អន្តរជាតិ
EU បញ្ជូនសំណុំរឿងបញ្ហាប៉ាតង់ជាមួយចិន និងជម្លោះចិន-លីទុយអានីទៅ WTO
08, Dec 2022 , 12:19 pm        
រូបភាព
ទីស្នាក់កណ្ដាលគណៈកម្មកាអឺរ៉ុប។ រូបថត Xinhua
ទីស្នាក់កណ្ដាលគណៈកម្មកាអឺរ៉ុប។ រូបថត Xinhua
គណៈកម្មការអឺរ៉ុប នៅថ្ងៃទី៧ ខែធ្នូបានស្នើសុំបង្កើតក្រុមប្រឹក្សាវិនិច្ឆ័យនៅអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) ខណៈដែលបញ្ហាប៉ាតង់ជាមួយចិន និងបញ្ហាដែលចិនហាមឃាត់ការនាំចូល​របស់លីទុយអានីដោយមិនមានការបញ្ជាក់ មិនអាចដោះស្រាយចេញតាមរយៈជំនួបទ្វេភាគី។

 
ជម្លោះពាណិជ្ជកម្មពីរករណីជាមួយចិនត្រូវធ្លាក់ដល់ដៃ WTO។ ករណីទីមួយនោះគឺ ការចោទ​ចិន​លើ​ការរឹតបន្តឹងសិទ្ធិរបស់ក្រុមហ៊ុនសហភាពអឺរ៉ុប (EU) ក្នុងការប្រើ​ប្រាស់​តុលាការ​បរទេស​ដើម្បី​ការពារ​ប៉ាតង់បច្ចេកវិទ្យាខ្ពស់ និង ករណីទីពីរនោះគឺ ការហាមឃាត់ការនាំចូលរបស់​លីទុយអានី​ដោយ​មិន​មានការបកស្រាយច្បាស់លាស់។ 
 
EU អះអាងថា ករណីទាំងពីរនេះធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អាជីវកម្មអឺរ៉ុប និងការរំខានដល់​ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុង EU។ គណៈកម្មការអឺរ៉ុបបានស្នើសុំជាផ្លូវការ​ក្នុង​ការ​ប្រឹក្សា​ជាមួយចិននៅ WTO លើបញ្ហានេះ ដែលជាជំហានដំបូងក្នុងកា​រ​ដោះស្រាយ​បញ្ហា​ក្នុង​កម្រិត​អង្គការ​អន្តរជាតិ។ យ៉ាងណាមិញ ដំណាក់កាលប្រឹក្សាបែបនេះ មិនងាយនឹងដោះស្រាយ​បញ្ហា​បាន​នោះទេ។
 
ជុំវិញរឿងនេះ ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា នឹងដោះស្រាយជម្លោះពាណិជ្ជកម្មរបស់ EU ស្របតាមនីតិវិធីដោះស្រាយវិវាទរបស់ WTO។
សំណើរបស់គណៈកម្មការខាងលើកើតឡើងស្របពេលដែល EU ត្រួតពិនិត្យជំហររបស់ខ្លួនចំពោះចិន ខណៈមើលឃើញថា ចិនជាដៃគូប្រកួតប្រជែងជាងដៃគូសហការ។ 
 
គួររំលឹកថា ទំនាក់ទំនងពាណិជ្ជកម្មរវាង EU និងចិនរឹតតែអាក្រក់ទៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយនេះខណៈពេលដែលតុលាការចិនបានចេញដីការរារាំងក្រុមហ៊ុនអឺរ៉ុបពីការស្វែងរកសំណង​ទាក់​ទងកម្មសិទ្ធិបញ្ញាស្ដង់ដារនៅតុលាការអឺរ៉ុប និងតុលាការផ្សេងទៀតក្រៅពីតុលាការចិន។ បន្ថែមពីនេះ វត្តមានស្ថានទូតកោះតៃវ៉ាន់នៅលីទុយអានីក៏ជារឿងមួយទៀតដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគី​កាន់​តែ​ពិបាកដោះស្រាយផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com