ជាតិ
សង្គមជាតិ
មន្រ្តីខុទ្ទកាល័យ ជំនួយការ និងក្រុមលេខារបស់នាយករដ្ឋមន្រ្តី បានឡើងឋានៈព្រមៗគ្នា លោក ដួង តារា ជំនួយការម្នាក់របស់សម្តេច ហ៊ុន សែន ថតជាមួយសម្តេច កន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់លោក)។
× មន្រ្តី៣ផ្នែក ដែលនៅជិតខ្លួនសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ផ្នែកខុទ្ទកាល័យ ផ្នែកជំនួយការ និងផ្នែកលេខា ត្រូវបានព្រះមហាក្សត្រ ដំឡើងឋានៈដល់ពួកគេ តាមរយៈព្រះរាជក្រឹត្យ៣ដាច់ដោយឡែកពីគ្នា ដែលព្រះអង្គ ទ្រង់ចេញ ក្នុងថ្ងៃតែមួយ គឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ទៅតាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី។
ផ្នែកខុទ្ទកាល័យ៖
នាយករង៥នាក់នៃខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី រួមមាន លោក ហ៊ុន ម៉ានិត លោក ឈីវ យីស៊ាង លោក ប៉ាន់ខែម ប៊ុនថន លោក ស្នាត សុភាព និងលោក ហាក់ សុខហៃ ត្រូវដំឡើងឋានៈឲ្យស្មើ «រដ្ឋមន្រ្តី»។ ពីមុន លោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទី២របស់សម្តេចនាយករដ្ឋមន្រ្តី មានឋានៈស្មើត្រឹមរដ្ឋលេខាធិការ។
ផ្នែកជំនួយការ៖
ជំនួយការ១១នាក់របស់សម្តេចនាយករដ្ឋមន្រ្តី បានឡើងឋានៈស្មើចាប់ពី «អគ្គនាយក» ដល់ស្មើ «រដ្ឋលេខាធិការ»។ ឋានៈរបស់ពួកគេ គឺ ៥នាក់ រួមមាន លោក ដួង តារា លោក ហូ វង្សវឌ្ឍនៈ លោក រស្មី ឧត្តម លោក ហាក់ ចាន់រឿន និងលោក អ៊ូច ឌីណា មានឋានៈស្មើរដ្ឋលេខាធិការ ៥នាក់ទៀត មានឋានៈស្មើអនុរដ្ឋលេខាធិការ ហើយម្នាក់ចុងក្រោយ មានឋានៈស្មើអគ្គនាយក។
ក្នុងចំណោមជំនួយការទាំង១១នាក់ខាងលើ លោក ដួង តារា ហាក់ត្រូវគេស្គាល់ជាងគេ ហើយគេ ក៏ឃើញសកម្មភាពផ្សេងៗរបស់លោក លើបណ្តាញសង្គមច្រើនជាងគេដែរ។ ពីមុន ឋានៈរបស់លោក ស្មើអនុរដ្ឋលេខាធិការ។
ផ្នែកលេខា៖
សមាជិកក្រុមលេខាដល់ទៅ៣៥នាក់របស់សម្តេចនាយករដ្ឋមន្រ្តី ទទួលបានការដំឡើងឋានៈឲ្យស្មើចាប់ពី «អគ្គនាយក» ដល់ស្មើ «អនុរដ្ឋលេខាធិការ»។ អ្នកដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ មាន៧នាក់ គឺ លោក ហួត ពៅ លោក រង់សូវង្ស គណិត លោក វង្ស រិទ្ធា លោក គ្រុយ សេងហ៊ត លោក ហាក់ សុទ្ធា លោក ប៊ុនប៉ា ម៉ារីលុច និងលោកស្រី ហែម យ៉ានី ឯអ្នកដែលមានឋានៈស្មើអគ្គនាយក មាន២៨នាក់ទៀត៕
Tag:
ហ៊ុន សែន
ខុទ្ទកាល័យ
ជំនួយការ
លេខា
ដំឡើងឋានៈ
© រក្សាសិទ្ធិដោយ thmeythmey.com