ឋកិច្ចកម្ពុជាពីកំណើន៥,៨ភាគរយ មកនៅត្រឹម៥,២ភាគវិញ។ ការទម្លាក់នៃកំណើនសេដ្ឋកិច្ចនេះ គឺដោយសារធនាគារពិភពលោកមើលឃើញការប្រឈមហានិភ័យធ្ងន់ធ្ងររបស់កម្ពុជាពីការវិវត្តសភាពការណ៍ឥតឈប់ឈររបស់សកលលោក។ លោកស្រី ម៉ារៀម ស័រមែន( Maraim Sherman) នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានលើកឡើងថា ហានិភ័យដែលកំពុងកើន​ឡើងសម្រាប់កម្ពុជា គឺកំណើនពាណិជ្ជកម្មសកល នឹងថយចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៣ ដែលនាំឱ្យវិស័យផលិតកម្មរបស់កម្ពុជា ដែលផ្តោតលើការនាំចេញងាយរងគ្រោះ និងធ្លាក់ចុះជាបន្តបន្ទាប់។ ជាពិសេស ការនាំទំនិញទៅសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ 
 
ជាមួយគ្នានេះ ការវិនិយោគនិងលំហូរមូលធនទំនងនឹងថយចុះ ដោយសារតែការធ្លាក់ចុះបន្តិចម្តងៗនូវទុនពីប្រទេសចិន​ ដែលជាប្រភពនៃវិនិយោគផ្ទាល់ពីបរទេស(FDI)ធំបំផុតរបស់កម្ពុជាមកទល់បច្ចុប្បន្ន។​
 
លោកស្រី ស័រមែន បានបញ្ជាក់ក្នុងពិធីសម្ពោធរបាយការណ៍សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នាសណ្ឋាគារ Raffles នាថ្ងៃទី៧ធ្នូនេះ​ថា៖ «ប្រសិនបើតម្លៃថាមពលបន្តកើនឡើង លក្ខខណ្ឌពាណិជ្ជកម្មកាន់តែអាក្រក់នឹងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងប្រាក់ចំណេញសាជីវកម្ម។  កំណើនឥណទានខ្ពស់ និងការប្រមូលផ្តុំឥណទានក្នុងស្រុកក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យដ៏សំខាន់ចំពោះស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា»។
 

លោកស្រី ម៉ារៀម ស័រមែន( Maraim Sherman) នាយិកាធនាគារពិភពលោកប្រចាំប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ 

ដើម្បីការពារសេដ្ឋកិច្ចកម្ពុជាពីផលប៉ះទង្គិចនូវការធា្លក់ចុះនៃតម្រូវការក្រៅបរទេស អ្នកជំនាញពីធនាគារពិភពលោក លើកឡើងថា កម្ពុជាគួរចាត់វិធានការដើម្បីពង្រឹងជំហរសារពើពន្ធរបស់ខ្លួន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសឧស្សាហកម្មទេសចរណ៍ដ៏ទាក់ទាញរបស់ខ្លួន សម្រាប់ពិភពលោក។​ 
 
លោកស្រី ស័រមែន បន្តថ្លែងថា៖​​«ប្រាក់ចំណូលកើនឡើង ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងភាពប្រសើរឡើងនៃផ្នែករដ្ឋបាល។ ការពង្រីកមូលដ្ឋានពន្ធនឹងជួយធានាបាននូវធនធានចាំបាច់សម្រាប់លើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ទប់ទល់សភាពការណ៍នៅពេលមានការធ្លាក់ចុះសេដ្ឋកិច្ចក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗ»។ 
បើតាមនាយិកាធនាគារពិភពលោករូបនេះ វិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច គឺជាផ្នែកដ៏មានសក្កានុពលសម្រាប់សេដ្ឋកិច្ចទៅថ្ងៃមុខ។​
 
លោក លី សូដេត ដែលជាសេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោកបានលើកឡើងថា​៖ «បើសិនជាយើងអាចបង្កើនការនាំចេញសេវាកម្មផ្នែកទេសចរណ៍​តាមរយៈការទាក់ទាញទេសចរបរទេស ឱ្យចូលក្នុងស្រុកយើងបាបនច្រើន​ឱ្យពួកគេចាយច្រើននោះ គឺយើងបានប៉ះប៉ូវនូវអ្វីដែលយើងបាត់បង់ពីការនាំចេញទំនិញយើងបាន»។​


 លោក លី សូដេត ដែលជាសេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល១០នៃឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួនកម្ពុជាទទួលបានទេសចរអន្តរជាតិសរុប១ ៥៧៥ ៩៥៤នាក់។ ក្នុងចំណោមទេសចរអន្តរជាតិទាំងនេះ ទេសចរជនជាតិថៃ និងវៀតណាម គឺមានច្រើនជាងគេ។ រហូតដល់ឆ្នាំ២០២២ ក្រសួងទេសចរណ៍ រំពឹងទទួលទេសចរអន្តរជាតិ ចំនួន២លាននាក់ ហើយចំនួននេះនឹងកើនបន្តបន្ទាប់ដល់៦លាននាក់ក្នុងឆ្នាំ២០២៦ឬ២០២៧៕ 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com