អន្តរជាតិ
លោក ស៊ី ទៅអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញកិច្ចសហប្រតិបត្តិជាមួយប្រទេសអារ៉ាប់
07, Dec 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងភរិយាក្នងដំណើរទស្សនកិច្ចនៅថៃនាពេលកន្លងមក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង និងភរិយាក្នងដំណើរទស្សនកិច្ចនៅថៃនាពេលកន្លងមក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត និងចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំប្រទេសតំបន់អារ៉ាប់។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅអារ៉ាប៊ីសាអូឌីតធ្វើឡើងចំពេលប្រទេសអាស៊ីបូព៌ាមួយនេះកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។



បើតាមក្រសួងការបរទេសចិន លោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចនៅរាជធានីរីយ៉ាដ Riyadh ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១០ ខែធ្នូ។ ក្រៅទស្សនកិច្ចនៅប្រទេសស្ដេចប្រេង លោក ស៊ី ក៏ចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់២ រួមមានកិច្ចប្រជុំកំពូលរវាងចិន និងបណ្ដាប្រទេសអារ៉ាប់ ក៏ដូចជាកិច្ចប្រជុំជាមួយមេដឹកនាំប្រទេសទាំង៦ ជាសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។ 
 
ដំណើរទស្សនកិច្ចធ្វើឡើងចំពេលចិនកំពុងខិតខំជំរុញកំណើនសេដ្ឋកិច្ចដែលកន្លងមកចុះខ្សោយដោយសារជំងឺរាតត្បាតកូវដី-១៩ ហើយចំពេលដែលទំនាក់ទំនងរវាងអាម៉េរិក និងអារ៉ាប៊ីសាអូឌីតស្ថិតក្នុងដំណាក់កាលមិនប្រាកដប្រជាជុំវិញបញ្ហាទីផ្សារថាមពលសកល។ មេដឹកនាំអារ៉ាប៊ីសាអូឌីត និងចិន គ្រោងពិភាក្សាពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសន្តិសុខក្នុងតំបន់ផងដែរ។
 
ចិនជាដៃគូដ៏ធំរបស់អារ៉ាប៊ីសាអូឌីត ដែលពាណិជ្ជកម្មទ្វេភាគីមានតម្លៃ៨៧,៣ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ ចិនបាននាំចូលប្រេងពាក់កណ្តាលនៃការប្រើប្រាស់ក្នុងស្រុករបស់ខ្លួនមកពីអារ៉ាប៊ីសាអូឌីត ដែលគិតជាទឹកប្រាក់មានរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ចិនក៏បាននាំចេញផលិតផលជាច្រើនទៅប្រទេសមជ្ឈិមបូព៌ាវិញដែរ ដែលមានទំហំទឹកប្រាក់ជាង​៣០ពាន់លានដុល្លារឯណោះ។
 
លើសពីនេះ ក្រុមហ៊ុនចិនជាច្រើនបានដើរតួរនាទីយ៉ាងសំខាន់ជួយអារ៉ាប៊ីសាអូឌីតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលក្នុងចំណោមក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុនសំណង់ និងក្រុមហ៊ុនទូរគមនាគមន៍យក្ស Huawei។ កិច្ចព្រមព្រៀងជាច្រើនទៀតត្រូវបានរំពឹងថានឹងចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ស៊ី ផងដែររួមទាំងនៅក្នុងវិស័យការពារជាតិ ក្រោយអារ៉ាប៊ីសាអូឌីតបង្ហាញពីសញ្ញានៃការផ្លាស់ប្តូរជំហរឆ្ងាយពីការពឹងផ្អែកលើអាម៉េរិក។ 
 
ដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ជាការពង្រឹងទំនាក់ទំនងជាមួយទីផ្សារដ៏ធំរបស់ចិន ខណៈដែលទីក្រុងប៉េកាំង រំពឹងស្ដារសេដ្ឋកិច្ចរបស់ខ្លួនរឹងមាំវិញ។ អត្រាលូតលាស់សេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះជាលំដាប់ ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងដាក់វិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ពិសេសការបិទខ្ទប់ទូទាំងប្រទេស។ កំណើនសេដ្ឋកិច្ចចិនបានស្ទុះងើបឡើងវិញដល់ជិត ៤ភាគរយក្នុងរយៈពេលបីខែដើមឆមាសទី២ នៃឆ្នាំ ២០២១។ យ៉ាងណាមិញ ការងើបឡើងនេះមិនទាន់ដល់គោលដៅរបស់រដ្ឋាភិបាលឡើយ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com