ជាតិ
​​​ន​យោ​បាយ​ជាតិ​
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីជ្រោយចង្វា-អរិយក្សត្រ បានព្រមព្រៀងជាផ្លូវការ
09, Dec 2022 , 9:26 am        
រូបភាព
កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើទឹកប្រាក់ជាង១៨០០លានដុល្លារ សម្រាប់សាងសង់ស្ពាន និងពង្រឹងប្រព័ន្ធអគ្គិសនី នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៩ ធ្នូ នាវិមានសន្តិភាព។


 
ឯកសារឥណទានសម្បទានចំនួន២ ដែលភាគីទាំងពីរ ត្រូវចុះហត្ថលេខានោះ រួមមានកិច្ចសម្របសម្រូលក្របខណ្ឌ ស្តីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក១៥០០លានដុល្លារអាម៉េរិក។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាង ហឹងឃ្យង ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ជាអ្នកចុះហត្ថលេខាឯកសារនេះ។
 
ដោយឡែកលោក អូន ព័ន្ធមុន្នីរ័ត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie Chey ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណប្រចាំកម្ពុជា ជាអ្នកចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន២ រួមមាន៖ គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់៧០លានដុល្លារ និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វា, ជ្រោយចង្វា-អរិយក្សត្រ) ដែលមានទឹកប្រាក់២៤៥ ៩០៩ ០០០ដុល្លារអាម៉េរិក។
 
កម្ពុជា ចាត់ទុកឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េ នឹងជួយពន្លឿនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសពង្រឹងទំនាក់ទំនងល្អ ដែលមានស្រាប់រវាងភាគីទាំងពីរ៕
 

Tag:
 សេដ្ឋកិច្ច
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com