ជាតិ
សហគ្រាស គ្រឹះស្ថាន ត្រូវចុះបញ្ជី ប.ស.ស ឲ្យបានទាន់ពេល ៣០ថ្ងៃ ក្រោយដំណើរការ
08, Dec 2022 , 7:59 pm        
រូបភាព
រោងចក្រកាត់ដេរ។ រូបដោយ លោក វណ្ណា
រោងចក្រកាត់ដេរ។ រូបដោយ លោក វណ្ណា
ភ្នំពេញ៖ សហគ្រាស គ្រឹះស្ថាន ទាំងអស់ត្រូវចុះបញ្ជី បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលមានពេលយ៉ាងយូរ៣០ថ្ងៃ ក្រោយបើកដំណើរការ។ ករណីមិនចុះបញ្ជី និងបង់វិភាគទាន នឹងរងការពិន័យ ។

 
សហគ្រាស គ្រឹះស្ថាន ទាំងអស់មាន ត្រូវចុះបញ្ជីនៅ ប.ស.ស​ ទោះបីមានបុគ្គលិកឬកម្មករ តែម្នាក់ក៏ដោយ។ នេះបើតាមច្បាប់ការងារ និងប្រកាសស្ដីពី បញ្ជីកាសហគ្រាស គ្រឹះស្ថាន ដែលបានតម្រូវឲ្យនិយោជក ប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ មានកាតព្វកិច្ចចុះបញ្ជី       សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ក្នុង ប.ស.ស. ដើម្បីទទួល បានការគាំពាររបបសន្តិសុខសង្គម។
 

លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករងនៃ ប.ស.ស។ រូបពី ប.ស.ស
 
ជុំវិញការ ការចុះបញ្ជីគ្រឹះស្ថាន សហគ្រាស នៅ ប.ស.ស លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករង ប.ស.ស បានពន្យល់ពីនីតិវិធីឲ្យដឹងថា យ៉ាងយូរមានពេល៣០ថ្ងៃ ក្នុងការចុះបញ្ជីសហគ្រាស គ្រឹះស្ថាន ក្រោយចាប់ផ្ដើមបើកសហគ្រាស​ គ្រឹះស្ថាន។ ការចុះបញ្ជី គឺត្រូវធ្វើឡើងនៅទីស្នាក់ការ ប.ស.ស ហើយតម្រូវឲ្យមាន ឯកសារបញ្ជីកាសហគ្រាស, គ្រឹះស្ថាន បញ្ជីកាកម្មករនិយោជិត, ប្លង់ទីតាំងតាំងសហគ្រាស គ្រឹះស្ថាន, វិញ្ញាបនបត្របញ្ជីកាពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ជាដើម។ ជាមួយគ្នាដែរ បើទោះជា សហគ្រាស គ្រឹះស្ថាន មានធានារ៉ាប់រងឯកជនរួចហើយ ក៏ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅ ប.ស.ស ផងដែរ។ 
 
ចំពោះការ ការចុះបញ្ជីកម្មករនិយោជិតនៅ ប.ស.ស វិញ គឺភាគីនិយោជកមានពេលយ៉ាងយូ៣ថ្ងៃ បន្ទាប់ពីកម្មករចូលបំពេញការងារ។ ការចុះបញ្ជីកម្មករ តម្រូវឲ្យមាន សលាកប័ត្រព័ត៌មានកម្មករនិយោជិត និងអត្តសញ្ញាណប័ណ្ណសញ្ញាតិ។ 
 
អគ្គនាយករង ប.ស.ស បញ្ជាក់ថា ករណីនិយោជកពុំបានបង់ភាគទាន នៅ ប.ស.ស ពួកគេនឹងខាងបង់ប្រយោជនជាច្រើន ក្នុងការថែទាំកម្មកររបស់ខ្លួន ពោលគឺកម្មករពុំទទួលបានផ្នែកថែទាំសុខភាព និងហានិភ័យការងារ។ លោកពន្យល់លម្អិតថា ប្រាក់និង សេវាទាំងនេះ សំខាន់ណាស់សម្រាប់ថែទាំឬតាមដានសុខភាពកម្មករ និងគាំទ្រដល់ការព្យាបាលផ្សេងៗ ក្នុងពេលជួបគ្រោះថ្នាក់ការងារជាយថាហេតុ អំឡុងពេលបំពេញការងារ។ លើសពីនេះ កម្មករឈានដល់វ័យចាស់ជរា ពុំទទួលបានប្រាក់សោធននិវត្តន៍ឡើយ បើសិនជាម្ចាស់សហគ្រាសមិនបង់ឲ្យបានត្រឹមត្រូវ។ 
 
«ក្នុងនាមខ្ញុំ តំណាងឲ្យ ប.ស.ស សូមអំពាវនាវ ដល់និយោជកទាំងអស់ ចុះបញ្ជីសហគ្រា បញ្ជីកម្មករ និងបង់ភាគទាន នៅ ប.ស.ស ឲ្យបានត្រឹមត្រូវ និងគ្រប់គ្រប់គ្នា ដើម្បីកម្មករទាំងទទួលបាន អត្ថប្រយោជន៍ពី ប.ស.ស តាមរយៈផ្នែកទាំងបី មានថែទាំសុខភាព ហានិភ័យការងារ និងសោធនិវត្តន៍»។ នេះជាការអំពាវនាវរបស់ លោក ហេង សុផាន់ណារិទ្ធិ ដោយបន្ថែមថា និយោជកនឹងរងការពិន័យ បើបង់ភាគទាន ឬដាក់​ឯកសារយឺតតាមកាលកំណត់ ដែលនឹងត្រូវពិន័យអន្តរការណ៍ពី ១០ដង ទៅ ៣០ដងនៃប្រាក់ឈ្នួលកម្មករប្រចាំថ្ងៃ និងត្រូវបង់បន្ថែមនូវការប្រាក់ប្រចាំខែតាមអត្រា ១,៥ភាគរយ។
 
ចាប់តាំងពីឆ្នាំ២០០៨មក សហគ្រាសចំនួន១២ បានរងការពិន័យ ព្រោះរាយការណ៍ចំនួនកម្មករនិយោជិតមិនត្រឹមត្រូវ សហគ្រាសមិនបង់ភាគទានចំនួន១ និងមិនចុះបញ្ជីចំនួន១។ ចំនួនការពិន័យនេះ គឺមានតិចតួច ដោយសារមានការយោគយល់ និងការសម្របសម្រួល ដល់ភាគីសហគ្រាស គ្រឹះស្ថានច្រើន។ ការជួយសម្របសម្រួលនេះ គឺក្នុងគោលបំណងឲ្យនិយោជក មានភាពងាយស្រួលក្នុងចូលរួមជាមួយ ប.ស.ស បានច្រើន។ លោក ហេង សុផាន់ណារិទ្ធិ បន្ថែមបែបនេះ។
 
បច្ចុប្បន្ន មានសហគ្រាសកំពុងដំណើរការ១៣ ៩៦៩ កន្លែង ហើយក្នុងនោះមានកម្មករសរុបជាង១លាន៤សែននាក់។ ក្នុងវិស័យកាត់ដេរមានកម្មករជាង៨០ម៉ឺននាក់ ៕ 
 

Tag:
 ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com