ជាតិ
ឆ្នាំនេះ សត្វក្រៀល វិលចូលតំបន់ការពារទេសភាពបឹងព្រែកល្ពៅលឿនជាងឆ្នាំមុន
08, Dec 2022 , 7:59 am        
រូបភាព
រូបភាពដោយអង្គការNatureLife Cambodia Organization
រូបភាពដោយអង្គការNatureLife Cambodia Organization
ដោយ:
ភ្នំពេញ៖ សត្វក្រៀលចំនួន៨ក្បាលបានធ្វើដំណើរទៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅដើមសប្ដាហ៍ទីមួយខែធ្នូនេះ បន្ទាប់ពីរដូវពងកូនបានបញ្ចប់។ ​ក្នុងចំណោម៨ក្បាលនោះ មាន៣ក្បាលជាក្រៀលវ័យជំទង់។



តំបន់ការពារទេសភាពបឹងព្រែកល្ពៅនៅក្នុងខេត្តតាកែវ និងតំបន់ការពារទេសភាពអន្លងព្រីង នៅក្នុងខេត្តកំពត ជាទីតាំងដែលក្រៀលតែធ្វើដំណើរទៅរកចំណីបន្ទាប់ពីបញ្ចប់រដូវពងកូន។ ធម្មតាសត្វក្រៀល អាចស្នាក់នៅដើម្បីរកចំណី ប្រមាណ២ខែ នៅតំបន់ការពារនីមួយៗ មុនបន្តដំណើរទៅតំបន់ពងកូនវិញ។ 


   រូបភាពដោយអង្គការNatureLife Cambodia Organization
 
លោក លឹម  វ៉ាត នាយករងដែនតំបន់ការពារបឹងព្រែកល្ពៅ បានលើកឡើងថា ឆ្នាំនេះសត្វក្រៀលបានវិលចូលតំបន់ការពារទេសភាពបឹងព្រែកល្ពៅលឿនជាងឆ្នាំមុន។ លោកបន្ថែមថា នៅដើមខែនេះ ស្ថានភាពទឹកនៅក្នុងតំបន់ការពារបឹងព្រែកល្ពៅ មានសភាពជ្រៅនៅឡើយ ជាហេតុធ្វើឱ្យពិបាកបន្ដិចសម្រាប់ការរកចំណីរបស់ក្រៀល។ 
 
លោក បានបញ្ជាក់ដូច្នេះ៖ « នៅតំបន់យើងសម្រាប់ការរកចំណីរបស់ក្រៀលទាក់ទងចំណីមិនអីទេ ប៉ុន្ដែតំបន់យើងនៅមានការរំខានខ្លះៗ ដោយសារមានពលរដ្ឋមួយចំនួននៅអាស្រ័យផលជិតៗតំបន់ ជាហេតុធ្វើឱ្យម្ដងម្កាលសត្វក្រៀលផ្អើល»។ 
 
បើតាមលោក លឹម វ៉ាត នៅក្នុងតំបន់ការពារខាងលើ មិនទាន់កំណត់ ឬបែងចែកតំបន់អភិរក្សឱ្យបានច្បាស់លាស់ ដែលជាហេតុធ្វើឱ្យក្រុមឧទ្យានុរក្ស ពិបាកក្នុងការធ្វើការងារ ជាពិសេសនៅក្នុងអំឡុងពេលសត្វក្រៀលចុះមករកចំណីនៅក្នុងតំបន់នេះ។ 
 
កន្លងមកក្រុមការងារបានចុះទៅណែនាំពលរដ្ឋពីការអាស្រ័យផល ដោយមិនឱ្យប៉ះពាល់ដល់សត្វ ដែលរស់នៅក្នុងតំបន់នេះ ប៉ុន្ដែពេលខ្លះក៏មានករណីកើតឡើង។ ជាពិសេសការហាមមិនឱ្យចិញ្ចឹមសត្វ ដែលនាំឱ្យប៉ះពាល់ដល់សត្វក្រៀល និងសត្វផ្សេងៗ។ 
 
លោកលើកឡើងបែបនេះ៖ « ភូមិនោះមានយូរហើយ មុនពេលបង្កើតកន្លែងការពារទៅទៀត។ នៅពេលមានភូមិគឺមានមនុស្ស សត្វចិញ្ចឹម គោ ក្របី ឆ្កែ ឆ្មា បើយើងចង់ហាមគាត់មិនឱ្យចិញ្ចឹមក៏ពិបាកដែល។ ជាវិធីសាស្រ្ត យើងបានធ្វើត្រឹមចុះអប់រំ និងបញ្រ្ជាបសារ ដើម្បីធ្វើយ៉ាងណាឱ្យគាត់ទាំងនោះបានចូលរួមជាមួយយើងប៉ុណ្ណោះ»។ 
 
នាយកដែនរងរូបនេះ គិតថា ប្រសិនបើតំបន់ការពារនេះ ត្រូវបានបែងចែកឱ្យបានច្បាស់លាស់ នោះអាចមានភាពងាយស្រួលក្នុងការអភិរក្សជាងបច្ចុប្បន្ន។ 
លោកក៏បានប្រាប់សារព័ត៌មានThmeyThmey25ថា «អាចឆាប់ៗនេះក្រសួងបរិស្ថាននឹងបែងចែកតំបន់អភិរក្ស ដោយសាឯកសារដែលត្រូវការចាំបាច់ ត្រូវបានបញ្ចូលទៅថ្នាក់ជាតិរួចហើយ»៕ 
 

Tag:
 ក្រៀល
  បឹងព្រែកល្ពៅ
  ការងារអភិរក្ស
© រក្សាសិទ្ធិដោយ thmeythmey.com