FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup កាតា៖ ស៊ុតបញ្ចូលទីគ្នា១៤៨គ្រាប់ ដោយកីឡាករ១១០រូប ក្រោយបញ្ចប់វគ្គ១៦ក្រុម
09, Dec 2022 , 8:29 am        
រូបភាព
ការប្រកួតពានរង្វាន់កីឡាបាល់ទាត់ FIFA World Cup ឆ្នាំ២០២២ បានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយនៅយប់ថ្ងៃទី៩ ខែធ្នូតទៅ។ ឆ្លងកាត់កាតប្រកួតវគ្គចែកពូល រហូតដល់វគ្គ១៦ក្រុមចុងក្រោយ គេបានរកឃើញកីឡាករ១១០រូបអាចរកគ្រាប់ស៊ុតបញ្ចូលទីសរុប១៤៨គ្រាប់ ប៉ុន្តែក្នុងនោះ៣គ្រាប់ជាបាល់ចូលទីខ្លួនឯង (own goal) ដោយកីឡាករ៣រូបផ្សេងគ្នា។



គ្រាប់បាល់ស៊ុតបញ្ចូលទីសរុប១៤៨គ្រាប់បានកើតឡើយ ក្រោយឆ្លងកាត់ការប្រកួត៣២លើក ក្នុងនោះ៤៨ប្រកួតនៅវគ្គសន្សំពិន្ទុ និង៨ប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ។ ១៤៨គ្រាប់ ធ្វើបានដោយកីឡាករ១១០រូប មកពីក្រុមទាំង៣២ផ្សេងគ្នា។
  


ក្នុងចំណោម១៤៨គ្រាប់ មាន៣គ្រាប់ជាគ្រាប់ចូលទីខ្លួនឯង ដែលធ្វើបានដោយខ្សែការពារម៉ារ៉ុក Nayef Aguerd, អ្នកចាំទីអាល្លឺម៉ង់ Manuel Neuer និងខ្សែបម្រើអាហ្សង់ទីន Enzo Fernandez។
 
កីឡាករដែលរកបាន១គ្រាប់ពីព្រឹត្តិការណ៍ World Cup កាតា គិតត្រឹមវគ្គ១៦ក្រុមចុងក្រោយមានចំនួន៨១រូប ឯអ្នកស៊ុតចូលពីរគ្រាប់មាន១៦រូប។ កីឡាករ៩រូប បានស៊ុតចូលទី៣គ្រាប់រៀងខ្លួន លើកលែងតែខ្សែប្រយុទ្ធបារាំង Kylian Mbappe ម្នាក់ប៉ុណ្ណោះដែលកំពុងនាំមុខគេក្នុងនាមអ្នករកគ្រាប់បានច្រើនចំនួន៥គ្រាប់។
 
កីឡាករដែលរកបានពីរគ្រាប់រួមមាន Bruno Fernandes និង Rafael Leao របស់ព័រទុយហ្កាល់, Niclas Fullkrug និង Kai Havertz របស់អាល្លឺម៉ង់, Vincent Aboubakar កាមេរូន, Robert Lewandowski ប៉ូឡូញ, Giorgian de Arrascaeta អ៊ុយរូហ្កាយ, Mehdi Taremi អ៊ីរ៉ង់, Ritsu Doan ជប៉ុន, Ferran Torres អេស្ប៉ាញ, Mohammed Kudus ហ្កាណា, Aleksandar Mitrovic ស៊ែប៊ី, Salem Aldawsari អារ៉ាប៊ីសាអូឌីត, កូរ៉េខាងត្បូង, Andrej Kramaric ក្រូអាស៊ី និង Breel Embolo របស់ស្វ៊ីស។
 
កីឡាករដែលរកបាន៣គ្រាប់រួមមាន Cody Gakpo ហូឡង់, Enner Valencia អេក្វាទ័រ,  Richarlison ប្រេស៊ីល, Olivier Giroud បារាំង, Bukayo Saka  និង Marcus Rashford របស់អង់គ្លេស, Lionel Messi អាហ្សង់ទីន, Alvaro Morata អេស្ប៉ាញ និង Goncalo Ramos ខ្សែប្រយុទ្ធព័រទុយហ្កាល់៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com