FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្ររត់ចូលទីលានហើយអាជ្ញាធរកាតាចាប់ខ្លួនម្នាក់ ថាប្រធាន FIFA ជាអ្នកជួយឱ្យមានសេរីភាពវិញ
07, Dec 2022 , 5:59 pm        
រូបភាព
Mario Ferri ត្រូវបានចាប់ខ្លួន ដោយសារកាន់ទង់ឥន្ទធនូតំណាងការស្រឡាញ់ភេទដូចគ្នារត់ចូលទីលានអំឡុងការប្រកួត FIFA World Cup រវាងព័រទុយហ្កាល់ និងអ៊ុយរូហ្កាយ។ Ferri បានប្រាប់ Reuters ថាលោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានជួយរូបគេឱ្យមានសេរីភាពឡើងវិញពីការចាប់ខ្លួនដោយអាជ្ញាធរកាតា។

 
អ្នកគាំទ្រឈ្មោះ Ferri ដែលរត់ចូលទីលាននោះ បានពាក់អាវពណ៍ខៀវដោយផ្សារភ្ជាប់ជាមួយសារ ជួយសង្គ្រោះអ៊ុយក្រែន«Save  Ukraine» នៅផ្ទៃខាងមុខអាវ និងពាក្យគោរពសម្រាប់ស្ត្រីអ៊ីរ៉ង់ «Respect For Iranian Women» នៅពីក្រោយអាវ។ ភ្លាមៗនោះរូបគេ ក៏ត្រូវបានអាជ្ញាធរកាតាចាប់ឃាត់ខ្លួន។ 
 
ប្រទេសកាតាដែលធ្វើជាម្ចាស់ផ្ទះ World Cup 2022 តែងរងការរិះគន់អំពីបញ្ហារិតដ្បិតសិទ្ធិសេរីភាពសម្រាប់មនុស្សដែលស្រលាញ់ភេទដូចគ្នា ព្រមទាំងសិទ្ធិស្រ្តីផ្សេងៗ។
តាមរយៈប្រព័ន្ធសន្ទនាវីដេអូ Zoom ពីផ្ទះរបស់ Ferri នៅប្រទេសអ៊ីតាលីទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក Ferri ដែលមានឈ្មោះហៅក្រៅថា Falco រៀបរាប់ថាខ្លួនគ្មានបញ្ហាអ្វីឡើយក្នុងប្រទេសកាតា ដោយត្រូវបានលោក Infantino ជួយឱ្យមានសេរីភាពឡើងវិញ។ 
 
«Gianni Infantino មានភាពឆ្លាតវ័យខ្លាំងណាស់ ហើយគាត់បានជួយខ្ញុំមានសេរីភាព ដោយគ្មានបញ្ហាអ្វីឡើយក្នុងប្រទេសកាតា។»។ លោក Mario Ferri បន្ថែមដូច្នេះ។
បុរសវ័យ ៣៥ឆ្នាំក៏បាននិយាយអំពីរឿងរ៉ាវក្រោយត្រូវបានចាប់ខ្លួនថា៖«មន្រ្តីប៉ូលិសនៅកាតាគឺពិតជាល្អ  រួសរាយ ពួកគេបានផ្តល់ទឹក កាហ្វេដល់ខ្ញុំ ហើយក្រោយ ១ម៉ោងកន្លះលោក Infantino បានបង្ហាញខ្លួនមកជួយខ្ញុំ»។
 
លើកពីនេះទៅទៀតលោក Mario Ferri  ក៏បានអះអាងបន្ថែមថា ប្រធាន FIFA បានចំណាំមុខគេព្រោះរូបគេបានប្រព្រឹត្តិទង្វើររត់ចូលទីលាននេះសរុប ១១លើកមកហើយ គិតទាំងលើកនេះ ដោយចាប់តាំងពីឆ្នាំ ២០១០ និង ២០១៤ ក្នុងព្រឹត្តិការណ៍ World Cup៕
 
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com