ជាតិ
សង្គមជាតិ
ឡានសាំយ៉ុង២គ្រឿងដែលដឹកឈើខុសច្បាប់ ត្រូវដុតកម្ទេចចោល
08, Dec 2022 , 10:26 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុក៖ GRK News
រូបពីទំព័រហ្វេសប៊ុក៖ GRK News
ដូចការប្រកាស រថយន្តសាំយ៉ុងកែច្នៃ២គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងការដឹកឈើដោយខុសច្បាប់ ត្រូវកងរាជអាវុធហត្ថ ចាប់បាន និងយកទៅដុតកម្ទេចចោល នៅទីវាល១កន្លែង ក្នុងខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។ ទំព័រហ្វេសប៊ុក GRK News ផ្សាយថា ការដុតកម្ទេចរថយន្តសាំយ៉ុងទាំង២គ្រឿងនេះ គឺធ្វើទៅតាមបញ្ជារបស់លោកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ។

 
សេចក្តីប្រកាសព័ត៌មាន ដែលចេញដោយអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី២ ខែធ្នូ  បានឲ្យដឹងថា សមត្ថកិច្ច ចាប់បានរថយន្តសាំយ៉ុងទាំង២គ្រឿងនេះ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកនាំពាក្យប្រកាសប្រាប់សាធារណជនក្នុងសេចក្តីប្រកាសព័ត៌មានថា រថយន្តទាំង២គ្រឿងនេះ ត្រូវដុតកម្ទេចចោល។ 
 
ជាមួយគ្នា អ្នកនាំពាក្យ អះអាងថា គណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ រាល់មធ្យោបាយ ដែលដឹកឈើដោយគ្មានលិខិតអនុញ្ញាតតាមច្បាប់ នឹងត្រូវបំផ្លាញចោល ដើម្បីលុបបំបាត់ឧក្រិដ្ឋព្រៃឈើ ហើយដើម្បីរក្សាព្រៃឈើឲ្យនៅគង់វង្ស។
 
សូមបញ្ជាក់ថា កន្លងមក គណៈកម្មការជាតិដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ ធ្លាប់ព្រមានរួចមកហើយ ពីការកម្ទេចចោលគ្រប់មធ្យោបាយ បើសមត្ថកិច្ចចាប់បាន ហើយរកឃើញថា រាល់មធ្យោបាយទាំងនោះ ត្រូវបានប្រើប្រាស់ក្នុងការដឹកឈើដោយខុសច្បាប់៕
 
 
 

Tag:
 ព្រៃឈើ
  កម្ទេចមធ្យោបាយដឹកឈើ
© រក្សាសិទ្ធិដោយ thmeythmey.com