ជាតិ
ព័ត៍មានសុខភាព
សុខភាព
ក្រសួង សម្រេចបិទមន្ទីរសម្រាកព្យាបាល «ដើមអង្ក្រង» ជាផ្លូវការ
× ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតអាជ្ញាបណ្ណមន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្ក្រង ជាផ្លូវការ ក្រោយមានករណីព្យាបាលខុសបច្ចេកទេសលើស្ត្រីម្នាក់រំលូតកូនដែលស្លាប់ក្នុងផ្ទៃ។ ស្ត្រីរំលូតកូននោះ កំពុងសម្រាកព្យាបាលនៅមន្ទីរកាល់ម៉ែត។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសម្រេចបិទមន្ទីរសម្រាកព្យាបាល ដើមអង្ក្រង នេះ ដោយសារការប្រើប្រាស់បុគ្គលិកគ្មានការបណ្ដុះបណ្ដាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងការផ្លាស់ប្ដូរទីតាំង ដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។
លិខិតដែលបានចុះហត្ថលេខាដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី៨ ធ្នូ នេះ បានសង្កត់ធ្ងន់ថា៖«ចំពោះអ្នកទទួលខុសត្រូវ និងម្ចាស់មន្ទីរសម្រាកព្យាបាល ដើមអង្ក្រង និងអ្នកដែលប្រព្រឹត្តខុសនឹងក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខុសបច្ចេកទេសក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
កាលពីថ្ងៃទី១០វិច្ឆិកា ស្ត្រីរងគ្រោះបានរំលូតកូនដែលស្លាប់ក្នុងផ្ទៃ ហើយកូននោះមានអាយុ១៨សប្ដាហ៍នៅពេទ្យដើមអង្ក្រង។ លុះដល់ថ្ងៃទី២២វិច្ឆិកា ស្ត្រីរងគ្រោះ បានទៅពេទ្យដដែលម្ដងទៀត ព្រោះមានសញ្ញា មិនស្រួលក្នុងខ្លួន ហើយពិនិត្យឃើញមានសល់កំទេចសុកក្នុងស្បូន។ បន្ទាប់ពីព្យាបាល លើកទី២ហើយ ស្ត្រីរងគ្រោះមានអាការៈធ្ងន់ធ្ងរ ខាងក្រុមមន្ទីរពេទ្យ ក៏បញ្ជូនស្ត្រីនោះទៅ ព្យាបាលនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រាជធានីភ្នំពេញ។ ក្រោយមកសាច់ញាតិអ្នកជំងឺ ក៏បានបញ្ជូនទៅព្យាបាលនៅវៀតណាម ហើយក៏បញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតវិញ។
© រក្សាសិទ្ធិដោយ thmeythmey.com