ជាតិ
ក្រៅពីបំពេញបេសកកម្មរក្សាសន្តិភាព កងទ័ពមួកខៀវកម្ពុជា ក៏បានផ្សព្វផ្សាយវិស័យទេសចរណ៍ដែរ
× ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាទាំងបុរស និងស្រ្តី បានចេញបំពេញបេសកកម្មនៅប្រទេសជាច្រើន។ ក្រៅពីការចូលរួមជួសជុលផ្លូវថ្នល់ កសាងអណ្តូងទឹក ដោះមីន និងពិនិត្យសុវត្ថិភាពតាមដងផ្លូវជូនពលរដ្ឋក្នុងប្រទេសបំពេញបេសកកម្ម កងទ័ពមួកខៀវកម្ពុជាកម្ពុជា ក៏បានរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានៅអន្តរជាតិផងដែរ។
សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដអូនៃបទសម្ភាសដូចតទៅ៖
កងកម្លាំងមួកខៀវកម្ពុជាសរុប ៨០១ ដោយមានយោធិននារី១១៨នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វិកកណ្តាល សាធារណរដ្ឋម៉ាលី សាធារណរដ្ឋលីបង់ និងសាធារណរដ្ឋស៊ូដង់ខាងត្បូង។ ទន្ទឹមនឹងការបំពេញកាតព្វកិច្ចរក្សាសន្តិភាពនេះ កងកម្លាំងមួកខៀវកម្ពុជា ក៏បានចូលរួមផ្សព្វផ្សាយទីតាំងទេសចរណ៍កម្ពុជា ទៅកាន់កងទ័ពមួកខៀវនៃប្រទេសឯទៀតផងដែរ។
នាយឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានលើកឡើងដូច្នេះ៖«គ្រប់ប្រទេស ដែលយើងទៅ យើងយកកាសែតផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ទៅ។ ពេលយើងបុណ្យទានផ្សេងៗ ដូចជា ឯករាជ្យជាតិ បុណ្យចូលឆ្នាំខ្មែរ យើងចាក់វីដេអូមានប្រាសាទអង្គរជាដើមឱ្យគេមើល»។
បេសកកម្មនៅប្រទេសនីមួយៗ យ៉ាងហោចណាស់មាន៥០ប្រទេស និងចម្រុះជាតិសាសន៍ នៅទីតាំងបេសកកម្មតែមួយ។ ហេតុនេះ នៅពេលមានការរៀបចំពិធីបុណ្យទានតាមប្រពៃណីខ្មែរ ទីបញ្ជាការនៃប្រទេសផ្សេងៗនៅជិតទីបញ្ជាការកម្ពុជា តែងមកចូលរួម ភ្លក់ម្ហូបខ្មែរ រាំលេងកម្សាន្តជាមួយកងទ័ពខ្មែរ។
«ទេសចរមួយចំនួនគាត់ចាប់អារម្មណ៍ គាត់មកលេងស្រុកយើង មិនត្រឹមតែមកលេង គាត់សុំរៀនភាសាយើងទៀត ដោយមួយអាទិត្យ យើងបង្រៀនគាត់មួយម៉ោង ដូចជា សួស្តី ជម្រាបសួរ ទៅណា សុខសប្បាយទេ គាត់រៀនពីយើងច្រើន»។ នេះជាការលើកឡើងបន្ថែមអំពីសកម្មកងទ័ពមួកខៀវកម្ពុជារបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕
Tag:
បេសកកម្មរក្សាសន្តិភាព
អង្គការសហប្រជាជាតិ
កងទ័ពមួកខៀវកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com