សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិក និង EU ពិចារណាដាក់ពន្ធបរិស្ថានលើដែកថែបនិងអាលុយមីញ៉ូមរបស់ចិន
08, Dec 2022 , 9:29 am        
រូបភាព
រូបភាពពី Bloomberg ។
រូបភាពពី Bloomberg ។
កិច្ចព្រមព្រៀងដែលពាក់ព័ន្ធរវាងអាមេរិក និងសហភាពអឺរ៉ុបជុំវិញការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន  ត្រូវបានគេលើកយកមកពិភាក្សាឡើងវិញ ហើយមានគោលបំណងដាក់ពន្ធបរិស្ថានទៅលើប្រទេសចិន ដែលជាប្រទេសផលិតដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកបំពុលធំបំផុតមួយបន្ទាប់ពីអាម៉េរិក។



អាម៉េរិក និងសហភាពអឺរ៉ុប (EU) កំពុងពិចារណាដាក់ពន្ធថ្មីលើអាលុយមីញ៉ូម និងដែកថែបរបស់ចិន ដែលជាការផ្លាស់ប្តូរមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជាមួយនឹងការបំភាយកាបូន ក៏ដូចជាការផលិតលើសចំណុះនៃឧស្សាហកម្មអាលុយមីញ៉ូម និងដែកថែប។ 
 
ការផ្លាស់ប្តូរនេះក៏ជាវិធីសាស្រ្តថ្មីមួយរបស់ដៃគូទាំងពីរក្នុងការសម្រេចបាននូវគោលដៅអាកាសធាតុរបស់ពួកគេផងដែរ ដោយសារតែឧបករណ៍ពន្ធនេះ ត្រូវបានគេប្រើប្រាស់ជាយូរមកហើយនៅក្នុងជម្លោះពាណិជ្ជកម្ម។ ព័ត៌មាននេះភ្លាមៗបានជួយឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាលុយមីញ៉ូម និងដែកថែបនៅសហរដ្ឋអាម៉េរិកបានកើនឡើងយ៉ាងខ្លាំង។
 
បើតាមសារព័ត៌មាន Bloomberg គំនិតនៃការដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែបរបស់ចិន ត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ហើយនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំនៅឡើយ ហើយមិនទាន់ត្រូវបានស្នើជាផ្លូវការនោះទេ។ 
 
អ្នកវិភាគបាននិយាយថា ផែនការដាក់ពន្ធនេះទំនងជានឹងធ្វើឱ្យមានភាពល្អក់កកររវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ជាពិសេសនៅពេលដែលភាគីទាំងពីរបានសន្យាសហការលើការប្រែប្រួលអាកាសធាតុនោះ។ 
 
កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក្នុងការលើកកម្ពស់ពាណិជ្ជកម្មទាក់ទងអាកាសធាតុត្រូវបានចាប់ផ្តើមជាលើកដំបូងនៅក្នុងខែតុលា ឆ្នាំ២០២១ គឺនៅពេលដែលភាគីទាំងពីរបានដោះស្រាយជម្លោះលើពន្ធដែក និងអាលុយមីញ៉ូមដែលដាក់ដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដោយហេតុផលសន្តិសុខជាតិ។
 
បើតាមប្រភពដដែល ប្រទេសមួយចំនួនផ្សេងទៀតបានបង្ហាញពីបំណងចង់ចូលរួមក្នុងការពិភាក្សាលើបញ្ហានេះ ប៉ុន្តែកិច្ចព្រមព្រៀងពន្ធថ្មី ទំនងនឹងមិនពង្រីកសមាជិកភាពនៅដំណាក់កាលដំបូងឡើយ។ នេះមានន័យថា អាលុយមីញ៉ូម និងដែកដែលនាំចូលពីប្រទេសជប៉ុន និងប្រទេសដទៃទៀត ចូលទៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុប អាចនឹងត្រូវទទួលពន្ធថ្មី។ 
សម្រាប់រដ្ឋបាលលោក បៃឌិន វាគឺជាកិច្ចព្រមព្រៀងពន្ធគយដំបូងគេដែលត្រូវពិភាក្សា ហើយនឹងក្លាយជាធាតុផ្សំនៃអ្វីដែលសេតវិមានបានពិពណ៌នាថាជាគោលនយោបាយពាណិជ្ជកម្មតម្រង់ទិសកម្មករ ដោយផ្តោតលើការការពារឧស្សាហកម្ម និងកម្មករទាំងនៅអាម៉េរិក៕
 

Tag:
 ចិន ពន្ធបរិស្ថាន អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com